អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​សម្ពោធ​រោងចក្រ​ផលិត​គ្រឿងចំហេះ​នុយក្លេអ៊ែរ​

សារព័ត៌មាន​​អ៊ីរ៉ង់​ជាច្រើន​បាន​ចុះផ្សាយ​នៅថ្ងៃសៅរ៍​នេះ ពី​ការ​សម្ពោធ​រោងចក្រ​​ផលិត​គ្រឿងចំហេះ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មួយ​កន្លែង នៅ​​​ខេត្ត​អ៊ីសស្ប៉ាហាន់ Ispahan ភាគ​កណ្តាល​ប្រទេស។​ ​យោងតាម​​អង្គការ​​ថាមពល​បរមាណូ​អ៊ីរ៉ង់ ​​សកម្មភាព​​រោងចក្រ​នេះ​​ ដើរ​ស្រប​តាម​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​​​​រវាង​អ៊ីរ៉ង់​ជាមួយ​ប្រទេស​មហាអំណាច​៥+១។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Bouchehr នៅ​អ៊ីរ៉ង់។
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Bouchehr នៅ​អ៊ីរ៉ង់។ REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

រោងចក្រ​​ផលិត​គ្រឿង​ចំហេះ​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​ ត្រូវបាន​​បើក​​សម្ពោធ​អោយ​ដំណើរការ​​ ក្នុង​ខេត្តIspahan ​ភាគកណ្តាល​ប្រទេស។ ​រោងចក្រ​​​ត្រូវ​​​​ផលិត​ចំហេះ​នុយក្លេអ៊ែរ សម្រាប់​​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​ស៊ីវិលក្នុង​ប្រទេស។ យោងតាម​​លោក​ អាលី អាក់បា សាឡេហ៊ី ​ជា​ប្រធាន​អង្គការ​ថាមពល​បរមាណូ​អ៊ីរ៉ង់ ​​រោងចក្រ​នេះ​ផលិត​​ឌីអុកស៊ីត​​​អ៊ុយរ៉ានីញ៉ូម​ ​​តិច​ជាង​​៥ភាគរយ ដូច្នេះ គឺ​​ស្របតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ ជាមួយ​ប្រទេស​មហាអំណាច​៥+១។ ​

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បឋម​ក្រុង​ហ្សឺណែវ ​​រវាង​​អ៊ីរ៉ង់​និង​​ប្រទេស​មហាអំណាច​៥+១ មាន​​​អាមេរិក រុស្ស៊ី​ ចិន​ បារាំង​ អង់គ្លេស​និង​អាល្លឺម៉ង់ បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មករា​ដើមឆ្នាំ។ ដើម្បី​​​​​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​​​ ​កិច្ច​ព្រមព្រៀង​នេះ​​​​​​តំរូវ​​អោយ​អ៊ីរ៉ង់ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​​ ​អោយបាន​​តិច​ជាង​៥ភាគរយ។ បើ​លើស​ពី​៥ភាគរយ មាន​ន័យថា ​​ជា​សកម្មភាព​នុយក្លេអ៊ែរ​យោធា មិនមែន​នុយក្លេអ៊ែរ​ស៊ីវិល​ទេ។ គួរ​រំលឹក​ថា ប្រទេស​លោក​ខាងលិច​តែង​សង្ស័យ​ថា អ៊ីរ៉ង់​ចង់ប្រើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដើម្បី​ផលិត​គ្រាប់បែក​បរមាណូ។ កាលពី​ខែ​កក្កដា ​ប្រទេស​​មហាអំណាច​៥+១ បាន​សម្រេច​​ពន្យារ​​​កិច្ច​ព្រមព្រៀង​​​នុយក្លេអ៊ែរ​បឋម​ជាមួយ​អ៊ីរ៉ង់​ ​​៤ខែ​ថែមទៀត។ គ្រប់ភាគី​ចង់​ជជែក​​សម្រេច​អោយបាន​កិច្ចព្រមព្រៀង​ធំ​ចុងក្រោយ​ ដើម្បី​បិទបញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ 

ដោយឡែក ​មុន​ពេល​​បើក​សម្ពោធ​​រោងចក្រ​ផលិត​គ្រឿងចំហេះ​នុយក្លេអ៊ែរ​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា ​​ចង់​បង្កើន​សមត្ថភាព​​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ​អោយ​បាន​កើន​១ជា១០ សម្រាប់​៨ឆ្នាំ​ទៅមុខ​។ ទិសដៅ​គឺ​ដើម្បី​​ផលិត​គ្រឿង​ចំហេះ​ ចាំបាច់​សម្រាប់​មជ្ឈមណ្ឌល​​ Bouchehr។ រុស្ស៊ី​ជា​អ្នក​សាងសង់​មជ្ឈមណ្ឌល​​នេះ​ឡើង។ រុស្ស៊ី​សន្យា​ ផ្តល់​គ្រឿង​ចំហេះ​​ដល់​មជ្ឈមណ្ឌល ​​ក្នុង​​រយៈ​ពេល​៦ឆ្នាំទៀត។ ​ប៉ុន្តែ​ អាមេរិក​និង​អឺរ៉ុប​ចង់​អោយ​អ៊ីរ៉ង់​បន្ថយ​​​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​អោយ​​ថយចុះ​១ជា​៤។ អាមេរិក​និង​អឺរ៉ុប​ប្រាប់អោយ​អ៊ីរ៉ង់​ទៅ​សុំ​គ្រឿង​ចំហេះ​​ពី​រុស្ស៊ី ដូច​ដែល​រុស្ស៊ី​ធ្លាប់​សន្យា​ជួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ