អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖លោកស្រី​ប្រមុខដឹកនំា​រដ្ឋតាមីល ណាឌូ​ទើប​បាន​ទទួល​ទោស​ជាប់​ក្នុង​ពន្ធនាគារ​ពី​បទពុករលួយ

នៅ​ក្នុង​ប្រទេស​ឥណ្ឌា តុលាការ​ទីក្រុង​បង់ហ្គាឡ័រ​នៃ​រដ្ឋ​ការណាតាកា​ទើប​បាន​កាត់​ទោស​លោកស្រី​ហ្សាយ៉ាឡាលីថា ហ្សាយ៉ារ៉ាម​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៤ឆ្នំា​ពី​បទប្រព្រឹត្តិ​អំពើពុករលួយ។ លោកស្រី​ជា​អតីត​តារា​ភាពយន្ត និង​ជា​ប្រមុខដឹកនំា​រដ្ឋ​តាមីល ណាឌូ។ អ្វី​ដែល​តុលាការ​បាន​ចោទ​លោកស្រី​នោះ គឺ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​រាប់សិបលាន​ដុល្លារ​របស់​លោកស្រី​ដែល​វា​មិន​សក្តិសម​នឹង​ប្រាក់ខែ​ក្នុង​នាម​ជា​ប្រមុខដឹកនំា​រដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​ផ្តន្ទាទោស​លោកស្រី​ហ្សាយ៉ារ៉ាម​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង​នៅ​ក្នុង​ចំណោម​ប្រជាជន​ក្នុង​រដ្ឋ​តាមីល ណាឌូ ព្រោះ​លោកស្រី​ត្រូវ​បាន​គេ​ស្គាល់​ជា​មនុស្ស​ដែល​មាន​ចិត្តធម៌។

ក្រុម​អ្នកគំាទ្រ​លោកស្រីហ្សាយ៉ាឡាលីថា ហ្សាយ៉ារ៉ាម ប្រមុខដឹកនំារដ្ឋ​តាមីល ណាឌូ ក្នុង​ប្រទេស​ឥណ្ឌា
ក្រុម​អ្នកគំាទ្រ​លោកស្រីហ្សាយ៉ាឡាលីថា ហ្សាយ៉ារ៉ាម ប្រមុខដឹកនំារដ្ឋ​តាមីល ណាឌូ ក្នុង​ប្រទេស​ឥណ្ឌា Reuters
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​កាត់ទោស​លោកស្រី​ហ្សាយ៉ាឡាលីថា ហ្សាយ៉ារ៉ាម​សឹង​តែ​ក្លាយ​ជា​រឿងភាគ​មួយ​ដ៏​វែងអន្លាយ​ទៅ​ហើយ។ រឿងភាគ​ដ៏​វែងអន្លាយ​ក៏​ដោយសារ​ថា គេ​ត្រូវ​ការ​ពេល​ចំនួន ១៨ឆ្នំា ចៅក្រម​ចំនួន ៧នាក់ និង​ការ​ប្តឹងឧទ្ធរណ៍​សារចុះ សារឡើង​រហូត​ដល់ ២៥ដង​ទើប​គេ​អាច​ចេញ​សាលក្រម​កាត់ទោស​លោកស្រី​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នេះ​បាន។ ជា​អតីត​តារា​ភាពយន្ត​ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឥណ្ឌា​ក្នុង​ឆ្នំា ១៩៨២ លោកស្រី​ហ្សាយ៉ារ៉ាម​បាន​ទទួល​តំណែង​ជា​ប្រមុខដឹកនំា​រដ្ឋ​តាមីល ណាឌូ​ចំនួន ៣ដង លើកទី១ ពី​ឆ្នំា ១៩៩១ ដល់​ឆ្នំា ១៩៩៦ លើកទី២ ពី​ឆ្នំា ២០០១ ដល់​ឆ្នំា ២០០៦ និង​លើកទី៣​ចាប់​តំាង​ពី​ថ្ងៃទី១៦ ឧសភា ឆ្នំា ២០១១ មក​ដល់​សព្វថ្ងៃ។ នៅ​ក្នុង​រដ្ឋ​តាមីល ណាឌូ លោកស្រី​ទទួល​បាន​ប្រជាប្រិយភាព​ខ្លំាង​ណាស់ រហូត​ដល់​គ្រប់​គ្នា​ហៅ​ថា « Amma » បកប្រែ​ថា « ម្តាយ »។ នៅ​គ្រប់​កម្មវិធី​នយោបាយ​សង្គម​ដែល​លោកស្រី​បាន​បង្កើត​ឡើង គឺ​មាន​ដាក់​ឈ្មោះ​នាមត្រកូល​របស់​លោកស្រី។

នៅ​ពេល​បាន​ជាប់ឆ្នោត​ទទួល​តំណែង​ប្រមុខដឹកនំា​រដ្ឋ​តាមីល ណាឌូ​ដំបូង​ក្នុង​ឆ្នំា ១៩៩១ លោកស្រី​អតីត​តារា​ភាពយន្ត​រូប​នេះ​បាន​ប្រកាស​ថា លោកស្រី​យក​ប្រាក់ខែ​តែ ១រូពី​ប៉ុណ្ណោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ចិត្តបុណ្យ និង​ចិត្តធម៌​របស់​លោកស្រី​មាន​បង្កប់​ទៅ​ដោយ​រឿង​អាដ៍កំបំាង​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ នោះ​គឺ​ទ្រព្យសម្បត្តិ​រាប់សិបលានដុល្លារ​ដែល​លោកស្រី​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ។ មាស​ចំនួន ២៨គីឡូក្រាម ស្បែកជើង​ចំនួន ៧៥០គូ និង​សម្លៀកបំពាក់ប្រពៃណី​ចំនួន ១០ ០០០ឈុត​ដែល​សរុប​ជា​ប្រាក់​ចំនួន​ជាង ១០លានដុល្លារ។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ពី​ដី​ពីរ​កន្លែង​ដែល​លោកស្រី​ជា​ម្ចាស់កម្មសិទ្ធិ​ទេ។

គឺ​តំាង​ពី​ក្រោយ​ការ​អស់​តំណែង​ក្នុង​ឆ្នំា ១៩៩៦ មក​ម្ល៉េះ​ដែល​អ្នកស្នងតំណែង​ពី​លោកស្រី និង​ក្រុមគណបក្សប្រឆំាង​បាន​ប្តឹង​លោកស្រី​ពី​បទពុករលួយ។ តែ​គឺ​ទើប​នៅ​ក្នុង​ការ​កាន់​តំណែង​ជា​លើក​ទី៣​នេះ​ទេ​ដែល​តុលាការ​សម្រេច​បាន​សាលក្រម​មួយ​ដោយ​កាត់ទោស​លោកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នំា។ លោកស្រី​អាច​នឹង​ប្តឹង​ឧទ្ធរណ៍​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ តែ​លោកស្រី​មិន​អាច​បន្ត​កាន់​តំណែង​ទៀត​បាន​ទេ ព្រោះ​បើ​យោង​សាលដីកា​របស់​តុលាការកំពូល អ្នកនយោបាយ​ដែល​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​លើស​ពី ២ឆ្នំា​នឹង​ត្រូវ​បាត់បង់​តំណែង​ជា​ស្វ័យប្រវត្តិ។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​កក្រើក​រដ្ឋ​តាមីល ណាឌូ​ដែល​ក្រុមសកម្មជន​គំាទ្រ​លោកស្រី​បាន​នំា​គ្នា​ចុះ​ផ្លូវ​តវ៉ា និង​ដែល​មាន​ការ​ប៉ះទង្គិច​ខ្លះៗ​ជាមួយ​ក្រុមកម្លំាង​ប៉ូលីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ