អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន​

អ៊ីស្រាអែលសម្លាប់មេទាហានហាម៉ាស៣នាក់

ក្នុង​ប្រតិបត្តិការ​តាម​ប្រម៉ាញ់​មេក្រុម​ហាម៉ាស​ធំៗ​ អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់​មីស៊ីល​ជាច្រើន​គ្រាប់​ នៅ​តំបន់​​ហ្គាហ្សា​ និង​ដែន​ដី​រ៉ាហ្វាប៉ា​ឡេស្ទីន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​ការ​រាយការណ៍​របស់​យោធា​អ៊ីស្រាអែល ប្រតិបត្តិការ​នេះ​បាន​សម្លាប់​មេ​ទាហាន​ហាម៉ាស​បីនាក់។ ទន្ទឹម​គ្នា​នេះ​ដែរ បារាំង ​អង់គ្លេស​ និង ​អាល្លឺម៉ង់ កំពុង​រៀបចំ​រក​ដំណោះ​ស្រាយ​រួម​មួយ​ ដើម្បី​ដាក់​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រេច។

ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បន្ទាប់​ពី​យន្តហោះ​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់មីស៊ីល​​​បាន​​​​ នៅតំបន់ហ្គាហ្សា កាល​ពី​ថ្ងៃ​២១​សីហា​២០១៤
ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បន្ទាប់​ពី​យន្តហោះ​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់មីស៊ីល​​​បាន​​​​ នៅតំបន់ហ្គាហ្សា កាល​ពី​ថ្ងៃ​២១​សីហា​២០១៤ REUTERS/Ahmed Zakot
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២១​សីហា មាន​គ្រាប់​មីស៊ីល​យ៉ាង​ហោច​ណាស់​៩គ្រាប់ ដែល​អ៊ីស្រាអែល​បានបាញ់​ទំលាក់​លើ​តំបន់​ហ្គាហ្សា និង​តំបន់​រ៉ាហ្វា​ ភាគ​ខាងត្បូង​ជាប់​ព្រំដែន​អេហ្ស៊ីប។ នេះ​ជា​ប្រតិបត្តិការ​តាម​ប្រម៉ាញ់​មេក្រុម​ទាហាន​ហាម៉ាស ដែល​អ៊ីស្រាអែល​ហៅ​ថា​ជា​មេក្រុម​ភេរវករ។ ក្នុង​ប្រតិបត្តិការ​នេះ ទាហាន​អ៊ីស្រាអែល​បាន​សម្លាប់​បាន​មេ​ភេរវករ​ហាម៉ាស​សំខាន់ៗ​បីនាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ជា​មេគំនិត​ ក្នុង​ការ​កសាង​ប្រព័ន្ធ​រូងក្រោមដី​នៅ​តំបន់​ហ្គាហ្សា​។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ប្រជាជន​ស៊ីវីល​ប៉ាឡេស្ទីន​ជាង​៣០នាក់​ បាន​ស្លាប់​ផងដែរ។

 
យោធា​អ៊ីស្រាអែល​បាន​អបអរ​សាទរ​ជំពោះ​ជោគជ័យ​នេះ ហើយ​ថា​នឹង​បន្ត​បេសកកម្ម​ប្រម៉ាញ់​ត​ទៅទៀង​ ព្រោះថា​នៅ​មាន​មេធំ​ហាម៉ាស​ម្នាក់ទៀត​ ដែល​អ៊ីស្រាអែល​កំពុង​តាម​សម្លាប់។ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បាន​និយាយថា ការ​តាម​ប្រម៉ាញ់​ពួក​មេក្លោង​ភេរវករ​ គឺ​ជា​ការ​ត្រឹមត្រូវ​ ហើយ​ថា​អ៊ីស្រាអែល នឹង​នៅ​តែ​បន្ត​បេសកកម្ម​នេះ ទោះ​ជា​យូរ​ប៉ុណ្ណា​ក៏ដោយ។ចំណែក​ប្រជាជន​ប៉ាឡេស្ទីន​វិញ មាន​ការ​ក្រេវក្រោធ​កាន់តែ​ខ្លាំងឡើង​ ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ពួក​ហាម៉ាស​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើននាក់  ដោយ​សង្ស័យ​ថា​ជារនុក​ក្នុង​ ក្បត់​ពួក​ហាម៉ាស ​លួច​ផ្តល់​ពត៌មាន​ពី​ទីតាំង​ជំរក​មេ​ទាហាន​ហាម៉ាស​ ឲ្យអ៊ីស្រាអែល។ អ្នក​នាំពាក្យ​ក្រុម​ហាម៉ាសថា អ៊ីស្រាអែល​ត្រូវតែ​សងវិញ​នូវអ្វី​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ថា​ក្រុម​ហាម៉ាស​នឹង​មិន​បាក់ស្លុត​ទឹកចិត្ត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ឡើយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ កំពុង​តែ​រៀបចំ​ដំណោះស្រាយ​រួម​មួយ​ ដើម្បី​ស្វែងរក​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ ដំណោះស្រាយ​រួម​នោះ នឹង​ត្រូវ​ស្នើ​ទៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដោយ​ត្រូវការ​ការ​យល់ព្រម​ជា​ឯកឆន្ទ​ ពី​សំណាក់​ប្រទេស​ជា​សមាជិក​ទាំង១៥។

ការ​ចរចា​ទ្វេ​ភាគី​ដែល​មាន​អេហ្ស៊ីប​ជា​អ្នក​សម្រុះសម្រូល បាន​ជាប់​គាំង ដោយសា​ភាគី​ទាំងពីរ​មិនព្រម​វិល​មក​រក​តុ​ចរចា​ ហើយ​បន្ត​បាញ់​គ្រាប់មីស៊ីល​ដាក់​គ្នា។ ក្នុង​ពេល​នេះ​ដែរ ប្រមុខ​ដឹកនាំ​ប្រទេស​កាតា​ ដែល​ជា​ប្រទេស​តែងតែ​ទំនុកបម្រុង​ក្រុម​ហាម៉ាស បាន​ដឹកនាំ​ការប្រជុំ​មួយ​ រវាង​មេដឹកនាំ​ហាម៉ាស និង​លោក ​ម៉ាហមូដ អាបាស ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ដើម្បី​ស្វែងរក​គោលជំហរ​រួមមួយ​ ប្រឈម​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ