បារំាង-ស៊ីរី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 12 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 13 តុលា 2012

លោក François Hollande៖«​ប្រធានាធិបតី​ស៊ីរី Bachar ត្រូវតែ​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​លក្ខខណ្ឌ»

បទសម្ភាសន៍​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ជាមួយ RFI France24 និង TV5 Monde ថ្ងៃ​ទី១១ តុលា ២០១២
បទសម្ភាសន៍​របស់​លោក​ប្រធានាធិបតី​បារំាង François Hollande ជាមួយ RFI France24 និង TV5 Monde ថ្ងៃ​ទី១១ តុលា ២០១២
DR

ដោយ គួច គន្ធារ៉ា

មុន​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់ បន្ទាប់​មក​បន្ត​ទៅ​ទីក្រុង​គីនស្ហាសា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ដើម្បី​ចូលរួម​ជំនួបកំពូល​នៃ​ប្រទេស​ប្រើ​ភាសា​បារំាង លោក​ប្រធានាធិបតី​បារំាង François Hollande បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ឲ្យ​វិទ្យុបារាំង​អន្តរជាតិ ទូរទស្សន៍ France 24 និង TV5 Monde។ លោក​ប្រមុខរដ្ឋ​បារំាង​បាន​ថ្លែង​ប្រាប់​ពី​ការ​សម្រេចចិត្ត​របស់​បារំាង​ក្នុង​ការ​បើក​ទំព័រថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​បារំាង និង​ទ្វីបអាហ្រ្វិក។ ក្រៅ​ពី​នេះ លោក François Hollande ក៏​បាន​និយាយ​ពី​ប្រធានរឿង​អន្តរជាតិ​ក្តៅគគុក​មួយ​ចំនួន​រួម​មាន ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ វិបត្តិ​នៅ​ស៊ីរី​ដែល​លោក​ប្រមុខរដ្ឋ​បារំាង​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ស៊ីរី Bachar ត្រូវ​តែ​ចុះចេញ​ពី​តំណែង ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រសាសន៍​របស់​លោក​ប្រធានាធិបតីបារំាង François Hollande ប្រែសម្រួល​ដោយ គួច គន្ធារ៉ា
 

12/10/2012 by គួច គន្ធារ៉ា

 

នៅ​ពេល​ដែល​លោក​ប្រធានាធីបតី​ស៊ីរី Bachar el-Assad ចាកចេញ​ពី​តំណែង​ឆាប់​កាលណា ដំណើរ​ការ​អន្តរកាល​នៅ​ស៊ីរី​អាច​នឹង​ចាប់​ផ្តើម​ភ្លាមៗ​នៅ​ពេល​នោះ។ នៅ​ពេល​ដែល​ជម្លោះ​បន្ត​អូសបន្លាយ​កាន់​តែ​យូរ ហានិភ័យ​ក៏​កាន់​តែ​រីក​ធំ​ខ្លំាង​ដែរ។ ដំបូង គឺ​ការ​ផ្ទុះ​ចេញ​នូវ​សង្រ្គាមស៊ីវិល បន្ទាប់​មក បង្ក​ចេញ​នូវ​ភាព​អនាធិបតេយ្យ​នៅ​ទូទំាង​ប្រទេស រហូត​ដល់​មាន​ការ​ពុះចែក​ប្រទេស​ទៅ​តាម​បក្សពួក​នីមួយៗ។ ខ្ញុំ​សូម​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ស្ថានការណ៍​បែប​នេះ។
 
អ៊ីចឹង​ហើយ​បាន​ជា​ប្រទេស​បារំាង​បាន​ចេញ​មុខ​ជួយ​ឈឺឆ្អាល​មុន​គេ។ តំាង​ពី​ខ្ញុំ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មក បារំាង​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​សម្រាប់​ប្រទេស​ស៊ីរី​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ ?
 
គឺ​បារំាង​នេះ​ឯង ជា​អ្នក​ស្នើ​ឲ្យ​ក្រុមអ្នកប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​ជួបប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ និង​សុំ​ឲ្យ​ពួក​គេ​រៀបចំ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ។
 
គឺ​បារំាង​នេះ​ឯង ជា​អ្នក​ដែល​បាន​និយាយ​មុន​គេ ឲ្យ​មាន​ការ​ជួយ​ការពារ​តំបន់​ដែល​ក្រុមអ្នកប្រឆំាង​រំដោះ​បាន និង​រៀបចំ​ឲ្យ​មាន​ជំនួយមនុស្សធម៌។ យើង​បាន​ធ្វើ​បញ្ហា​នេះ នៅ​ក្នុង​ប្រទេស​ហ៊្សកដានី។ បារំាង​ជា​អ្នក​និយាយ​មុន​គេ​ថា យើង​ត្រូវ​តែ​រួមសហការណ៍​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាជន​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​គេច​ពី​តំបន់​គ្រោះថ្នាក់ ឬ​មួយ​ជនភៀសខ្លួន​អាច​នឹង​ទទួល​បាន​កន្លែង​រស់នៅ​សមរម្យ និង​មាន​លក្ខខណ្ឌ​ល្អ ពិសេស​នៅ​ក្នុង​រដូវ​រងា​ខាង​មុខ។
 
បារំាង​ជា​ប្រទេស​មុន​គេ​ដែល​បាន​និយាយ​ថា យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​បង្ខំ​ឲ្យ​លោក​ប្រធានាធីបតី​ស៊ីរី Bachar el-Assad ចុះ​ចេញ​ពី​តំណែង និង​យើង​ត្រូវ​រក​ដំណោះស្រាយ​សមស្រប​មួយ ដោយ​គិត​ទំាង​ក្រុម​មនុស្ស​ជំនិត​របស់​លោក Assad ផង។
 
ខ្ញុំ​ធ្លាប់​បាន​ឮ​សំណើ​របស់​ប្រទេស​តួកគី​ពាក់ព័ន្ធ​នឹង​លោក​អនុប្រធានាធិបតី​ស៊ីរី។ នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនំា​ស៊ីរី​បច្ចុប្បន្ន, មាន​ឥស្សរជន​ជា​ច្រើន​ដែល​នឹង​អាច​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​អន្តរកាល។ ក៏​ប៉ុន្តែ មិន​ត្រូវ​មាន​ការ​សម្របសម្រួល​ណា​មួយ​ជាមួយ​លោក Bachar el-Assad ទេ៕

 

tags: បារាំង - ស៊ីរី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close