អានតួអត្ថបទ
ឥណ្ឌា-ភូមា

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា

នៅថ្ងៃ​អាទិត្យ​នេះ លោក ម៉ានម៉ូហាន ស៊ីង (Manmohan Singh)​ នាយករដ្ឋមន្រ្តី​ឥណ្ឌា បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ ទៅកាន់​ប្រទេស​ភូមា។ នេះ​គឺ​ជា​លើក​ទី១ ចាប់តាំង​ពី​ឆ្នាំ​១៩៨៧​មក ដែល​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា។ ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចេតនា​របស់​ឥណ្ឌា ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ចិន ដើម្បី​បង្កើន​ឥទ្ធិពល​នៅភូមា ដែល​ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh ទទួល​​លោក​ប្រធានាធិបតី​ភូមា ថេន សេន ពេល​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា កាល​ពី​ខែ​តុលា ឆ្នាំ​២០១១
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh ទទួល​​លោក​ប្រធានាធិបតី​ភូមា ថេន សេន ពេល​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​នេះ ក្រៅ​ពី​ជួប​ជាមួយ​ប្រធានាធិបតី​ភូមា លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​​ក៏​គ្រោង​ជួប​​ជាមួយ​លោកស្រី​អ៊ុង សាន ​ស៊ូជី ផងដែរ។

នៅ​ព្រឹក​មិញ​នេះ ​មុនពេល​ចេញ​ដំណើរ​ពី​ឥណ្ឌា លោក​ម៉ានម៉ូហាន ស៊ីង បាន​​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា​នឹង​ផ្តោត​ទៅលើ​ការ​ពង្រឹង​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម វិនិយោគ ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន និង​ការ​អភិវឌ្ឍ​ផ្នែក​គមនាគមន៍​រវាង​ឥណ្ឌា និង​ភូមា។

គួរ​បញ្ជាក់ថា ថ្វីដ្បិត​តែ​ឥណ្ឌា និង​ភូមា គឺ​ជា​ប្រទេស​ជិតខាង​មាន​ព្រំប្រទល់​ជាប់គ្នា ក៏ប៉ុន្តែ ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លងទៅនេះ មិនដែល​មាន​នាយករដ្ឋមន្រ្តី​ឥណ្ឌារូបណា​​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ភូមា​នោះទេ។ នេះ​ក៏ដោយសារ​តែ​ឥណ្ឌា ដែល​មាន​ឈ្មោះ​ល្បី​ខាង​ប្រជាធិបតេយ្យ មិន​ចង់​​ភ្ជាប់​ខ្លួន​ទៅនឹង​​របបសឹកភូមា។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ឥណ្ឌា​​ក៏​មិនដែល​មើល​រំលង​ប្រទេស​ភូមា​​នោះដែរ។ នាពេល​កន្លងទៅនេះ នៅពេល​ដែល​ប្រទេស​លោកខាងលិច​នាំគ្នា​ដាក់ទណ្ឌកម្ម​លើ​របបសឹក​ភូមា ឥណ្ឌា​បាន​ព្យាយាម​ប្រជែង​ជាមួយ​ចិន ដើម្បី​ស្វែងរក​ផលប្រយោជន៍​​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ថាមពល​ នៅ​ក្នុង​ប្រទេស​ភូមា។

នៅពេលនេះ ក្រោយ​ពេល​ដែល​របបសឹកភូមា​បាន​សុខចិត្ត​ធ្វើ​កំណែទម្រង់​​នយោបាយ ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រទេស​លោក​ខាង​លិច​ក៏​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ទណ្ឌកម្ម ឥណ្ឌា​ក៏​កាន់តែ​ខិតខំ​ប្រឹងប្រែង​ខ្លាំងឡើង​ថែមទៀត ដើម្បី​ពង្រឹង​ឥទ្ធិពល​លើ​ភូមា។

កាល​ពី​ឆ្នាំ​២០១១​កន្លងទៅ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ភូមា និង​ឥណ្ឌា បើ​គិតជា​ទឹកប្រាក់​ មាន​ប្រមាណ​ជា ១ពាន់ ២រយ​លាន​ដុល្លារ។ ប្រទេស​ទាំងពីរ​គ្រោង​នឹង​ជំរុញ​ឲ្យ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ កើនឡើង​​ដល់ ៣ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ នៅ​ក្នុងរយៈពេល​​ ៣ឆ្នាំ​ខាងមុខ។ លើស​ពី​នេះ​ទៅទៀត អ្វី​ដែល​ឥណ្ឌា​​រំពឹង​ចង់​បាន​​ពី​ភូមា គឺ​សិទ្ធិ​រុករក និង​ធ្វើ​អាជីវកម្ម​ឧស្ម័ន​ធម្មជាតិ នៅ​ក្នុង​ប្លុក​ថ្មីៗ​ទៀត ទាំង​នៅ​ក្រោម​ដីគោក និង​ក្រោម​បាត​សមុទ្រ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ