អានតួអត្ថបទ
កម្ពុជា

តំ​ណាង​​សម្ព័ន្ធ​​ទន្លេ​ក​ម្ពុជា​​សុំ​​រដ្ឋាភិបាល​​ ឲ្យ​​ផ្លាស់​ប្តូរ​​ទំនប់​​វា​រី​​អគ្គិសនី ​​ឆាយ​​អា​​រ៉ែ​ង ​​ទៅ​ជា​​តំ​បន់​​ទេស​​ចរណ៍​​ធម្ម​ជាតិ​​

នៅ​ក្នុង​លិខិត​បើក​ចំហ​មួយ​ផ្ញើជូន ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​សម្ព័ន្ធ​ទន្លេ​កម្ពុជា បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ដាក់​តំបន់​ទំនប់​វា​រី​អគ្គិសនី​ឆាយ​អា​រ៉ែង ទៅ​ជា​តំបន់​ទេស​ចរណ៍​ធម្មជាតិ​វិញ។ សំណើ​បែបនេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​បាន​សិក្សា​ឃើញ​ពី​ផល​ប៉ះ​ពាល់​យ៉ាង​ច្រើន ចំពោះ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី មកលើ​ប្រជាជន សត្វព្រៃ និង​ព្រៃឈើ​រាប់ពាន់​ហិច​តា​នៅក្នុង​តំបន់​នោះ។

ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ប្រជាជនកំពុងតែនេសាទ នៅក្នុងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ចំហ​នោះ តំណាង​សម្ព័ន្ធ​ទន្លេ​កម្ពុជា បាន​បញ្ជាក់​ថា​ប្រសិន​បើ​ទំនប់​វា​រី​អគ្គិសនី ឆាង​អា​រ៉ែង​នេះ ត្រូវ​បាន​សាង​សង់​ឡើង​នោះ​មែន ប្រជាន​ជន​ប្រមាណ​ជា ៣៨៩ គ្រួសារ និង​ព្រៃ​ឈើ​ប្រហែល​ជា ២ម៉ឺន​ហិច​តា និង​រង​ផលប៉ះពាល់។ ក្រៅពី​នោះ ថនិកសត្វ ប្រមាណ​ជា ៥៧ប្រភេទ បក្សី ៩៣​ប្រភេទ ល្មូន ៥៥ប្រភេទ (រួមទាំង​ក្រពើ​ភ្នំ) ឧរុង្គសត្វ ២៩ប្រភេទ  និង​ត្រី៤៣ប្រភេទ (រួមទាំង​ត្រី​នាគ) និង​ត្រូវបាន​គំរាម​កំហែង​ដោយ​សារ​ការ​សាង​សង់​ទំនប់​នេះ។

 

ជាង​នេះ​ទៅ​ទៀត​គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​យ៉ាង​ច្រើន ប៉ុន្តែ​កម្លាំង​ថាមពល​អគ្គីសនី​ទទួល​បាន​គឺ​ទាប ខណៈដែល​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅដល់​ព្រៃឈើ សត្វ​ព្រៃ ជីវ​ចំរុះ និង​សង្គម​យ៉ាង​ខ្លាំង ។ តំណាង​សម្ព័ន្ធ​ទន្លេ​កម្ពុជា​បន្ត​ទៀត​ថា តំបន់​ដែល​នឹង​ត្រូវ​សាងសង់​ទំនប់​វា​រី​អគ្គិសនី នេះ ជា​តំបន់​ដែល​ស្ថិត​ក្នុង​តំបន់​វាលរាប មិនមែន​ជា​ជ្រលង​ភ្នំ ដែល​ស័ក្តិសម​នឹង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ឡើយ។

ផ្ទុយ​ទៅ​វិញ ឆាយ​អា​រ៉ែង​ជា​តំបន់​ដែល​មាន​ធម្មជាតិ​ស្អាត និង​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង ដែល​ស័ក្តិសម​ទៅនឹង​ការ​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ទៅវិញ​ទេ។ ម្យ៉ាងវិញទៀត​តំបន់​នេះ មាន​ជនជាតិ​ដើម​ភាគតិច "ជង" រស់​នៅ​ច្រើន ជា​ពិសេស​គឺ​ស្ត្រី និង​កុមារ ដែល​អាចនឹង​ទទួល​រង​ផលប៉ះ​ពាល់​ខ្លាំង​ជាងគេ​ដោយសារ​ពួកគាត់​រស់នៅ​ផ្ទាល់ និង​ជិតស្និត​ទៅលើ​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​នេះ។

គួរ​បញ្ជាក់​ថា ទំនប់​វា​រី​អគ្គិសនី​ឆាយ​អា​រ៉ែង ដែលមាន​ទីតាំង​ក្នុង​ភូមិ ព្រែក​ស្វាយ ឃុំ​ថ្មបាំង ស្រុក​ថ្មបាំង ខេត្ដ​កោះកុង គឺជា​ទំនប់​មួយ​ដែល​ទទួលបាន​ការ​វិនិ​យោគ​ពី​ក្រុម​ហ៊ុន ឆាយ​ណា ហ្គូ​ដៀន ខូ​ផឺ​រេ​សិន (China Guodian Corporation) កាលពី​ឆ្នាំ ២០១០ បន្ទាប់ពី​ការ​ដក​ខ្លួន​ចេញ​របស់​ក្រុមហ៊ុន ឆាយ​ណា សាវ​ដិ​ន ផា​វឺ​គ្រី​ត ដោយសារតែ​គម្រោង​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​ខ្លាំង។

គម្រោង​នេះ​ត្រូវការ​ពេល​ពី ៤ ទៅ ៥ ឆ្នាំ ដើម្បី​សាងសង់ និង​ផ្តល់​ថាម​ពល ១០៨ មេ​ហ្កា​វ៉ាត់ ហើយ​ចំណាយ​ទឹកប្រាក់​សរុប​អស់​៣២៧ លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​តាម​ព័ត៌មាន​មិន​ផ្លូវការ​បាន​បញ្ចា​ក់ថា​ក្រុមហ៊ុន ឆាយ​ណា ហ្គូ​ដៀ​ន ខូ​ផឺ​រេ​សិន ប្រហែលជា​មិន​បន្ត​គម្រោង​នេះ​ទេ ហើយ​ក្រុម​ហ៊ុន ស៊ី​ណូ​ហាយ​ដ្រូ(Sinohydro Co., Ltd) កំពុងតែ​ពិចារ​ណា​ទទួល​យក​គម្រោង​វិនិ​យោគ​នេះ​បន្ត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ