អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វែងយល់​អំពី​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ក្រុម​ប្រទេស ៥+១ ពោលគឺ អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី ដែល​ជា​​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប បូ​ក​ជាមួយ​នឹង​អាល្លឺម៉ង់ ត្រូវជួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ដើម្បី​ជជែក​អំពី​បញ្ហា​នុយក្លេអ៊ែរ។ យើង​សង្កេត​ឃើញ​ថា ការចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ តែងតែ​បាន​បើក​ធ្វើ​ជាច្រើន​លើក​រាប់​មិន​អស់​រួចមក​ហើយ ក៏ប៉ុន្តែ តែងតែ​ត្រូវ​ទទួល​បរាជ័យ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​វិបត្តិ​នុយក្លេអ៊ែរ​នេះ។

អៀរ៉ង់​តែងតែអះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់​តែងតែអះអាង​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​អ្វីទៅ​ជា​បញ្ហា​ចម្រូងចម្រាស ដែល​បង្ក​ទៅជា​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ?

បើ​និយាយ​ឲ្យខ្លី បញ្ហា​នៅត្រង់ថា ប្រទេស​មហាអំណាច​លោកខាងលិច​សង្ស័យ​ថា កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ធ្វើ​ឡើង​ក្នុង​គោលដៅ​​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​នេះ។ ចំណែក​អ៊ីរ៉ង់​វិញ​ អះអាង​ថា កម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ហើយ​ថា អ៊ីរ៉ង់​មាន​សិទ្ធិអភិវឌ្ឍ​​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​អ៊ីរ៉ង់​ជា​ហត្ថលេខី។

ដោយសារ​តែ​អ៊ីរ៉ង់​មិន​ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ ប្រទេស​មហាអំណាច​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ មាន​ទាំង​ទណ្ឌកម្ម​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប និង​ទណ្ឌកម្ម​ជា​លក្ខណៈ​ឯកតោ​ភាគី​ផង។ ​ទណ្ឌកម្ម​ចុងក្រោយ ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​លោក​ខាងលិច​ដាក់​លើអ៊ីរ៉ង់ គឺ​ការ​ហាមឃាត់​ការ​ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់។
 
សំណួរ-នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ មាន​ប្រទេស​ជាច្រើន​ទៀត ដូចជា ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ជាដើម ​ក៏​មាន​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ដែរ ដោយ​គ្មាន​ការហាមឃាត់។ តើ​ហេតុអ្វី​បាន​ជា​គេ​​​ហាម​អ៊ីរ៉ង់?
 
តាមការពិត ពីដំបូង គេ​មិនបាន​ហាម​អ៊ីរ៉ង់​​មិន​ឲ្យ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​នេះទេ។ មាន​ប្រទេស​ខ្លះ ដូចជា រុស្ស៊ី និង​បារាំង ជាដើម មាន​ទាំង​​ធ្លាប់​ជួយ​អ៊ីរ៉ង់​ទៀតផង ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​នេះ។ ក៏ប៉ុន្តែ បញ្ហា​ចាប់ផ្តើម​ផ្ទុះឡើង កាលពីឆ្នាំ​២០០២ នៅពេល​ដែល​គេ​រកឃើញ​ថា អ៊ីរ៉ង់​បាន​លួចមាន​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​សម្ងាត់ ដោយ​លាក់​មិន​ឲ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ដឹង។ នេះ​គឺ​ជា​ការ​រំលោភ​លើ​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ពីព្រោះ​ថា សន្ធិសញ្ញា​នេះ​ចែង​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​សមាជិក​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ក៏ប៉ុន្តែ ក៏​មាន​ចែង​ដាក់​កាតព្វកិច្ច​ផងដែរ តម្រូវ​ឲ្យ​​​ប្រទេស​សមាជិករាយការណ៍​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

ដោយសារ​តែ​អ៊ីរ៉ង់​លួច​មាន​កម្មវិធី​នុយក្លេអ៊ែរ​សម្ងាត់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រទេស​មហាអំណាច​លោកខាងលិច​មាន​ការ​សង្ស័យ​ថា អ៊ីរ៉ង់​មាន​បំណង​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ។
 
សំណួរ-អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាចលោកខាងលិច​បាន​ចរចា​គ្នា​ជាច្រើន​ឆ្នាំមកហើយ ដើម្បី​រកដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ ក៏ប៉ុន្តែ តែងតែ​ទទួលបរាជ័យ​ជាប់រហូត។ តើ​មក​ពី​ហេតុអ្វី? តើ​ភាគី​អ៊ីរ៉ង់​ចង់​បាន​អ្វី? ហើយ​តើ​មហាអំណាច​លោកខាងលិច​ទាមទារ​អ្វី?​
 
អ្វី​ដែល​ប្រទេស​មហាអំណាច​លោកខាងលិច ក៏ដូចជា ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ទាមទារ​ចង់បាន គឺ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​រាល់​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ជា​បណ្តោះ​អាសន្ន ហើយ​បើក​ឲ្យ​ក្រុម​អធិការកិច្ច​នុយក្លេអ៊ែរ​អន្តរជាតិ​ចូល​ទៅ​ត្រួតពិនិត្យ​រាល់​ទីតាំង​នុយក្លេអ៊ែរ​ទាំងអស់​របស់​អ៊ីរ៉ង់។

គេសុខចិត្ត​ឲ្យ​អ៊ីរ៉ង់​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ដើម្បី​ប្រើ​ប្រាស់​ក្នុង​គោលដៅ​ស៊ីវិល ក៏ប៉ុន្តែ គេមិន​ឲ្យ​អ៊ីរ៉ង់​​ធ្វើការ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួនឯង ដោយ​​គេ​ទាមទារ​ឲ្យ​អ៊ីរ៉ង់​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទាំងអស់​ចេញ​ទៅ​ក្រៅ​ប្រទេស។ បារាំង និង​រុស្ស៊ី បាន​សុខចិត្ត​ថា​នឹងយក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទាំងអស់​នេះ​ទៅ​បន្សុទ្ធត្រឹមកម្រិតមួយ​ដែល​អាច​ប្រើ​ប្រាស់​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល​បាន រួចហើយ​​​បញ្ជូន​ទៅ​ឲ្យ​អ៊ីរ៉ង់វិញ។ ក៏ប៉ុន្តែ អ៊ីរ៉ង់​មិន​សុខចិត្ត ដោយ​ទាមទារ​សិទ្ធិ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ផង និង​​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដោយ​ខ្លួនឯង​ផង។
 
សំណួរ-តើ​ការចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​នេះ​មាន​ចំណុច​ពិសេសអ្វី​​ បានជា​ប្រទេស​មហាអំណាច​ទទូច​ទាមទារ​ដាច់ខាត​មិន​ឲ្យ​អ៊ីរ៉ង់​ធ្វើ​បែបនេះ?
 
លក្ខណៈពិសេស​របស់​សកម្មភាព​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ គឺ​នៅត្រង់ថា វា​ជា​ផ្លូវ​បំបែក​មួយ រវាងកម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល និង​​កម្មវិធី​នុយក្លេអ៊ែរយោធា។

ជាទូទៅ អ៊ុយរ៉ាញ៉ូម​​ ដែល​គេ​យក​ពី​រ៉ែ​ក្នុង​ដី មាន​អ៊ីសូតូប​អ៊ុយរ៉ាញ៉ូម​-235 (U235) តែ​ប្រមាណ​ជា ០,៧២%​ប៉ុណ្ណោះ។ សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម អាច​បង្កើន​អ៊ីសូតូប​នេះ​ទៅ​ត្រឹម ៣% ឬ​៤% ដើម្បី​យក​ទៅ​ប្រើ​ក្នុង​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ។ ក៏ប៉ុន្តែ បើ​គេ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​នេះ រហូតទៅដល់​កម្រិត ៩០% គេ​អាច​យក​វា​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន។

ដូច្នេះ ធាតុ​អ៊ុយរ៉ាញ៉ូម ដែល​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ស៊ីវិល និង​​អ៊ុយរ៉ាញ៉ូម​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ គឺ​កើតចេញ​ពី​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ដូចគ្នា។ អ៊ីចឹងហើយ​បាន​ជា​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ជាពិសេស មហាអំណាច​លោកខាងលិច​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្អាក​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​នេះ។
 
សំណួរ-យើងឃើញ​ថា រាល់ការចរចា​​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លើកមុនៗ តែងតែ​ត្រូវ​ទទួលបរាជ័យ។ តើ​ជំនួប​នៅ​ទីក្រុង​ញូវយ៉ក នៅថ្ងៃ​ព្រហស្បតិ៍​នេះ មាន​អ្វី​ខុសប្លែក​ពី​ជំនួបមុនៗ?
 
មកទល់នឹង​ពេលនេះ ដូចជា​មិន​ទាន់ឃើញ​មាន​ភាគី​ខាង​ណា​បង្ហាញ​ពី​ការ​ធ្វើ​សម្បទាន ឬ​សំណើ​ណាមួយ​​​ច្បាស់លាស់ ដែល​ខុស​ពី​ពេល​មុនៗ​​នៅឡើយទេ។ ក៏ប៉ុន្តែ អ្វី​ដែល​ខុសប្លែក គឺ​នៅត្រង់បរិយាកាស​នៃ​ការ​ចរចា និង​​កម្រិត​​មន្រ្តី​ដែល​ចូល​ចរចា។

ការចរចា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើឡើង​ក្នុង​កម្រិត​រដ្ឋមន្រ្តី​ការបរទេស ដែល​ជា​រឿង​មិន​ធ្លាប់​មាន​ទេ​ តាំង​ពី​មុនមក។ បើ​និយាយ​ពី​ទំនាក់ទំនង​អាមេរិក-អ៊ីរ៉ង់​វិញ ចាប់តាំង​ពី​បដិវត្តន៍​​អ៊ីរ៉ង់ ឆ្នាំ​១៩៧៩​មក នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ និង​អាមេរិក​ជួបជជែក​គ្នា​ដោយ​ផ្ទាល់។

បើ​និយាយ​ពី​បរិយាកាស​នៃ​ការចរចា​វិញ យើងឃើញ​ថា តាំងពី​មុន​ពេលចរចា គ្រប់ភាគី​ទាំងអស់​សុទ្ធតែ​បាន​បង្ហាញ​នូវ​ជំហរ​ទន់ភ្លន់​ដាក់​គ្នា​ទៅវិញ​ទៅមក។ លោក​អូបាម៉ា​ក៏​ប្រកាស​ចង់ចរចាដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ីរ៉ង់។ លោក​រ៉ូហានី​ ប្រធានាធិបតី​អ៊ីរ៉ង់ ក៏​ប្រកាសចង់​ចរចា ហើយ​ចង់​​​ចរចាឲ្យ​​ចេញ​ជា​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ ​ក្នុងរយៈពេល ៣ខែ ទៅ​៦ខែ​ទៀត។

តាមការពិត ការចរចា​លើ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ធ្លាប់​ឈាន​ដល់​ដំណោះស្រាយ​ម្តងរួចមកហើយ កាល​ពី​ឆ្នាំ​២០០៣ ដោយ​អ៊ីរ៉ង់​ព្រមព្រៀង​ផ្អាក​សកម្មភាព​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ហើយ​នៅពេលនោះ គឺ​លោក​ ហាសាន់ រ៉ូហានី​នេះ​ឯង ដែលជា​អ្នក​ដឹកនាំ​ចរចា​ខាង​អ៊ីរ៉ង់។ ប៉ុន្តែ ដំណោះស្រាយ​នេះ​ត្រូវ​ជាប់គាំង​ទៅវិញ នៅ​ឆ្នាំ​២០០៥ ក្រោយ​​ពេល​ដែល​លោកម៉ះមូដ ​អះម៉ាឌីនចាត​ ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ