អានតួអត្ថបទ
កម្ពុជា

អ្នក​សង្កេត​ការណ៍​អន្ដរជាតិ៖ លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា ​​ជា​ជ័យ​ជំនះ​របស់ប្រជាជន​កម្ពុជា​ទាំង​មូល

ក្រុម​អ្ន​ក​សង្កេត​ការណ៍​អន្ដរជាតិ​មក​ពី​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ របស់​សន្និសីទ​​អន្ដរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ICAPP និង​​អង្គការ​​អ្នក​ប្រជាធិបតេយ្យ​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ និយម​កណ្ដាលអន្ដរជាតិ​ ហៅ​កាត់​ថា CAPDI បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ឲ្យ​តម្លៃ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា ជា​ជ័យ​ជំនះ​របស់​ទាំង​អស់​គ្នា។

អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ពី ICAPP និង CAPDI
អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ពី ICAPP និង CAPDI RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​របស់​សន្និសីទ​​អន្ដរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី  ហៅ​កាត់​ថា ICAPP និង​ អង្គការ​​អ្នក​ប្រជាធិបតេយ្យ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និយម​កណ្ដាលអន្ដរជាតិ​ ហៅ​កាត់​ថា CAPDI  ដែល​ត្រូវ​បាន គ.ជ.ប. ​អញ្ជើញ​​ឲ្យ​មក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ថា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ តម្លាភាព និង​សន្តិភាព។ ICAPP និង CAPDI បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ទៀត​ថា ការ​បោះ​ឆ្នោត​នេះ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ដែល​មាន​ភាព​ចាស់​ទុំ​ជាង​មុន​ច្រើន។

ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ទោះ​ជា​បែប​ណា​ក៏​ដោយ ICAPP និង CAPDI ថ្លែង​ថា វា​គឺ​ជា​ជ័យ​ជំនះ​នៃ​ឆន្ទៈ​ ភាគ​ច្រើន​ផ្អែក​លើ​សន្លឹក​ឆ្នោត។ វា​គឺ​ជា​ជ័យ​ជំនះ​របស់​ទាំង​អស់​គ្នា។ ជា​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ជ័យ​ជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជ័យ​ជំនះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប។ ហើយ​ជ័យ​ជំនះ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លទ្ធិ​ប្រជាធិបតេយ្យ គឺ​ជា​វាសនា​របស់​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នោះ ICAPP និង CAPDI ក៏​បាន​ស្វាគម​​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់ ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម និង​រង់​ចាំ​ទទួល​លទ្ធផល​ផ្លូវ​ការ​ពី​គ.ជ.ប.។ ICAPP និង CAPDI មើល​ឃើញ​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ជា​តម្រូវ​ការ​ចាំ​បាច់​បំផុត​មួយ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។

ស្ថាប័ន​ទាំង​ពីរ​ខាង​លើ តំណាង​ឲ្យ​គណបក្ស​នយោបាយ​ជាង​៣៤០​នៅ​អាស៊ី អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​អតីត​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៅ​តាម​បណ្ដា​ប្រទេស​នានា ជុំ​វិញ​ពិភពលោក ក៏​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​នៅ​កម្ពុជា ចាប់​ដៃ​គ្នា​កសាង​ឯកភាព​ជាតិ​ខ្មែរ។ ឯកភាព​ជាតិ​ខ្មែរ​ដែល ICAPP និង CAPDI អះអាង​ថា ជា​គោល​នយោបាយ​​ឈ្នះ-ឈ្នះ សម្រាប់ទាំង​អស់​គ្នា៖ សម្រាប់​គណបក្ស​ប្រជាជន​ដែល​ឈ្នះ​បាន​សំឡេង​ឆ្នោត​ច្រើន សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ឈ្នះ​បាន​សំឡេង​ឆ្នោត​ទ្វេ​ដង និង​សម្រាប់​កម្ពុជា ដែល​កំពុង​តែ​ឈាន​ទៅ​រក​កម្រិត​លទ្ធិប្រជាធិបតេយ្យ​ចាស់​ទុំ​ជាង​មុន ច្រើន​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ