ព្យុះសង្ឃរា Sandy កំពុងគំរាមកំហែងដល់យុទ្ធនាការឃោសនាបោះឆ្នោតអាមេរិក

បណ្តារដ្ឋ នៅតាមឆ្នេរប៉ែកខាងកើត របស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងព្យុះសង្ឃរាដ៏ធំមួយ ឈ្មោះ Sandy។ ព្យុះសង្ឃរានេះ បានសម្លាប់មនុស្សប្រមាណជាជិត ៦០នាក់រួចមកហើយ នៅហៃទី គុយបា និងសាធារណរដ្ឋដូមីនីក ហើយនៅពេលដែលវារំកិលកាន់តែជិតទៅដល់ឆ្នេរសមុទ្រអាមេរិក ល្បឿនខ្យល់ក៏កើនឡើងកាន់តែខ្លាំងដែរ ដែលកំពុងតែគំរាមកំហែងដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី។
មន្រ្តីជំនាញខាងឧតុនិយមអាមេរិកបានព្យាករថា ព្យុះសង្ឃរា Sandy នឹងបក់ទៅដល់ឆ្នេរអាមេរិក នៅថ្ងៃចន្ទ ហើយកម្លាំងខ្យល់អាចនឹងកើនឡើង ក្លាយជាព្យុះសង្ឃរាដ៏ធំបំផុត ដែលអាមេរិកមិនធ្លាប់ជួប។
តំបន់ដែលព្យុះ Sandy ត្រូវឆ្លងកាត់ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ហើយប្រជាជន ដែលរស់នៅក្នុងតំបន់នោះបាននាំគ្នាទិញចំណីអាហារ និងទឹកស្អាត ដើម្បីស្តុកទុក ហើយខ្លះទៀតត្រូវបានជម្លៀសចេញទៅកន្លែងសុវត្ថិភាព។ នៅទីក្រុងញូវយ៉ក អាជ្ញាធរកំពុងតែពិចារណាបិទចរាចរណ៍រថភ្លើងក្រោមដី តាំងពីយប់ថ្ងៃអាទិត្យនេះទៅ ដោយបារម្ភក្រែងព្យុះ Sandy បង្កជាជំនន់ជន់លេចរូងផ្លូវក្រោមដី។
បេក្ខជនប្រធានាធិបតីទាំងពីររូប គឺទាំងលោកអូបាម៉ា និងលោករ៉ូមនី បានលុបចោលមិទ្ទិញឃោសនាបោះឆ្នោតមួយចំនួន នៅតាមរដ្ឋ ដែលព្យុះ Sandy ត្រូវឆ្លងកាត់ ដែលក្នុងនោះ មានរដ្ឋខ្លះជារដ្ឋសំខាន់ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី៦វិច្ឆិកាខាងមុខនេះ។ ការលុបចោល ឬផ្លាស់ប្តូរកាលវិភាគ នៃមិទ្ទិញឃោសនាបោះឆ្នោតនេះ ជាបញ្ហាមួយ ក៏ប៉ុន្តែ បញ្ហាដែលកាន់តែគួរឲ្យព្រួយបារម្ភទៅទៀត សម្រាប់បេក្ខជនប្រធានាធិបតី ជាពិសេស សម្រាប់លោកអូបាម៉ា គឺការខូចខាត ដែលនឹងបង្កឡើងដោយព្យុះ Sandy និងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការចាត់ចែងដោះស្រាយគ្រោះមហន្តរាយនេះ។
គេនៅចាំបានថា ព្យុះសង្ឃរា Katrina កាលពីឆ្នាំ២០០៥ បានធ្វើឲ្យរដ្ឋាភិបាលរបស់លោកប៊ូសទទួលរងនូវការរិះគន់មិនតិចទេ ជុំវិញការចាត់ចែងគ្រោះមហន្តរាយនេះ។ ដូច្នេះ ចង់មិនចង់ សំណួរចោទឡើងថា តើព្យុះ Sandy អាចនឹងបង្កបញ្ហាដល់លោកអូបាម៉ា ដូចជាជា Katrina ចំពោះលោកប៊ូសដែរឬទេ?
ការស្ទាបស្ទង់មតិជាទូទៅបង្ហាញថា លោកអូបាម៉ា និងលោករ៉ូមនី កំពុងតែមានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា ហើយនៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោត។ ដូច្នេះ បញ្ហាតែបន្តិចណាមួយនោះ ក៏អាចនឹងធ្វើឲ្យប្រែប្រួលលទ្ធផលបោះឆ្នោតបានដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ