អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

លោក​ខាងលិច​ជ្រួលច្របល់​ ដោយសា​រុស្ស៊ី​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន​យ៉ាង​ស្រស់ៗ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ សីហា ប្រទេស​លោក​ខាងលិច ក៏ដូច​ជា​អង្គការ​អន្តរជាតិ​ធំៗ បាន​ចេញ​មក​ធ្វើ​ប្រតិតកម្ម​ជា​បន្ត​បន្ទាប់​ ថ្កោលទោស​រុស្ស៊ី បន្ទាប់​ពី​មាន​ការ​បង្ហាញ​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ថា រុស្ស៊ី​បាន​បញ្ជូន​ទ័ព និង​អាវុធ​ធន​ធំៗ​ ចូល​ក្នុង​ទឹកដី​រុស្ស៊ី។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ថ្លែង​ថា គេ​មិន​អាច​បន្ត​ឈរ​អោបដៃ​មើល រុស្ស៊ី​បញ្ជូន​ទ័ព​ យ៉ាង​គគ្រឹកគគ្រេង​ចូល​ក្នុង​ដី​អ៊ុយក្រែន​បាន​ទៀត​ឡើយ បើសិន​ជាគេ​មិនចង់​ឃើញ​ដែនដី​ភាគ​ខាងកើត​អ៊ុយក្រែន​ ក្លាយ​ជា​ចំណីរ​របស់​រុស្ស៊ី​ដូច​តំបន់​គ្រីម៉េ។

ប្រធានាធិបតីរុស្ស៊ី ពូទីន នៅទីក្រុងមីនស្ក៍ កាលពីថ្ងៃទី​ ២៦ សីហា ២០១៤
ប្រធានាធិបតីរុស្ស៊ី ពូទីន នៅទីក្រុងមីនស្ក៍ កាលពីថ្ងៃទី​ ២៦ សីហា ២០១៤ REUTERS/Alexei Druzhinin/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

កន្លង​មក​ជា​ច្រើន​ខែ​មកហើយ ដែល​អ៊ុយក្រែន បាន​ចោទ​រុស្ស៊ី​ថា​បាន​បញ្ជូន​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​ទៅ​ជួយ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ប៉ុន្តែ​ជា​រៀង​រាល់​លើក ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​របស់​លោក ពូទីន​បដិសេធ​​ម្តងហើយ​ម្តងទៀង។

 
ទោះ​ជា​យ៉ាងណា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ៊ុយក្រែន បាន​បង្ហាញ​នូវ​ភស្តុតាង​ដោយ​ឥត​ប្រកែក​បាន អំពី​វត្តមាន​របស់​យោធា​រុស្ស៊ី​ ក្នុង​ទឹកដី​អ៊ុយក្រែន កំពុងតែ​ជួយ​ប្រយុទ្ធ​ពួក​ឧទ្ទាម។ ជាក់ស្តែង​កាល​ពី​ថ្ងៃពុធ អ៊ុយក្រែន​បាន​អះអាង​ថា​មាន​ក្បួន​រថក្រោះ​របស់​រុស្ស៊ី​ជាង​មួយរយ​គ្រឿង​ បាន​បរ​ក្នុង​ដី​ អ៊ុយក្រែន ឆ្ពោះ​ទៅ​កាន់​ក្រុង​ដូនេតស្ក៍។ ពត៌មាន​នេះ ក៏​ត្រូវបាន​ប្រភព​ពត៌មាន​សម្ងាត់​អាមេរិក អះអាង​ថា​ជា​ការពិត​ ដោយ​មាន​រូបថត​ផ្កាយរណប​ ជា​ភស្តុតាង​ផងដែរ។ ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​ថែម​ទាំង​ចាប់​បាន​ទាហាន​រុស្ស៊ី​ជាច្រើន​អ្នក​ទៀត​ផង។ រុស្ស៊ី​បាន​ឆ្លើយ​តប​មកវិញ​ បែបហី​ថា ទាហាន​ទាំងនោះ​បាន​វង្វេង​ ហើយ​ចូល​ទៅ​ដី​អ៊ុយក្រែន​ដោយ​ច្រឡំ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល ក្រុងNovoazovsk បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី។ មាន​ការ​អះអាង​ពី​គ្រប់​មជ្ឈដ្ឋាន​ថា ពួក​ឧទ្ទាម​គ្មាន​កម្លាំង​ឯណា​ ទៅ​វាយ​ឈ្នះ​លើ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​ទេ បើសិន​ជា​គ្មាន​ជំនួយ​ពី​ទ័ព​របស់​រុស្ស៊ី។ អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប​ដែលហៅកាត់ថា OSCDE និងអង្គការអូតង់ បាន​ប្រជុំ​ដាច់​ដោយឡែក​ពីគ្នា​ជា​បន្ទាន់ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ។ អ្នក​តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ OSCDE បាន​ហៅ​រុស្ស៊ី​ថា​ជា​អ្នក​លេង។ អង្គការ​អូតង់​បាន​ធ្វើការ​សន្និដ្ឋាន​ថា រាល់ថ្ងៃ​នេះ​មាន​ទាហាន​រុស្ស៊ី​ក្នុង​ដី​អ៊ុយក្រែន​ជាង​១ពាន់​នាក់។ ជាមួយ​គ្នា​នេះ​ដែរ អូតង់​ថា​រុស្ស៊ី​បាន​ដាក់​ទាហាន​យ៉ាង​តិច​ ២ម៉ឺន​នាក់​ រាយ​តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន។

លោកស្រី​អង់ហ្គេឡា មែកគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​​បាន​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​ពូទីន​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​រុស្ស៊ី​ចេញ​មុខ​មក​បញ្ជាក់​ការពិត​​ឲ្យ​បាន​ច្បាស់។ លោក​ប្រធានាធិបតី​បារាំង​វិញ​បាន និយាយ​ថា វា​ជា​រឿង​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ បើសិន​ជា​រុស្ស៊ី​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន​ពិត​មែន។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ជួបប្រជុំ​ជា​បន្ទាន់​ដែរ។

ចង់​មិន​ចង់​ពេល​នេះ ការ​ពិត​គេ​ឃើញ​នៅ​នឹង​ភ្នែក​ហើយ ទោះ​បី​ជា​រុស្ស៊ី​ខំ​ប្រកែក​យ៉ាងណា​ក៏ដោយ។ គេ​មិន​ទាន់​ភ្លេច​ទេ​ថា កាល​ពី​វិបត្តិ​នៅ​តំបន់​គ្រីម៉េ រុស្ស៊ី​តែងតែ​ប្រកែក​ជានិច្ច​ ថា​គ្មាន​ទាហាន​រុស្ស៊ី​នៅ​គ្រីម៉េ​ទេ ប៉ុន្តែ​ពីរ​ខែ​បន្ទាប់​ពី​បាន​ត្របាក់​ដែនដី​គ្រីម៉េ​ជា​របស់​ខ្លួន លោក​ពូទីន​បាន​និយាយ​យ៉ាង​រំភើយ​ ថា​ពិត​ជា​មាន​ទាហាន​រុស្ស៊ី​ទៅ​ច្បាំង​ពិត​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ