អានតួអត្ថបទ
ជប៉ុន-ចិន

ចិន​ចេញផ្សាយ​សៀវភៅ​សារភាព​របស់​ទាហាន​ជប៉ុន​​ដើម្បី​រំលឹក​នយោបាយ​កងទ័ព​ជប៉ុននៅ​ក្នុង​អតីតកាល​​

ក្រសួងការពារ​ជាតិ​ជប៉ុន នៅថ្ងៃ​សុក្រទី ២៩ សីហា ​បាន​ស្នើ​សុំ​កញ្ចប់​ថវិកា​បន្ថែម​សម្រាប់​ជំរុញ​វិស័យ​ការពារ​ជាតិ នៅ​ចំពោះ​មុខការបង្កើន​សកម្មភាព​យោធាឥតឈប់ឈរ​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងកើត ជាទី ដែល​ជប៉ុន និង​ចិន​ឈ្លោះគ្នា ដណ្តើម​គ្រប់គ្រង​ប្រជុំ​កោះ​សេនកាគូរ ដែល​ចិន​ហៅថា ទៀវយូ។ ទីក្រុង​ប៉េកាំង​វិញ​បាន​រំលឹក​ជប៉ុន​ឲ្យ​នឹក​ទៅ​ដល់​អតីតកាល​​ដ៏​​សោកនាដកម្ម​ដែល​​បង្ក​ឡើង​ដោយ​កងទ័ព​ជប៉ុន នៅក្នុង​ប្រទេស​ចិន និង​នៅ​តំបន់​អាស៊ី នៅសម័យ​សង្រ្គាម​លោក​លើក​ទីពីរ។ 

កប៉ាល់​ល្បាត​របស់​ជប៉ុន​នៅក្បែរ​កោះ Uotsuri កោះមួយ​របស់​ប្រជុំកោះ​សេនកាគូ​ដែល​ជប៉ុន​និង​ចិនឈ្លោះគ្នា​ដណ្តើមធ្វើ​ជា​ម្ចាស់
កប៉ាល់​ល្បាត​របស់​ជប៉ុន​នៅក្បែរ​កោះ Uotsuri កោះមួយ​របស់​ប្រជុំកោះ​សេនកាគូ​ដែល​ជប៉ុន​និង​ចិនឈ្លោះគ្នា​ដណ្តើមធ្វើ​ជា​ម្ចាស់ ©REUTERS/Ruairidh Villar/Files
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៨​សីហា ក្រសួង​គមនាគមន៍​ជប៉ុន​ទើប​បាន​ស្នើសុំ​ដំឡើង​ថវិកា​ទ្វេដងទៅ​រដ្ឋាភិបាល​ ដើម្បី​អាច​បំពាក់សម្ភារៈ និង​ពង្រឹង​សមត្ថភាព​ឆ្មាំ​សមុទ្រ​ដែល​មាន​តួនាទី​យាម​ការពារ​ប្រជុំ​កោះ​សេនកាគូ ដែល​ជប៉ុន​បាន​ទិញ​ចូល​ជា​សម្បត្តិជាតិ កាលពី​ឆ្នាំ ២០១២ ប៉ុន្តែ ដែល​ចិន​ទាមទារ​គ្រប់គ្រង​ជា​ម្ចាស់ នៅក្រោម​ឈ្មោះ​ប្រជុំកោះ​ទៀវយូ។

 
នៅថ្ងៃសុក្រ​​នេះវិញ ក្រសួងការពារ​ជាតិ​ជប៉ុន​ក៏​បាន​ដាក់​ពាក្យ​​ស្នើ​សុំបន្ថែម​​ថវិកា ប្រមាណ​​៤៨ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំក្រោយ ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ ដោយ​ផ្តោត​សំខាន់​ទៅលើ​យុទ្ធសាស្រ្ត​ការពារ​​បណ្តា​កោះ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ជប៉ុន (លាត​សន្ធឹង​​ពី​កោះគ្យូស៊ូ ទៅជិត​កោះ​តៃវ៉ាន់)។ ក្រសួងការពារ​ជប៉ុន​ចង់​បាន​យន្តហោះ Ospreay យន្តហោះ​កូនកាត់ ដែលហោះលឿន​ដូចយន្តហោះ​​ ប៉ុន្តែ អាច​ចុះចត​លឿន​ដូច​ឧទ្ធម្ភាគចក្រ​ យន្តហោះ​ដ្រូន និង​យន្តហោះ​ចម្បាំង​៦​គ្រឿង​ដើម្បី​យាមការពារ​​ដែន​សមុទ្រ​ជប៉ុន។​

ប្រសិន​បើ​រដ្ឋាភិបាល​​យល់ព្រម​តាម​ការស្នើ​សុំ​របស់​ក្រសួងការពារ​ជាតិ​ នោះ​ជា​លើក​ទីបី​ដែល​ក្រសួងមួយ​នេះ​នឹង​បាន​ទទួល​ការដំឡើង​ថវិកា​ជា​បន្តបន្ទាប់ នៅក្នុង​ក្របខ័ណ្ឌ​នយោបាយ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​លោក​ស្ហីនហ្សូ អាបេ (២៣១​ពាន់​លាន​ដុល្លារពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩)។ តាម​រដ្ឋាភិបាល​​លោក​អាបេ ជប៉ុនត្រូវ​ពង្រឹង​វិស័យ​កងទ័ព​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ចិន ដែល​បាន​បង្កើន​ថវិកា​​កងទ័ព​មិន​ឈប់ឈរ។

ចិន និង​ជប៉ុន​បាន​ប្រឈម​មុខ​ដាក់គ្នា​កាន់តែខ្លាំង ដោយសារ​ជម្លោះ​ប្រជុំ​កោះ​សេនកាគូ និង​ដោយសារស្លាក​ស្នាម​ប្រវត្តិសាស្រ្ត​​​ ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយគ្នា។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ប៉េកាំង​ទើប​បាន​ចេញផ្សាយ​កម្រង​ឯកសារ​សារភាព​របស់​ទាហាន​ជប៉ុន៤៥​នាក់​ដែល​តុលាការ​ចិន​បាន​ចាប់ និង​កាត់ទោស​ជា​ឧក្រិដ្ឋជន​សង្រ្គាម​​ នៅក្រោយ​ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើក​ទីពីរ។ ចាប់តំាងពី​ដើម​ខែកក្កដា រដ្ឋបាល​បណ្ណសារ​ជាតិ​ចិន​បាន​ចេញផ្សាយ​ឯកសារ​សារភាព​របស់​ទាហាន​ជប៉ុន​ជារៀងរាល់ថ្ងៃ នៅលើ​ទំព័រ​អ៊ិនធ័រណេត។ តាម​ទីភ្នាក់ងារ​ចិន​ថ្មី សេចក្តី​សារភាព​​របស់​ឧក្រិដ្ឋជន​សង្រ្គាម​ជប៉ុន​ដែលមាន​ប្រមាណ​៦ពាន់​ទំព័រ​ និង​ដែល​និយាយ​ពីសកម្មភាព​សម្លាប់ និង​ដុត​ផ្ទះ​ប្រជាជន​ចិន ត្រូវ​បាន​ចងក្រង​ជា​សៀវភៅ​ ដើម្បី​​រំលឹក​ឲ្យ​គេ​​ចងចាំ​ពី​​​នយោបាយ​កងទ័ព​របស់​ទីក្រុង​តូក្យូ នៅក្នុង​អតីតកាល៕​ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ