អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​ដែល​មាន​មីស៊ីល​អន្តរទ្វីប

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ មេសា ២០១២ ឥណ្ឌា​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ដោយ​ជោគជ័យ។ នាយករដ្ឋមន្រ្តី​ឥណ្ឌា​ លោក​Manmohan Singhបាន​អបអរ​ការងារ​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត​​ឥណ្ឌា និង​ថា ការងារ​របស់​ពួកគេ​បាន​នាំ​មក​នូវ​មោទនភាព​ក្រៃលែង​ដល់​ឥណ្ឌា។

ឥណ្ឌា​បាញ់​មីស៊ីល​អន្តរទ្វីប​ឈ្មោះ អគ្និ​ទី ៥ នៅ​ម៉ោង​៨ និង​៥​នាទី នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩​មេសា​២០១២ ពី​តំបន់​Orissa
ឥណ្ឌា​បាញ់​មីស៊ីល​អន្តរទ្វីប​ឈ្មោះ អគ្និ​ទី ៥ នៅ​ម៉ោង​៨ និង​៥​នាទី នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩​មេសា​២០១២ ពី​តំបន់​Orissa © REUTERS
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​បាន​បាញ់​មីស៊ីល​ឈ្មោះ​អគ្និ ទី ៥ មាន​ន័យថា ភ្លើង។ វា​មាន​កំពស់ ១៧ម៉ែត្រ និង​មាន​ទម្ងន់​ជាង​៥០​តោន។ តាមអ្នកជំនាញ​ឥណ្ឌា មីស៊ីល​បាន​ហោះ​តាម​គន្លង ទៅ​តាម​ការគូសទុក គឺ​ក្នុង​ចម្ងាយ ៥០០០​គីឡូម៉ែត្រ ដោយ​ទៅធ្លាក់​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា នៅជិត​កោះ​ឥណ្ឌូនេស៊ី។ នេះ​ជា​លើក​ទីមួយ ដែល​ឥណ្ឌា​បាញ់​សាកល្បង បាន​សម្រេច កាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​របស់ខ្លួន។ កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន ឥណ្ឌា​ទើប​បាន​សម្រេច​បាញ់​សាកល្បង​មីស៊ីល​អគ្និ​ទី ៤។ គឺ​ជា​មីស៊ីលបាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​មធ្យម ប្រហែល ៣៥០០​គីឡូម៉ែត្រ។

 
នៅថ្ងៃ​នេះ ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​យោធា បាន​និយាយ​ថា ការបាញ់​សាកល្បង​បាន​សម្រេច មីស៊ីល​អន្តរទ្វីប​ ស្តែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​កាន់តែរីកចម្រើន​របស់​ឥណ្ឌា នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ផលិត​មីស៊ីល។ មីស៊ីល អគ្និ​ទី៥​នេះ នឹង​អាច​ផលិត ដាក់​ឲ្យ​ប្រើការ​បាន​ចាប់​ពី​ឆ្នាំ ២០១៤ ខាងមុខនេះ។

ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប បាន​ធ្វើ​ឲ្យ​ឥណ្ឌា ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីបី​នៅអាស៊ី មាន​មុខមាត់​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ដែល​មាន​មីស៊ីល​បាញ់​ក្នុង​ចម្ងាយឆ្ងាយ។ ឥណ្ឌា​អាច​ឈាន​ជើង​នៅក្នុង​ឆាក​អន្តរជាតិ ក្នុង​នាម​ជាប្រទេស​មាន​ការអភិវឌ្ឍន៍​ជឿនលឿន ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា។ រហូតមក​ដល់​ពេលនេះ មាន​តែ​ប្រទេស​៥ប៉ុណ្ណោះ ដែល​មាន​មីស៊ីល​អន្តរទ្វីប។ ប្រទេស​ទាំងនោះ ជា​សមាជិក​ទាំង៥​របស់​អង្គការ​សហប្រជាជាតិ គឺ​អាមេរិក ចិន រុស្ស៊ី អង់គ្លេស និង​បារាំង។ អ៊ីស្រាអែល​ត្រូវ​គេ​សង្ស័យ​ថា បាន​អភិវឌ្ឍ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​នេះ​ដែរ ប៉ុន្តែ អ៊ីស្រាអែល​មិន​ទាន់​បាន​បញ្ចេញ​បាញ់​សាកល្បង​ដូច​ឥណ្ឌា​ទេ។

មីស៊ីល ​អន្តរទ្វីប អគ្និ​ទី៥​នេះ នឹង​អាច​ផលិត ដាក់​ឲ្យ​ប្រើការ​បាន​ចាប់​ពី​ឆ្នាំ ២០១៤ ខាងមុខនេះ។ មីស៊ីល​ប្រភេទនេះ​​មាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរទម្ងន់​ជាង ១តោន ទៅ​ទីតាំង​ឆ្ងាយៗ។ អ្នកជំនាញ​ភូមិសាស្រ្ត​នយោបាយ​នៅអាស៊ី មួយ​ចំនួន​វាយ​តម្លៃ​ថា ក្នុង​រង្វង់​កាំ​៥០០០​គីឡូម៉ែត្រ មីស៊ីល​របស់​ឥណ្ឌា​អាច​ហោះ​ទៅ​ដល់​ទីក្រុង​ប៉េកាំង របស់​ចិន ប្រទេស​នៅ​អាស៊ី និង​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​អឺរ៉ុប។

ឥណ្ឌា​បាន​និយាយ​ទុកជាមុន​ហើយ​ថា មីស៊ីល​ដែល​ខ្លួន​ខិតខំ​អភិវឌ្ឍ​ទាំងប៉ុន្មាន​គឺ​គ្រាន់​តែ​ដើម្បី​ការពារ​ខ្លួន និង​ទប់ទល់​កុំ​ឲ្យ​មាន​សង្រ្គាម​កើតឡើង​ប៉ុណ្ណោះ ប៉ុន្តែ មិន​មែន​មាន​គោលដៅ​វាយប្រហារ​ទៅលើ​ប្រទេស​ដទៃ​ណាមួយ​ទេ។

ការដែល​ឥណ្ឌា​ខិតខំ​អភិវឌ្ឍ​មីស៊ីល​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ គឺ​ដើម្បី​ទប់ទល់​ចិន ចំណែក​មីស៊ីល​ចម្ងាយជិត គឺ អគ្និ ទី ១ និង​ទីពីរ​ដែល​ឥណ្ឌា​ផលិត​រួចហើយ គឺ​ដើម្បី​ទប់ទល់​ប៉ាគីស្ថាន ដែល​ជា​សត្រូវ និង​មាន​នុយក្លេអ៊ែរ ដែល​អាច​ជា​គ្រោះថ្នាក់​សម្រាប់​ឥណ្ឌា។

នៅថ្ងៃនេះ គេ​មិន​ទាន់​ឃើញមាន​ប្រតិកម្ម​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ចិន​ចំពោះ រឿងនេះទេ។ ប៉ុន្តែ បើតាមបទវិចារណកថា​មួយ​ចុះផ្សាយ នៅថ្ងៃនេះ នៅក្នុង​កាសែត​ដែល​មាន​និន្នាការ​ទៅរក​រដ្ឋអំណាច​ចិន ទីក្រុង​ប៉េកាំងវិញ មិន​បាន​ផ្តល់​តម្លៃ​ខ្លាំង​ដល់​ការបាញ់សាកល្បង​មីស៊ីល​របស់​ឥណ្ឌា​ទេ។ អ្នកវិភាគចិន​បាន​និយាយ​ប្រាប់​ទីក្រុង​ញូវដេលី​កុំ​ឲ្យ​មាន​មោទនភាព​ខ្លាំង ពី​បច្ចេកវិទ្យា​របស់ខ្លួន ហើយ​កុំ​គិត​ចង់​សាកល្បង​ប្រើ​មីស៊ីល​បាញ់​ចម្ងាយឆ្ងាយនេះ វាយប្រហារ​មក​លើ​ប្រទេស​ចិនឲ្យ​សោះ ព្រោះ​ថា ចិន​មាន​អាវុធ​ទំនើបៗ​ប្រភេទ​នេះ​ច្រើន និងមាន​កម្លាំង​ខ្លាំង​ជាង​អាវុធ​របស់​ឥណ្ឌា​ទៅទៀត។ ក្នុងន័យនេះ ទីក្រុង​ប៉េកាំង​ណែនាំ​កុំ​ឲ្យ​ឥណ្ឌា​ ចាញ់​ឃោសនា​ប្រទេស​លោកខាងលិច ដោយ ផ្តោត​សំខាន់​ទៅលើ​បច្ចេកវិទ្យា​យោធា យក​ប្រយុទ្ធប្រឆាំង​នឹង​ចិន។ តាមចិន ឥណ្ឌា​គួរ​តែ​យក​ចិន​​ធ្វើ​ជាដៃគូ​សហការ​គ្នា ដើម្បី​ពង្រឹង​សន្តិសុខ និង​សន្តិភាព​នៅអាស៊ី ទប់ទល់​នឹង​មហាអំណាច​ពី​ខាងក្រៅ។

គួររំលឹកថា ចាប់តាំងពី​ទសវត្សរ៍​ទី ៨០ ឥណ្ឌា​បាន​ខិតខំ​អភិវឌ្ឍ​ខ្លាំង​វិស័យ​យោធា​របស់ខ្លួន។ ឥណ្ឌា​បាន​បង្កើន​ថវិកា​យោធា ជា​រៀងរាល់ឆ្នាំ ដើម្បី ធ្វើ​ទំនើបកម្ម​គ្រឿង​សព្វាវុធ​របស់ខ្លួន រហូត​ធ្វើ​ឲ្យ​ឥណ្ឌា​បាន​ជាប់ឈ្មោះ​ជាប្រទេស​នាំមុខ​គេ ក្នុង​ពិភពលោក ក្នុង​ការទិញ​អាវុធ​ចូល​ពី​បរទេស។ បច្ចេកវិទ្យាខាងផ្នែក​យោធា​របស់​ឥណ្ឌា​កាន់តែ​ទំនើប។ សព្វាវុធ​ឥណ្ឌា​ត្រូវ​គេ​ទទួល​ស្គាល់​មាន​សមត្ថភាព​ខ្ពស់ ជាពិសេស ក្រោយ​ពី​ឥណ្ឌា​បាន​ជួល​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ពី​ប្រទេស​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ