អានតួអត្ថបទ
អ៊ីរ៉ង់

ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់​សំដែង​ការ​គាំទ្រ​ចំពោះ​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​ប្រទេស​មហា​អំណាច​

នៅថ្ងៃពុធ​នេះ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់ អាយ៉ាតូឡា ​អាលី ខាមេណី បាន​បង្ហាញ​ការ​គាំទ្រ​ជាថ្មី​ម្តងទៀត ចំពោះ​កិច្ចពិភាក្សា​សំណុំ​រឿង​នុយក្លេអ៊ែរ​ រវាងអ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​៥+១ ​មាន​អាមេរិក បារាំង អង់គ្លេស រុស្ស៊ី ​ចិន និង​​អាល្លឺម៉ង់។ តំណាង​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១ បាន​បើក​សម័យ​​​ប្រជុំខ្លួន ​ជា​លើកទី៣ នៅថ្ងៃ​ពុធ​នេះ ​នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស។

​ប្រមុខ​ដឹកនាំ​​សាសនា​​អ៊ីរ៉ង់​ Ayatollah Ali Khamenei
​ប្រមុខ​ដឹកនាំ​​សាសនា​​អ៊ីរ៉ង់​ Ayatollah Ali Khamenei REUTERS/Photo d'archives
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ​នេះ​ ​ប្រមុខ​ដឹកនាំ​សាសនា​អ៊ីរ៉ង់ អាយ៉ាតូឡា ​អាលី ខាមេណី បាន​បង្ហាញ​ការគាំទ្រ​​ជាថ្មី​ម្តងទៀត ចំពោះ​ការពិភាក្សា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រវាង​​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១។ លោក​ខាមេណីបាន​​គាំទ្រ​អោយ​ការពិភាក្សា​បន្តធ្វើ។ ប្រមុខ​ដឹកនាំ​សាសនា​រូបនេះ​​​បាន​លើកឡើងថា ប្រទេស​លោក​ខាងលិច​និង​អ៊ីស្រាអែល​បាន​សង្ស័យ​ថា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ​មានបិទបាំង​នូវ​សកម្មភាព​យោធា​ដូច្នេះ ​អ៊ីរ៉ង់​យល់ព្រម​ចរចា​ពី​កម្មវិធី​​នុយក្លេអ៊ែរ​ ​ដើម្បី​​​​​​​កំចាត់ចោល​​​នូវ​​​ស្ថានភាព​​ទាស់ទែងទាំងនេះ។

គួររំលឹក​ថា ប្រទេស​លោក​ខាងលិច​​និង​អ៊ីស្រាអែល​តែង​សង្ស័យ​ថា ​អ៊ីរ៉ង់ចង់​ផលិត​គ្រាប់បែក​​បរមាណូ​តាមរយៈ​​​​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។ នៅថ្ងៃ​ពុធ​នេះ តំណាង​អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​៥+១ ​មាន​អាមេរិក បារាំង អង់គ្លេស រុស្ស៊ី ​ចិន និង​​អាល្លឺម៉ង់ បាន​ជួបចរចា​គ្នា​ក្នុង​សម័យ​ប្រជុំ​លើកទី៣​ នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស ជា​កិច្ចប្រជុំ​ស្តីពី​គម្រោង​កិច្ចព្រមព្រៀង​ចុងក្រោយ​ ដើម្បី​បិទបញ្ចប់​​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ អ៊ីរ៉ង់​និង​ប្រទេស​​មហាអំណាច​បាន​លើកឡើង​​ថា កិច្ចប្រជុំ​ថ្ងៃ​ពុធ​នេះ បានប្រព្រឹត្ត​តាម​ទិសដៅ​ល្អ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​​បាន​សម្រេច​ចេញ​កិច្ច​ព្រមព្រៀង​​បណ្តោះអាសន្ន​មួយ ​ចូលជា​ធរមាន​កាលពី​ខែ​មករា តម្រូវ​អោយ​អ៊ីរ៉ង់​ព្យួរចោល​នូវ​សកម្មភាព​នុយក្លេអ៊ែរ​​មួយចំនួន​ ជា​ការផ្តោះប្តូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពីសំណាក់​សហគមន៍​អន្តរជាតិ។ នៅថ្ងៃ​ពុធ​នេះ ទីភ្នាក់ងារ​​​​ថាមពល​​បរមាណូ​អន្តរជាតិ​ បាន​លើកឡើង​ថា អ៊ីរ៉ង់​បាន​សហការ​ជាមួយ​អ្នកជំនាញ​របស់​ទីភ្នាក់ងារ និង​បាន​​​​ធ្វើសកម្មភាព​សមស្រប​​តាម​កិច្ច​ព្រមព្រៀង​​​បណ្តោះអាសន្ន​​​នេះ។

ដោយឡែក​ ទោះ​ជា​​អ៊ីរ៉ង់​បន្ត​​​កិច្ចចរចា​ជាមួយ​ប្រទេស​មហាអំណាច​ក្តី ​ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ ​អាយ៉ាតូឡា អាលី ខាមេណី បាន​អះអាង​​ប្រាប់​អ្នកវិទ្យាសាស្ត្រ​នានា​​ថា ​​ អ៊ីរ៉ង់​មិន​បញ្ឈប់​​សកម្មភាព​ផ្នែក​​​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍន៍​​នុយក្លេអ៊ែរ​​របស់​ខ្លួន​នោះទេ៕   

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ