អានតួអត្ថបទ
កម្ពុជា

ប្រវត្តិ​ភ្នំពេញ​នឹង​ត្រូវ​លាត​ត្រដាង​នៅ​ក្នុងពិព័រណ៌​នាចុង​ខែកញ្ញា​នេះ

ប្រវត្តិ​របស់​ក្រុងភ្នំពេញ ​នឹងត្រូវ​លាត​ត្រដាង​តាម​រយៈ​ការ​តាំង​ពិព័រណ៍​មួយ​នៅ​​វិទ្យាស្ថានបារាំង​ប្រចាំ​នៅ​កម្ពុជា​នា​ចុង​ខែ​កញ្ញា​នេះ។ ជា​ពិព័រណ៍​ប្រចាំ​ឆ្នាំ​ដើម្បី​បើក​ឱកាស​ឲ្យ​ប្រជាជន​ខ្មែរ ​និង​បរទេស​ យល់​កាន់​តែ​ច្បាស់​ពី​ការ​កកើត និង​ការ​វិវឌ្ឍ​របស់​ក្រុង​ភ្នំពេញ ​ក៏​ដូច​ជា​ជំរុញពួក​គេ​នាំ​គ្នា​គិត​គូរ​បន្ថែម​ទៀត​​ពី​ការ​អភិរក្ស​មរតក​បេតិកភណ្ឌ​សំណង់​អគារ​ទៀត​ផង។

ពិព័រណ៍ពី​ក្រុង​ភ្នំពេញ
ពិព័រណ៍ពី​ក្រុង​ភ្នំពេញ សហការី
ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ភ្នំពេញ! ​មាន​កាល​មួយ​នោះ» ​នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​វិទ្យាស្ថាន​បារាំង​ប្រចាំ​ក្រុង​ភ្នំពេញ ​នា​​ថ្ងៃទី៣០ ​ខែកញ្ញា​​ ព្រម​ទាំង​បើក​ទ្វារ​ជូន​សាធារណ​​ជន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ថ្ងៃទី៩​វិច្ឆិកា​។  

លោក​ រ៉ូមាំង លូវែរត៍ (Romain Louvert) ​ប្រធាន​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត ​នា​ថ្ងៃ​ទី​១៧​កញ្ញា​​នេះ​ថា ពិព័រណ៍​នេះ​មាន​សារៈ​សំខាន់​ដើម្បី​ឲ្យ​ខ្មែរ​និង​​បរទេស ​ជា​ពិសេស​យុវ​ជន​កម្ពុជា​ និង​ស្ថាបត្យ​ករ​វ័យក្មេង​​ជំនាន់​ក្រោយ ​​​យល់​កាន់​តែ​ច្បាស់​​ពី​ប្រវត្តិ​ និង​ការ​កកើត​ក្រុង​ភ្នំពេញ ព្រម​ទាំង​យល់​ពី​​ទំនើប​កម្ម​នៃ​រាជធានី​​ក៏​ល្អ​ឆើតមួយ​នេះ​។ ​លោក​បន្ត​ថា ​គេ​មិន​អាច​អភិវឌ្ឍ​ក្រុង​ ដោយ​មិន​យល់​ ​ឬ​ស្គាល់​ពី​ប្រវត្តិ​របស់​ក្រុងច្បាស់​នោះ​​​ទេ។ 

ស្ថាបត្យ​កម្ម ​សួន​ច្បារ បរិស្ថាន​បៃតង ​និង​សំណង់​អាគារ​ចាស់ៗ ​ដែល​ជា​បេតិក​ភណ្ឌ​របស់​ក្រុង​ភ្នំពេញ ​កំពុង​ប្រឈម​នឹង​ការ​អភិវឌ្ឍ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ម្នាង ​ស៊ីសុវត្ថិ ម៉ែន ច័ន្ទ​ទេវី ​នាយិកា​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ដែល​ជាដៃ​គូ​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ។  អ្នក​ម្នាង ​មាន​ប្រសាសន៍​ថា អគារ​ចាស់ៗ​ និង​កន្លែង​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​រស់ គឺ​ជា​តម្លៃ​សង្គម តម្លៃ​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ ព្រម​ទាំង​ជា​រូប​ភាព​លម្អ​ក្រុង។

សូម​បញ្ជាក់ថា ​ក្នុង​រយៈ​ពេល​១០ថ្ងៃ​នៃ​ការ​ពិព័រណ៍ ​នឹង​មានការ​តាំង​បង្ហាញ ស្នាដៃ​ស្ថាបត្យ​កម្ម​ ក្រោម​ប្រធាន​បទ «ផ្ទះ​ល្វែង​ចិន» ​ដែល​ជា​លទ្ធផល​ការ​ប្រកួត​ប្រជែង​ប្រចាំ​របស់​ក្រុម​និស្សិត​​ផ្នែក​ស្ថាបត្យ​កម្ម​ ពី​លេខ​១ដល់​លេខ​៣។​ លើស​ពី​នេះ​ ក៏​មាន​កម្ម​វិធី​បញ្ចាំង​ឃ្លិប​វីដេអូ​ខ្លីៗ ​និង​កុន​ខ្នាត​វែង​ចំនួន​៧​របស់​កម្ពុជា​និង​អន្តរជាតិ​​ ដែល​និយាយ​រៀប​រាប់​​ពី​ប្រវត្តិ​ ស្ថានភាព និង​ការ​វិវឌ្ឍ​របស់​រដ្ឋ​ធានី​លើ​ពិភព​លោក។

រូប​ថតស្តី​​ពី​ប្រវត្តិ​ក្រុង​ភ្នំពេញ​ រាប់​រយ​សន្លឹក ក៏​នឹង​ដាក់​តាំង​បង្ហាញ​ក្នុង​ឱកាស​នេះ​​ផង​ដែរ​។ រូប​ថត​ទាំង​នោះ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ប្រមូលពី​ទី​កន្លែង​ជា​ច្រើន​ដូច​ជា​ ​បណ្ណាល័យ​​ជាតិ​និងបណ្ណាសារ​ដ្ឋាន​ជាតិ អ៊ូតទ្រឺម៊ែរ (Outre-Mer) របស់​ប្រទេស​បារាំង មជ្ឈ​មណ្ឌល​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បណ្ណាល័យ​ជាតិ​ បណ្ណាសារដ្ឋាន​ និង​​សារមន្ទីរ​ជាតិ​កម្ពុជា​ ព្រម​ទាំងរូប​ថត​របស់​អង្គការ​ Sipar ​ហើយ​រូបភាព​​មួយ​ចំនួន​ទៀត គឺ​ជា​ការ​រក្សា​ទុក​របស់​ លោក ​អូលីវីយេ ​ដឺ ​ប៊ែរណុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ