អានតួអត្ថបទ
ឥណ្ឌា

តុលាការ​កំពូល​ឥណ្ឌា​ទទួលស្គាល់​វត្តមាន​មនុស្ស​ភេទ​ទី៣​

នៅ​ឥណ្ឌា ​ថ្ងៃ​​អង្គារ​​នេះ តុលាការ​កំពូល​បាន​សម្រេច​ទទួលស្គាល់​នូវ​វត្តមាន​មនុស្ស​​ភេទ​ទី៣​ ពោល​គឺ​​​មិនមែន​​​ភេទប្រុស និង​មិន​មែន​ភេទស្រី ជាភេទ​ដែល​​មិន​លំអៀង​ទៅរក​ភេទ​ណា​​ទាំងអស់។ តុលាការ​បាន​បញ្ជា​អោយ​រដ្ឋាភិបាល​និង​គ្រប់រដ្ឋ​ទាំងអស់​ក្នុង​ប្រទេស ផ្តល់សិទ្ធិ​និងជំនួយ​សង្គម​អោយ​ដល់​មនុស្ស​ភេទ​ទី៣នេះ ដូច​ជាមនុស្ស​ដទៃ​ទៀត​ដែរ។

ក្រុម​ប៉ូលិស​ឥណ្ឌា
ក្រុម​ប៉ូលិស​ឥណ្ឌា REUTERS/Mansi Thapliyal
ផ្សាយពាណិជ្ជកម្ម

នៅ​ឥណ្ឌា​ថ្ងៃ​អង្គារ​នេះ ​តុលាការ​កំពូល​បាន​ទទួលស្គាល់​នូវ​វត្តមាន​មនុស្ស​ភេទ​ទី៣ ​ ដោយ​បាន​លើកឡើង​ថា ការ​ទទួលស្គាល់​នេះ មិនមែន​ជា​បញ្ហា​ទាក់ទង​នឹង​សង្គម​ ឬ​ក៏​​វេជ្ជសាស្ត្រ​នោះទេ តែ​វា​ជា​​ប្រធានបទ​ទាក់ទង​សិទ្ធិមនុស្ស។ តុលាការ​កំពូល​​​ឥណ្ឌា បាន​​ដាក់បញ្ជា​អោយ​រដ្ឋាភិបាល​និង​អាជ្ញាធរ​​គ្រប់រដ្ឋ​ទាំងអស់ ​​ផ្តល់​សិទ្ធិ​រឺក៏​ជំនួយ​​សង្គម ​ដល់ពួកគេ​ ដូច​ជា​មនុស្ស​ដទៃទៀត​ដែរ។

កាលពី​ឆ្នាំ​២០១២ ក្រុម​មនុស្ស​មួយក្រុម​ដឹកនាំ​ដោយ​លោក​​ ឡាក់មី ណារ៉ាយ៉ាន ទ្រីប៉ាធី ជា​សកម្មជន​ដែល​បណ្តា​មនុស្ស​ភេទ​ទី៣ ​តែង​តែ​ស្គាល់​​ច្បាស់​នោះ ក្រុម​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ​អោ​យតុលាការ​​ទទួលស្គាល់​​នូវ​សិទ្ធិ​​នានា​របស់​​មនុស្សមាន​​ភេទទី៣​នេះ។​ ដោយឡែក ទាក់ទង​នឹង​មនុស្ស​ភេទទី៣​នេះ ​កាលពី​ដើមខែ​មេសា​នេះ តុលាការ​កំពូល​អូស្ត្រាលី​​​​បាន​សម្រេច​ថា ក្នុង​​អត្រានុកូលដ្ឋាន ​គេ​អាច​ទទួលស្គាល់​ថា ​មនុស្ស​ម្នាក់​ជា​មនុស្ស​​​ភេទ​​​ទី៣។ រីឯ​អាល្លឺម៉ង់ និង​នេប៉ាល់​វិញ បាន​អនុញ្ញាត​អោយ​ប្រជាជន​ខ្លួន​កត់ត្រា​ក្នុង​លិខិត​ឆ្លងដែន​ថា ​​ខ្លួន​មាន​ភេទ X ដើម្បី​បញ្ជាក់​ពី​មនុស្ស​ភេទ​ទី៣នេះ។

ទោះ​ជាតុលាការ​ឥណ្ឌា​​​​ទទួលស្គាល់​​វត្តមាន​​​មនុស្ស​ភេទ​ទី៣​ក្តី ​ការ​ស្រលាញ់​មនុស្ស​មាន​ភេទ​ដូចគ្នា នៅតែ​ត្រូវ​ចាត់ទុក​​ថា ជាបទឧក្រិដ្ឋ​ក្នុង​ប្រទេស។ ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣ តុលាការ​កំពូល​ឥណ្ឌា​បាន​បដិសេធ​​នូវ​ការសុំអោយ​មិនដាក់ពិន័យ​ដល់​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ