កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 17 សីហា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 17 សីហា 2012

អង្គការ​អន្តរជាតិ​បន្ត​អំពាវនាវ​អោយ​លើកលែង​ការ​ចោទប្រកាន់​មន្ត្រី​អាដហុក

លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អាដហុក ដែល​កំពុង​រងការ​ចោទប្រកាន់​ពី​តុលាការ​ជុំវិញ​ជម្លោះ​ដីធ្លី នៅ​ក្រចេះ
លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អាដហុក ដែល​កំពុង​រងការ​ចោទប្រកាន់​ពី​តុលាការ​ជុំវិញ​ជម្លោះ​ដីធ្លី នៅ​ក្រចេះ
RFI/Channa Siv

ដោយ លាង ដឺលុច

ក្រៅ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​កម្ពុជា អង្គការ​អន្តរជាតិ​នៅ​បរទេស​ក៏​កំពុង​អំពាវនាវ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចោទ​ប្រកាន់​លោក​ចាន់ សុវ៉េត ​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែរ។ សហព័ន្ធ​អន្តរជាតិដើម្បី​​សិទ្ធិមនុស្ស និង​អង្គការ​ពិភពលោក​ប្រឆាំង​​ការធ្វើ​ទារុណកម្មបាន​និយាយ​ថា ការ​បញ្ចប់​ការ​ប្តឹងប្រឆាំង​លោក​ចាន់ សុវ៉េត​នឹង​ក្លាយ​ទៅ​ជា​ការ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​នៅ​កម្ពុជា។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 

17/08/2012

អង្គការ​អន្តរជាតិ​ពីរ​ចុងក្រោយ​នេះ​គឺ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស និង​អង្គការ​ពិភពលោក​​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម។ ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ​ដែល​អះអាង​ជា​អ្នក​អង្កេតការណ៍​​ ដើម្បី​​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្តឹង​ផ្តល់ និង​មិន​អោយ​មាន​សកម្មភាព​រំលោភ​បំពាន​ណា​មួយ​​ប្រឆាំង​លោក​ចាន់ សុវ៉េត​ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ឡើយ។
 
សេចក្តីថ្លែងការណ៍​ត្រូវ​បាន​ផ្ញើ​ទៅ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​ច្រើន​រូប ​រួមមាន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក សុន សួន ឯកអគ្គរាជទូត​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ។
 
មុន​មាន​សេចក្តីថ្លែងការណ៍​ពី​អង្គការ​អន្តរជាតិ​ទាំងពីរ​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ក៏​បាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍រួម​​មួយ​ដែរ ដោយ​ចាត់ទុកថា ការ​ចោទប្រកាន់​មន្ត្រី​ស៊ើបអង្កេត​របស់​អាដហុក គឺ​លោក ចាន់ សុវ៉េត ​គឺ​ជា​ករណី​ធ្ងន់ធ្ងរ​ជាងគេ​បង្អស់​ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​ ក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
 
សេចក្តីថ្លែងការណ៍​រួម​នោះ​សរសេរ​ថា ពួកគេ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់​ក្រោម​​មូលហេតុ​នយោបាយ​ប្រឆាំង​លោក​ចាន់ សុវ៉េត​ ដែល​គ្រាន់​តែ​បាន​បំពេញ​ការងារ​ស្រប​ច្បាប់​របស់​លោក។
 
លោក ចាន់ សុ​វ៉េ​ត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​​ចូល​បំភ្លឺ​នៅ​ថ្ងៃទី២៤ ខែសីហា​ខាងមុខនេះ ពាក់ព័ន្ធ​នឹង​ការផ្តល់​ជំនួយ​ដល់​ជន​សង្ស័យ​ដែល​រដ្ឋាភិបាល​តាម​ចាប់​ខ្លួន​ក្នុង​បទចោទ​ថា​បាន​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ នៅ​ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ ​កាល​ពី​ខែ​ឧសភា៕

tags: កម្ពុជា - ជម្លោះដីធ្លី - តុលាការ - នយោបាយ - សិទ្ធិមនុស្ស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ចូលរួមមតិ

រឿងរ៉ាវទាំងអស់គឺវាចេញមកពីការគ្រប់គ្រង់ខ្សោយរបស់លោកធន សារាយ! អង្គការអាដហុក ធ្វើការលើរឿងសិទ្ធិមនុស្ស ដល់តែគេសម្ភាសន៏ពីរឿងស្រង់ព្រះផុះចេញពីទឹក ក៏លោក សារាយ អនុញ្ញាតិអោយបុគ្គលិកខ្លួនឆ្លើយរឿងស្រង់ព្រះដែរ។ ខ្ញុំក៏ជាបុគ្គលិកសង្គមស៊ីវីលដែរ ខ្ញុំចង់សួរណាស់ថា តើលោក​ សារាយគ្រប់គ្រងបុគ្គលិកបានល្អប៉ុណ្ណា? ហើយរឿងស្រង់ព្រះចេញពីទឹកហ្នឹង ជាអណ្ណត្តិការងាររបស់អង្គការអាដហុកឬយ៉ាងម៉េច? រឿងមួយទៀត គឺបុគ្គលិកនៅតាមសាខាវិញ មិនអនុវត្តតាមគោលការណ៏រក្សាការសម្ងាត់ជូនអតិថិជនរបស់ខ្លួន។ ករណីក្មេងស្រីម្នាក់ ត្រូវគេរំលោភបូក បែរជាបុគ្គលិកអាដហុក ប្រចាំខេត្តកណ្តាល នាំទស្សនាវដ្តីទៅថតឳពុកម្តាយក្មេង និងសសេររឿងក្មេងចុះទស្សនាវដ្តី រហូតធ្វើអោយអ្នកនៅក្នុងភូមិដឹងពីរឿងក្មេងស្រី និងធ្វើអោយគ្រួសារក្មេងស្រីអាម៉ាស់មុខរហូតដល់ចង់សម្លាប់ខ្លួន! ខ្ញុំចង់សួរថា បើរឿងនេះកើតឡើងជាមួយបុគ្គលិកអាដហុក ឬ គ្រួសាររបស់លោក សារាយ តើគេនិងនាំទស្សនាវដ្តីទៅថតផ្ទះ និងសសេររឿងដាក់ក្នុងទស្សនាវដ្តីដែរឬអត់? ទាំងអស់នេះ បញ្ជាក់ពីភាពទន់ខ្សោយរបស់ថ្នាក់ដឹកនាំ ហើយថែមទាំងមិនដឹងថា បុគ្គលិកថ្នាក់ក្រោមរបស់ខ្លួនបានធ្វើទង្វើប្រាសចាកគោលការណ៏សីលធម៏ និងច្បាប់ជាតិ។ ដល់តែពេលរដ្ឋាភិបាល ប្រើច្បាប់ តាំងនាំគ្នាស្រែកថា រដ្ឋាភិបាលគៀបសង្កត់។ ខ្ញុំសុំសូមណូមពរ អោយក្រុមប្រឹក្សាភិបាលរបស់អង្គការអាដហុក ពិនិត្យលើការអនុវត្តការងារ និងការគ្រប់គ្រងបុគ្គលិករបស់អង្គការមួយនេះ ចៀសវាងមានរឿងកាន់តែធំឡើងៗទៅថ្ងៃក្រោយ ហើយអាចធ្វើអោយមានផលប៉ះពាល់ដល់សហគមន៏អង្គការនៅស្រុកខ្មែរ។ បំណងល្អពីពលរដ្ឋខ្មែរម្នាក់ និងជាមន្ត្រីសង្គមស៊ីវិល។ សូមផ្សាយមតិរបស់ខ្ញុំកុំបីខាន ដើម្បីលើកកំពស់សិទ្ធិចូលរួម និងសិទ្ធិបញ្ចេញមតិស្ថាបនា។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close