អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​សម្រាប់​​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា

ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ​អ៊ីអន AEON បាន​សម្រេច​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​អន្តរជាតិ​ តម្លៃ​២០០​លាន​ដុល្លារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ធ្នូ​នេះ ដោយ​មាន​ការចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ តំណាង​ក្រុមហ៊ុនអ៊ីអន AEON បាន​ថ្លែង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​នេះ​ថា សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ខ្លួនអោយ​បោះទុន​នៅកម្ពុជា ហើយ​ថា ក្រុមគោលដៅ​នៃ​អតិថិជន​របស់​ផ្សារជប៉ុន​ខ្នាត​អន្តរជាតិ​មួយ​នេះ គឺក្រុម​គ្រួសារ​យុវជន​សម័យ​ថ្មី។

គំរូ​ផ្សារ​ទំនើប​ជប៉ុន​ក្នុង​ទីក្រុង​ភ្នំពេញ
គំរូ​ផ្សារ​ទំនើប​ជប៉ុន​ក្នុង​ទីក្រុង​ភ្នំពេញ © RFI
ផ្សាយពាណិជ្ជកម្ម

ការដ្ឋានសាងសង់​ផ្សារ​ទំនើប​អន្តរជាតិ​របស់​ក្រុមហ៊ុន​ជប៉ុនអ៊ីអន AEON បាន​ចាប់​ផ្តើម​ហើយ នៅ​ថ្ងៃ​ចន្ទ​នេះ ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន​ សែន។ ជា​ក្រុមហ៊ុន​ផ្សារទំនើប​អន្តរជាតិ​របស់​ជប៉ុន​ទី​មួយ នៅក្នុ​ងប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​ទុន​ប្រមាណ​២០០លាន​ដុល្លារ ហើយ​ដែល​នឹង​បើក​អោយ​ដំណើរការ នៅដើមឆ្នាំ​២០១៤។

នៅ​ពេល​ដែល​អគារ​ផ្សារទំនើប​មួយ​ចំនួន​ហាក់​មិន​បាន​ទទួល​ជោគជ័យ ក្នុង​ការទាក់ទាញ​អតិថិជន​កម្ពុជា​អោយ​ចូលទៅ​ចាយលុយ​ និង​ទិញ​ទំនិញ នៅ​ក្នុងផ្សារ​ទំនើប​ទាំងនោះ ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន​ជប៉ុន AEON បាន​ពន្យល់ថា ក្រុមហ៊ុន​នេះមាន​គោលដៅ​អតិថិជន​ច្បាស់លាស់។ គឺ​ក្រុម​មនុស្ស​ដែល​មាន​ជីវភាព​ថ្នាក់កណ្តាលដែល​ជាមនុស្ស​សម័យ​ថ្មី​អាយុ​ ​ពី​២០​ឆ្នាំ​ឡើងទៅ។

អគ្គនាយក​ក្រុមហ៊ុន AEON លោក Shinobu Washizawa បាន​ថ្លែង​នៅ​ក្នុង​សន្និសីត​កាសែត​ដែល​មាន​អ្នកកាសែត​ខ្មែរ​និងជប៉ុន​ ​ជាច្រើនចូលរួម​ផងដែរ​ថា អតិថិជន​គោលដៅ​ចំបង​របស់​ផ្សារទំនើប AEON គឺ​​ក្រុម​គ្រួសារ​វ័យ​ក្មេង​ដែល​តំណាង​អោយ​៤០ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប។ ក្រុម​មនុស្ស​នេះ​ហើយ​ដែល​នឹង​ចាប់យក​របៀប​រស់នៅ​បែប​សម័យ​ថ្មី។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន AEON​ លោក Motoya Okada បាន​ពន្យល់​ថា ប្រសិន​បើ​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​ចិត្ត​ដាក់ទុន​នៅ​ក្នុងប្រទេស​កម្ពុជា ក៏​ព្រោះ​តែ​កម្ពុជា​មាន​ស្ថិរភាព សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច។ នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្សារទំនើប លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រាប់​អោយដឹង​ថា ផ្សារទំនើប​ជប៉ុន​មួយ​នេះ​នឹង​ប្រើ​បុគ្គលិក​ជាង​២០០០នាក់ ដែល​នឹង​ផ្តល់​ឱកាស​ច្រើន​ដល់​យុវជន​ខ្មែរ។

ផ្សារ​ទំនើប​អន្តរជាតិ​ទីមួយ​មិន​ទាន់​ប្រាកដ​ទេថា នឹង​មាន​ដំណើរ​យ៉ាងណា​ផង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន AEON បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់លោក​ក៏​មាន​គម្រោង​សាងសង់​ផ្សារទំនើប​ទី​២​ទៀតដែរ ដែល​អាចស្ថិតនៅ​តំបន់​ជាយក្រុង។

គួរ​រំលឹក​ដែរថា ហាង​ទំនិញ​ដែល​មាន​ម៉ាក​ល្បីៗ​ប្រហែល​១៥០​ហាង នឹង​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ជប៉ុន​នេះ។ ហាង​ទំនិញ​ទាំងនោះ​នឹងលក់​ផលិត​ផល​ជប៉ុន ខ្មែរ​ និង​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ