អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្តិសុខ​និង​ការ​បង្រួបបង្រួម​ជាតិ​​នៅតែ​ជា​កាតព្វកិច្ច​ចំបង​សម្រាប់​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី​ ហៃដា​ អាល់អាបាឌី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នយោបាយ​អ៊ីរ៉ាក់​ដែល​ជាប់គាំង​ក្រោយការ​បោះឆ្នោត​សភា​​​​​ ជាង​៣ខែមកនេះ​​ ​ពេលនេះ បាន​រក​ឃើញ​​ច្រកចេញហើយ។ ថ្ងៃចន្ទ​​ម្សិលមិញ ​​សម្ព័ន្ធជាតិ​​និកាយ​ស៊ីអ៊ីត​នៅ​សភា​អ៊ីរ៉ាក់ បាន​តែងតាំង​​អនុប្រធាន​សភា គឺ​​លោក​ ហៃដា អាល់-អាបាឌី ​អោយធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ​ បន្ត​ពី​លោក​​នូរី អាល់​ម៉ាលីគិ។ សហគមន៍​អន្តរជាតិ ​អង្គការ​សហប្រជាជាតិ ​​ សហភាព​អឺរ៉ុប អ៊ីរ៉ង់ ​​អាមេរិក បារាំង ​និង​អង់គ្លេស ​បាន​ស្វាគមន៍​ការ​តែងតាំង​​​លោក​អាល់-អាបាឌី។ ​​ប៉ុន្តែ ​នាយក​រដ្ឋមន្ត្រី​ផុតអាណត្តិ​ម៉ាលីគិ​ ​​ដែល​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី៣​ទៀត​​ បាន​បដិសេធ​​មិនទទួលស្គាល់​ការតែងតាំង​នេះ​ទេ ដោយចាត់ទុក​ការតែងតាំង​​​លោក​អាបាឌី ថា​ជា​ទង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ។ ដោយឡែក ​​ថ្ងៃ​អង្គារ​នេះ នៅ​ក្រុង​ព្រុចសែល ​​​សហភាពអឺរ៉ុប​បើក​កិច្ចប្រជុំ​ពី​សន្តិសុខ​អ៊ីរ៉ាក់ ប្រឈម​នឹង​ការ​​វាយលុក​របស់​ក្រុម​ជីហាត។

លោក Haïdar al-Abadi (ឆ្វេង) ត្រូវបាន​ប្រធានាធិបតី​អ៊ីរ៉ាក់​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី
លោក Haïdar al-Abadi (ឆ្វេង) ត្រូវបាន​ប្រធានាធិបតី​អ៊ីរ៉ាក់​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី REUTERS/Ahmed Saad
ផ្សាយពាណិជ្ជកម្ម

លោក​ ហៃដា អាល់បាឌី​ ជាអ្នកណា?

លោក​ហៃដា អាល់បាឌី ​​​អាយុ​ ៦៤ឆ្នាំ ​ជា​​អ្នកនយោបាយ​​ស្ហ៊ីអ៊ីត ជា​តំណាងរាស្ត្រ​ ​​​មកពី​គណបក្ស​​ដាវ៉ា ​​​របស់​​​​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​​​ម៉ាលីគិ។ មុន​នឹង​លោក​ជាប់ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី ​លោកអាល់-​អាបាឌី ​​ត្រូវបាន​​​តែងតាំង​ កាលពី​ខែកក្កដា ​អោយ​​ធ្វើ​ជា​អនុប្រធានសភា។ លោកក៏​​​ធ្លាប់​ធ្វើជា​​រដ្ឋមន្ត្រី​​ផ្នែក​ទំនាក់ទំនង ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​ដែរ។ ​ដូច​ជា​​លោក​ម៉ាលីគិ និង​​អ្នកនយោបាយ​​​អ៊ីរ៉ាក់​ផ្សេងទៀត​ដែរ ​លោក​អាល់អាបាឌី​ ធ្លាប់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេសច្រើនឆ្នាំ ដើម្បី​គេច​ពី​របប​ផ្តាច់ការ​​​លោក​​សាដាំ ហ៊ូសេន។ ​​លោកអាបាឌី ​​បាន​​រស់នៅ​និង​សិក្សា​​នៅ​អង់គ្លេស និង​ទទួល​​​​សញ្ញាប័ត្រ​​បណ្ឌិត​​​ផ្នែក​វិស្វកម្ម​​​​អគ្គិសនីនិង​អេឡិចត្រូនិក​ ​​កាលពី​​ឆ្នាំ ​១៩៨១ ​នៅ​សកល​វិទ្យាល័យ​​ម៉េនឆេស្តឺ។​ ​​

លោកអាបាឌី​​​ធ្លាប់​ប្រាប់ថា ​ក្នុង​របប​​ផ្តាច់ការ​របស់​​សាដាំ​ហ៊ូសេន ក្នុង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ ​បងប្អូន​ប្រុស​របស់​លោក​ម្នាក់ ​ត្រូវបាន​​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​សម្លាប់ចោល ដោយសារ​តែ​​គាត់នោះ​​ជា​អ្នកនយោបាយ​បក្ស​ប្រឆាំង​​ដាវ៉ា។ ក្នុងនាម​ជា​អ្នកនយោបាយ​​បក្ស​ដាវ៉ា ជាបក្ស​ប្រឆាំង​​សាដាំ​ហ៊ូសេន ​​​នេះ​​ជា​គុណសម្បត្តិ​មួយ​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី ក្នុង​ក្រសែ​ភ្នែក​អាមេរិក និង​សហគមន៍​អន្តរជាតិ ព្រោះ​សហគមន៍អន្តរជាតិ​និង​អាមេរិក​​មិនដែល​​ពេញចិត្ត​​របប​​ផ្តាច់ការ​លោក​សាដាំទេ។ ​

គេមើលឃើញ​ថា ​​លោក​ហៃដា អាបាឌី​ គឺ​ជា​អ្នក​រួសរាយ​​ ​គ្មាន​អំណួត ​ស្និទ្ធស្នាល​នឹង​ដៃគូ​សន្ទានា ជាអ្នក​​ដោះស្រាយ​កិច្ចការ​តាម​ស្ថានភាព​ជាក់ស្តែង។ ​ដូច្នេះ ការ​តែងតាំង​​លោក​អាបាឌី​ជា​នាយករដ្ឋមន្ត្រីថ្មី​នេះ ក៏​ជា​បំណង​របស់​សភា​ដើម្បី​​ធ្វើអោយ​​ប្រជាជន​អ៊ីរ៉ាក់​ធូរស្រាល​ចិត្ត​​ដែរ។​ ថ្វីបើ​​បក្ស​​របស់នាយករដ្ឋមន្ត្រី​​ ​​ម៉ាលីគិ​បានជាប់ឆ្នោត​សភា ​​ថ្ងៃ​៣០មេសាក៏ដោយ​ ក៏​សភា​មិនអាច​​អោយ​លោក​ម៉ាលីគិ​បន្ត​​អាណត្តិ​ទី៣​ទៀតដែរ ព្រោះ​​លោក​ម៉ាលីគិ​តែង​រង​ការ​រិះគន់​ថា ​រើងអើង​​​អ្នកកាន់​និកាយ​ស៊ុននីត ធ្វើអោយ​ប្រជាជន​បែកបាក់គ្នា។ ហេតុនេះ សភា​អ៊ីរ៉ាក់​រើស​លោក​អាបាឌី មកពី​បក្ស​ជាប់ឆ្នោត​​ដដែល អោយ​ធ្វើ​ជា​​​រដ្ឋមន្ត្រី​​ថ្មី​​។ សភា​អ៊ីរ៉ាក់​ប្រហែល​សង្ឃឹម​ថា បុគ្គល​ថ្មី​អាច​នឹង​​​​បិទបញ្ចប់​ការរិះគន់​លើ​រដ្ឋាភិបាល​​ស្ហ៊ីអ៊ីតចាស់​ ​កន្លងមក​បាន។ លោក​អាបាឌី​មានពេល​៣០ថ្ងៃ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

ការរួបរួមជាតិ​នៅ​តែ​​ជា​គន្លឹះ​ចំបង​ក្នុង​ការ​ស្រោចស្រង់​បញ្ហា​សន្តិសុខ
ដោយសារ​​លោក​អាបាឌី​មកពី​បក្ស​របស់​លោក​ម៉ាលីគិ ​​​នយោបាយ​លោក​អាបាឌី​ ​​​ក៏ប្រហែល​​មិនខុស​ពី​លោក​ម៉ាលីគិ​ដែរ។ ​បើ​ទោះ​ជា​​មាន​សញ្ញាប័ត្រ​ខ្ពស់ ដឹងពី​ស្ថានភាព​ក្នុង​ស្រុក ​មាន​គេ​កោតសរសើរ​ច្រើន​ ​ក៏​លោក​អាបាឌី​ត្រូវ​ធ្វើ​យ៉ាងណា​​​​រួបរួម​​គ្រប់​សហគមន៍​​សាសនា​ក្នុងស្រុក បញ្ឈប់​ការរើសអើង​អ្នកកាន់​និកាយ​ស៊ុននីត​​ទៀត។ បើ​មិនដូច្នោះទេ ​ប្រជាជន​និកាយ​ស៊ុននីត​​​​អាច​ចុះចូល​ជាមួយ​ក្រុមជីហាត​ស៊ុននីត ​​ដែល​កំពុង​មាន​​សក្តានុពល​ខ្លាំង​​ក្នុងស្រុក គំរាម​សន្តិសុខ​ជាតិ។ ​

ជនភៀសខ្លួន​កាន់សាសនា​ ​Yésidis (សាសនា​គោរព​ព្រះតែ​មួយ​អង្គ) ​ជាផ្ទាំង​ស៊ីប​របស់​ក្រុមជីហាតនៅ​អ៊ីរ៉ាក់។
ជនភៀសខ្លួន​កាន់សាសនា​ ​Yésidis (សាសនា​គោរព​ព្រះតែ​មួយ​អង្គ) ​ជាផ្ទាំង​ស៊ីប​របស់​ក្រុមជីហាតនៅ​អ៊ីរ៉ាក់។ REUTERS/Ari Jala

 
ជាការពិត​ដែល​​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី​ត្រូវ​ដោះស្រាយ​បញ្ហា​ពុករលួយ ​បន្ត​ពី​អាណត្តិ​ចាស់។ ​​​ ប៉ុន្តែ ​សន្តិសុខ​គឺ​ជា​បញ្ហា​ចំបង ដូច្នេះ មានតែ​ការ​រួបរួមជាតិ ការ​ផ្សះផ្សា​ជាតិទេ ទើប​ជា​គន្លឹះ​​ស្រោចស្រង់​សន្តិសុខ​​ឡើងវិញ។ ​ម្យ៉ាងទៀត អាមេរិក​ក៏ចង់​អោយ​អ៊ីរ៉ាក់​រួបរួមជាតិ​​វិញ​ដែរ។ ប្រធានាធិបតី​អូបាម៉ា​បាន​ទូរសព្ទ​ប្រាប់​លោក​អាបាឌី​ថា បើ​​ចង់អោយ​អាមេរិក​​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ៊ីរ៉ាក់ រដ្ឋាភិបាល​ថ្មី​ត្រូវតែ​​ធ្វើកំណែទម្រង់​នយោបាយ​​អោយ​​ល្អ។ គួរ​បញ្ជាក់​ដែរថា ម្សិលមិញ​ អាមេរិក​បាន​សម្រេច​ផ្តល់​អាវុធ​ជួយ​កងទ័ព​គៀឌីស្តង់អ៊ីរ៉ាក់ ប្រយុទ្ធ​នឹង​ក្រុមជីហាត។ ​ហើយ​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​​ ​​អាមេរិក​បាន​​ប្រតិបត្តិការ​​តាម​ផ្លូវ​អាកាស​កំទេច​ទីតាំង​ក្រុម​ជីហាត ដណ្តើម​យក​ក្រុង​មួយចំនួន​ ​​​នៅ​គៀឌីស្តង់​មកវិញ​។ ដូច្នេះ នយោបាយ​រួបរួមជាតិ​សំខាន់​ណាស់ ដើម្បីអោយអ៊ីរ៉ាក់​​ទទួលបាន​ជំនួយ​ពីបរទេស ស្រោចស្រង់​​បញ្ហា​សន្តិសុខ។ ​ ​​

លោក​ម៉ាលីគិ​មិនពេញចិត្ត​​ការតែងតាំង​​​លោក​អាបាឌី​ជា​នាយករដ្ឋមន្ត្រី​ថ្មី​
លោក​ហៃដា អាល់-អាបាឌី ធ្លាប់​ជា​ជា​អ្នកស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ នូរី ម៉ាលីគិ។ ប៉ុន្តែ ​ជាអ្នក​ស្និទ្ធ​នឹង​ខ្លួន​នោះ​ ​មិន​សំខាន់ទេ ព្រោះ​​​លោកម៉ាលីគិ មាន​មហិច្ឆតា​​បន្ត​អាណត្តិ​ទី៣​ទៀត។ ​ដោយសារ​តែ​អំណាច ​​ ម្សិលមិញ មុនមានការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ ​លោក​​ម៉ាលីគិ​បាន​​​​​ពង្រាយ​កងកម្លាំង​​នៅ​កណ្តាល​ក្រុង​បាកដាត​តែម្តង ​មើលទៅ​ហាក់ដូច​ជា​ចង់​ធ្វើ​សកម្មភាព​រដ្ឋប្រហារ​​អ្វី​មួយ​អញ្ចឹង។ ​លោកម៉ាលីគិ ​ប្រាប់ថា​ចង់ប្តឹង​ប្រធានាធិបតី ​​ហ្វ៊ូអាត ម៉ាស៊ូម ពី​បទ​​រំលោភ​រដ្ឋធម្មនុញ្ញ ​ព្រោះ​លោក​ម៉ាស៊ូម​ចង់​ពន្យារពេល​​​ថែមទៀត ​មុន​ជជែក​ជាមួយ​​បក្ស​នយោបាយ ​​​ពីការ​បង្កើត​រដ្ឋាភិបាល​ថ្មី ​និង​ពីបទ​មិន​​ពិភាក្សា​​បញ្ហា​​​នេះ ​ជាមួយ​​លោកជា​នាយករដ្ឋមន្ត្រី។

លោក​ម៉ាលីគិ​ចោទ​ទៀត​​ថា ការតែងតាំង​លោក​អាបាឌីជានាយករដ្ឋមន្ត្រី​ថ្មី​ ម្សិលមិញ​នេះ​ គឺ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ ​លោក​ម៉ាលីគិ​អួតថា លោក​និង​អ្នកនយោបាយ​បក្ស​​ដាវ៉ា​របស់​លោក​ បាន​ចូលរួម​បង្កើត​​រដ្ឋធម្មនុញ្ញ​ ហើយ​​អាមេរិក​ក៏​គាំទ្រ​រដ្ឋធម្មនុញ្ញ​នេះដែរ។ ​លោក​ម៉ាលីគិ​អួតដូច្នេះ ដើម្បី​ទាក់ទាញ​អាមេរិក​អោយបដិសេធ​មិន​ទទួលស្គាល់​​លោក​អាបាឌី​ជា​នាយករដ្ឋមន្ត្រីថ្មី។ តែ​អាមេរិក​ក៏ដូច​សភា​អ៊ីរ៉ាក់​ដែរ ប្រហែល​មិនចង់​ឃើញ​​លោក​ម៉ាលីគិ​ដែល​រើសអើង​អ្នកកាន់​និកាយ​ស៊ុននីត​ ​​បន្ត​​ដឹកនាំ​ប្រទេស​ទេ។ ប្រធានាធិបតី​​អូបាម៉ា​បាន​ព្រមាន​​មិនចំឈ្មោះ​ ទៅ​លោក​ម៉ាលីគិ​ថា អោយ​ប្រុងប្រយ័ត្ន​ មិនត្រូវប្រឆាំង​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីទេ។ ​ចំណែក​អង្គការ​សហ​ប្រជាជាតិ​​វិញ ​ក៏​បាន​សុំអោយ​កងទ័ព​​ចៀសវាង​លូកដៃ​ចូល​​ក្នុង​កិច្ចការ​​នយោបាយ ក្នុង​ពេល​​កំពុង​ផ្ទេរ​រដ្ឋាភិបាល​​ថ្មី​នេះ។

​​​​សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរជាតិ​​កំពុង​​​រក​ដំណោះស្រាយ​បន្ទាន់​ជួយ​អ៊ីរ៉ាក់
​​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុបបាន​ប្រជុំ​គ្នា​​ថ្ងៃអង្គារ​១២សីហា​ ​ឆ្លើយតប​តាម​​​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​​បារាំង និង​អ៊ីតាលី។ ជា​ការប្រជុំ​​​ផ្តោត​លើ​ប្រធានបទ​សន្តិសុខ ពោល​គឺ​រក​ដំណោះស្រាយ​​ជួយ​អ៊ីរ៉ាក់​ប្រឈម​​នឹង​ក្រុមជីហាត។ ​​ពេលនេះ​ ក្រុមជីហាត​​គ្រប់គ្រង​​តំបន់​​សំខាន់ៗ នៅ​តាម​ខេត្ត​ចំនួន​៥។ អាមេរិក​បាន​ជួយ​វាយប្រហារ​ក្រុមជីហាត​​ តាមផ្លូវ​អាកាស​ក៏​ពិតមែន តែ​អាមេរិក​​ក៏​នៅតែ​មិនអាច​​ជួយដណ្តើម​បាន​ក្រុង​ចាឡាវឡា អោយ​គៀឌីស្តង់​វិញដែរ។ អាមេរិក​ក៏​មិនហ៊ាន​ចូល​ជួយ​អ៊ីរ៉ាក់​តាម​ជើងគោក​ទៀត។ ទន្ទឹម​នេះដែរ ​ក្រុមជីហាត​និកាយ​ស៊ុននីត​​ ​បាន​បន្ត​កាប់​សម្លាប់​​ប្រជាជន​ ​​មកពី​សហគមន៍​សាសនា​​ផ្សេងៗ​។ ​ក្រៅពី​នេះ​ ​ក្នុង​មួយខែៗ​​ ​​ក៏​មាន​​​មនុស្ស​ជាង​១រយនាក់ដែរដែលស្លាប់​ដោយ​ការវាយប្រហារ​ផ្សេងៗ​ ក្នុងស្រុក។ ស្ថានការណ៍​មនុស្សធម៌​កាន់តែ​ធ្លាក់ដុនដាប ជន​ភៀសខ្លួន​ពីហិង្សា​​​​​​​មាន​រាប់សែននាក់។ ពួកគេ​​​​ប្រឈម​នឹង​ភាព​អត់ឃ្លាន នៅ​តាម​ភ្នំ រឺ​ក៏​សីតុណ្ហភាព​​ក្តៅ​ហែងហួសពី​​៥០អង្សារ​ក៏មាន។ អាមេរិក​ បារាំង​និង​អង់គ្លេស​បាន​​ប្រើ​បញ្ជូន​​ស្បៀងអាហារ​ ទៅ​ជួយ​ជនភៀសខ្លួន។
 

​ប្រឈម​នឹង​ស្ថានភាព​ដុនដាប​នៅ​អ៊ីរ៉ាក់​​ពេលនេះ អង្គការ​សហប្រជាជាតិ​កំពុង​តែ​រៀបចំ​​សរសេរ​​គម្រោង​​​​ សេចក្តី​សម្រេចចិត្ត​ ដើម្បី​​​កាត់ផ្តាច់​ស្បៀង​អាហារ​របស់​​ក្រុម​ជីហាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ