
កាលពីថ្ងៃពុធទី៦ មេសា ឆ្នាំ ២០១២ ឥណ្ឌាទើបសម្ពោធចុះឈ្មោះនាវាមុខទឹកថ្មីមួយទៀត ចូលទៅក្នុងបញ្ជីយោធាឥណ្ឌា។ នាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវឥណ្ឌាជួលពីរុស្ស៊ីក្នុងតម្លៃ៦៥០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានបង្កើន បំពាក់សព្វាវុធដល់វិស័យការពារ រហូតធ្វើឲ្យឥណ្ឌាបានក្លាយជាប្រទេសអាស៊ីទីមួយដែលទិញនាំចូលអាវុធច្រើនជាងគេក្នុងពិភពលោក គឺវ៉ាដាច់ប្រទេសចិន ដែលធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី៣ជាមួយប៉ាគីស្ថាន។
បើទោះបីជាមានឧុនភាពថវិកា និងលទ្ធភាពកើនឡើងនៃអតិផរណា ឥណ្ឌានៅតែបង្កើនថវិកាសម្រាប់វិស័យការពារជាតិ។ កាលពីខែមីនាកន្លងទៅនេះ សភាឥណ្ឌាបានអនុម័តកញ្ចប់ថវិកាយោធា ប្រមាណ៤០ពាន់លានដុល្លារ ពីឆ្នាំ ២០១២ ដល់២០១៣។ គឺកើនឡើង ១៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ក្រសួងការពារជាតិឥណ្ឌាត្រូវការលុយបន្ថែមដើម្បីធ្វើទំនើបកម្មវិស័យកងទ័ព។
គួរដឹងថា ក្រៅតែ ពីចំណាយលុយច្រើនដើម្បីបង្កើនអាវុធនុយក្លេអ៊ែរដែលខ្លួនមានរួចមកហើយ ឥណ្ឌា ត្រូវការចំណាយលុយដើម្បីទិញគ្រឿងសព្វាវុធពីបរទេស ជាពិសេសពីរុស្ស៊ី រហូតធ្វើឲ្យឥណ្ឌាបានជាប់ចំណាត់ថ្នាក់ទីមួយ ក្នុងការនាំចូលអាវុធច្រើនជាងគេ ក្នុងពិភពលោក។ គឺឥណ្ឌាទិញ១០ភាគរយនៃសព្វាអាវុធដែលគេលក់ក្នុងពិភពលោក ចំណែកកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ ដោយទិញ ៦ភាគរយ។ ចិនវិញស្ថិតក្នុងចំណាត់ថ្នាក់ជាមួយប៉ាគីស្ថានបន្ទាប់ពីកូរ៉េខាងត្បូង គឺទិញប្រមាណ៥ភាគរយប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ចេញផ្សាយ នៅខែមីនា ដោយវិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាពដែលមានទីតាំងក្នុងទីក្រុងStockholms ឥណ្ឌាបានវ៉ាដាច់ប្រទេសចិនដែលធ្លាប់ជាមហាអំណាចអាស៊ី ដែលទិញអាវុធចូលច្រើនជាងគេ ក្នុងអំឡុងឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦។
សូមបញ្ជាក់ដែរថា ការដែលចិនលែងក្លាយជាប្រទេសនាំចូលអាវុធច្រើនជាងគេ ឬបន្ថយទិញអាវុធពីបរទេស មិនមែនមានន័យថា ចិនបន្ថយកម្លាំងទ័ពរបស់ខ្លួនទេ។ ចិនដែលទិញអាវុធច្រើនពីរុស្ស៊ី បានលួចចម្លងយកបច្ចេកវិទ្យាពីគេដើម្បីផលិតសព្វាវុធ។ ការដែលចិនខំប្រឹងផលិតអាវុធក្នុងស្រុក ក៏ដោយសារតែអឺរ៉ុប និងអាមេរិកធ្លាប់ដាក់ទណ្ឌកម្ម ហាមមិនឲ្យគេលក់អាវុធទៅឲ្យ រដ្ឋអំណាចចិន នៅក្រោយការបង្រ្កាបនៅទីលានធានអានមេន។ ដូច្នេះ ជាមួយនឹងកំណើនសេដ្ឋកិច្ច ចិនបានដំឡើងថវិកាសម្រាប់វិស័យការពារជាតិមិនឈប់ឈរ។ ពេលនេះ ចិនមិនគ្រាន់តែអាចផលិតអាវុធសម្រាប់ការប្រើប្រាស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែ ចិនបាននាំចេញអាវុធទៅក្រៅប្រទេស ដែលតំណាងឲ្យ៥ភាគរយនៃសព្វាវុធលក់ក្នុងពិភពលោក។
ងាកមកឥណ្ឌាវិញ។ ក្នុងរយៈពេល ៥ ៦ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានបង្កើនការបញ្ជាទិញអាវុធពីបរទេសកាន់តែច្រើនដើម្បីយកមកបំពាក់វិស័យកងទ័ពជើងទឹក និងអាកាស។ ឥណ្ឌាទើបបញ្ជាទិញយន្តហោះប្រដេញពីបារាំងជាង១២០គ្រឿង ទិញនាវាមុជទឹក និងឧទ្ធម្ភាគច្រកជិតមួយរយគ្រឿងពីរុស្ស៊ី។ បច្ចុប្បន្ន ឥណ្ឌាកំពុងបញ្ជាទិញ នាវាចម្បាំង នាវាផ្ទុកយន្តហោះ និងយន្តហោះដឹកគ្រឿងសព្វាវុធពីប្រទេសផលិតគ្រឿងសព្វាវុធដូចជារុស្ស៊ី អង់គ្លេស អ៊ីស្រាអែល បារាំង និងអាមេរិក។
ការដែលទីក្រុងញូវដេលីទើបចាប់ទិញអាវុធទំនើបៗកាន់តែច្រើន គឺដើម្បីមកជំនួសអាវុធចាស់ៗរបស់ខ្លួន ដែលខ្លួនមិនបានធ្វើទំនើបកម្ម ក្នុងរយៈពេល១០ឆ្នាំ ព្រោះថាចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ ឥណ្ឌាបានផ្អាក លែងសូវទិញអាវុធច្រើនពីបរទេស ពោលគឺបន្ទាប់ពីសហភាពសូវៀត ដែលជាអ្នកផ្គត់ផ្គង់របស់ខ្លួនធំជាងគេ បានដួលរលំ។
មានហេតុផលពីរសំខាន់ៗ ដែលអាចពន្យល់ពីការបង្កើនថវិកាដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិឥណ្ឌា។
ហេតុផលទីមួយ គឺឥណ្ឌាយកតាមគំរូចិន។ ឥណ្ឌាបានបង្កើនថវិកាកងទ័ពរបស់ខ្លួន ទៅឡើងតាមរូបភាព ដែលប្រទេសចិនចេះតែដំឡើងថវិកាការពារជាតិរបស់ខ្លួនមិនឈប់ឈរ។ ចិនមានថវិកាកងទ័ពជិតមួយរយពាន់លានដុល្លារ ចំណែកឥណ្ឌាមានតែជាង៣២ពាន់លានដុល្លារ។ បើទោះបីជាបច្ចុប្បន្ននេះ ចិន និងឥណ្ឌាមិនប្រឈមមុខដាក់គ្នា ប៉ុន្តែ ប្រទេសទាំងពីរដែលមានបណ្តោយព្រំដែនរួមគ្នា ជាង ៤ពាន់គីឡូម៉ែត្រ ធ្លាប់ជាសត្រូវ វាយប្រយុទ្ធគ្នាដើម្បីដណ្តើមទឹកដីនៅព្រំដែន។ ឥណ្ឌាមិនបានព្រងើយកន្តើយទេដែលចិនចេះតែពង្រីកអំណាច និងឥទ្ធិពលមកក្នុងតំបន់អាស៊ីខាងត្បូងដែលឥណ្ឌាចាត់ទុកស្ថិតនៅក្រោមអំណាចខ្លួន។ ម្យ៉ាងទៀត ឥណ្ឌាចង់ក្លាយជាប្រទេសមហាអំណាចមានទឹកមាត់ប្រៃដូចចិន គឺចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចចិនដែរ។ ដូច្នេះ ដើម្បីបញ្ចុះបញ្ចូលឲ្យគេបោះឆ្នោត ឥណ្ឌាពេលនេះកំពុងខំប្រឹងបំពាក់អាវុធរបស់ខ្លួនឲ្យទំនើប គឺដើម្បីបង្ហាញថា ខ្លួនអាចមានសមត្ថភាពធ្វើអន្តរាគមយោធា ជួយប្រទេសទន់ខ្សោយ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ហេតុផលទីពីរ ដែលឥណ្ឌាសុខចិត្តចំណាយលុយរាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍវិស័យការពាររបស់ខ្លួន ក៏ព្រោះតែឥណ្ឌានៅតែមិនទុកចិត្តប៉ាគីស្ថានដែលជាសត្រូវ ឈ្លោះដណ្តើមយកទឹកដីនៅតំបន់Cachemires រហូតមកដល់បច្ចុប្បន្ននេះ។ ឥណ្ឌានៅតែកោតក្រែង ប៉ាគីស្ថាន ព្រោះប្រទេសជិតខាងជាសត្រូវមួយនេះអាវុធនុយក្លេអ៊ែរ។ ឥណ្ឌាតែងតែសង្ស័យលើចិនថា ជាអ្នកជួយប៉ាគីស្ថាន ក្នុងយុទ្ធសាស្រ្តផលិតអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ឥណ្ឌាត្រូវបំពាក់បច្ចេកវិទ្យាការពារទំនើបៗ ដើម្បទប់ទល់នឹងការវាយប្រហារភេរវកម្មពីក្រុមអ៊ីស្លាមជ្រុលនិយម ដែលឥណ្ឌាវាយតម្លៃថា មានសម្បុក និងជួយបំពាក់បំប៉នដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាន៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ