ការព្រួយបារម្ភស្តីពីសមត្ថភាពរបស់កម្លំាងអាហ្វហ្កានីស្ថាន ក្រោយការដកទ័ពអូតង់

បណ្តារដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសសម្ព័ន្ធមិត្តអូតង់ និងអង្គការអូតង់បានរួមប្រជុំគ្នានៅថ្ងៃពុធ ទី១០ តុលាម្សិលមិញក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ កម្មវត្ថុនៃកិច្ចប្រជុំគឺដើម្បីកំណត់ទិសដៅនាពេលអនាគតក្នុងការជួយគំាទ្រ និងចូលរួមហ្វឹកហ្វឺនកម្លំាងអហ្វហ្កានីស្ថាន នៅក្រោយការដកទ័ពប្រយុទ្ធរបស់អូតង់នាដំណាច់ឆ្នំា ២០១៤ ខាងមុខ។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Leon Panetta បានស្នើឲ្យសមាជិកអូតង់ផ្សេងទៀតបង្កើនថវិកាបន្ថែមសម្រាប់ផ្នែកបង្ហាត់បង្រៀន និងហ្វឹកហ្វឺន។
បើគ្មានអ្វីផ្លាស់ប្តូរទេ កម្លំាងប្រយុទ្ធរបស់អង្គការអូតង់នឹងត្រូវដកចេញពីប្រទេសអាហ្វហ្កានីស្ថាននៅដំណាច់ឆ្នំា ២០១៤ ខាងមុខ។ បន្ទាប់មក តួនាទីការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសនឹងត្រូវផ្ទេរទៅឲ្យកម្លំាងអាហ្វហ្កានីស្ថាន។ តែដំបូង អូតង់ត្រូវតែជួយបង្ហាត់បង្រៀន និងហ្វឹកហ្វឺនកម្លំាងអាហ្វហ្កានីស្ថានជាមុនសិន។ គឺតួនាទីជួយបង្ហាត់បង្រៀន និងការហ្វឹកហ្វឺនកម្លំាងអាហ្វហ្កានីស្ថាននេះហើយដែលជារឿងមួយស្មុគស្មាញ និងក្រពុលមុខរបស់សម្ព័ន្ធមិត្តអូតង់ ក៏ដូចជាអង្គការអូតង់ខ្លួនឯង។ ត្រង់ចំណុចនេះ លោកអគ្គលេខាធិការអូតង់ Anders Fogh Rasmussen ក៏ដូចជាលោករដ្ឋមន្រ្តីការពារជាតិអាមេរិក Leon Panetta បាននិយាយរំលឹកឡើងវិញម្តងទៀតនៅក្នុងកិច្ចប្រជុំនោះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកក៏បានឆ្លៀតអំពាវនាវសម្ព័ន្ធមិត្តទំាងអស់ឲ្យជួយបំពេញបន្ថែមកង្វះខាតក្រុមអ្នកបង្ហាត់បង្រៀន និងក្រុមអ្នកហ្វឹកហ្វឺនកម្លំាងទាហានអាហ្វហ្កានីស្ថាន។ តាមផែនការ អូតង់ត្រូវបង្កើតក្រុមអ្នកបង្ហាត់បង្រៀន និងក្រុមអ្នកហ្វឹកហ្វឺនសរុបទំាងអស់ចំនួន ៤៦០ក្រុម។ តែមកទល់ពេលនេះ នៅខ្វះ ៥៨ក្រុមទៀត។ យោងតាមលោក Leon Panetta ការចូលរួមរបស់ភាគីអាមេរិកំាង គឺមានចំនួនច្រើនជាងសមាជិកដ៏ទៃទៀតឆ្ងាយណាស់។
ម្យ៉ាងវិញទៀត លោករដ្ឋមន្រ្តីការពារជាតិអាមេរិកបានយល់ឃើញថា ការផ្តោះប្តូរក្រុមអ្នកបង្ហាត់បង្រៀន និងក្រុមអ្នកហ្វឹកហ្វឺនរៀងរាល់ ៦ខែម្តងនឹងអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការបង្ហាត់បង្រៀន។ អ្វីដែលលោក Leon Panetta ចង់និយាយនោះ គឺថា ការបង្ហាត់បង្រៀន និងការហ្វឹកហ្វឺនកម្លំាងទាហានអាហ្វហ្កានីស្ថាន ជារឿងមួយយ៉ាងសំខាន់ និងក៏ជាប្រធានបទមួយគួរឲ្យព្រួយបារម្ភដែរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឯកទេសបានកត់សម្គាល់ឃើញថា កម្លំាងអាហ្វហ្កានីស្ថាននៅមិនទាន់អាចធានារ៉ាប់រងសន្តិសុខប្រទេសដោយខ្លួនឯងបានទេ។ ក្នុងសប្តាហ៍នេះទៀត ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ International Crisis Group ក៏បានទាញសញ្ញាអាសន្នជាថ្មីពាក់ព័ន្ធនឹងបញ្ហានេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ