នាយករដ្ឋមន្ត្រីសន្យាចុះចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋដោយផ្ទាល់ដៃ

ក្រោយពីបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តជិត ៨០០ នាក់ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា នឹងចុះទៅចែកប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីដោយផ្ទាល់ដៃក្រោយពេលដែលប្រតិបត្តិការវាស់វែងដីធ្លីនេះចប់រួចរាល់។ នៅក្នុងទំនាស់ដីធ្លីនេះដែរ ជនជាប់ចោទក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍នៅឃុំកំពង់ដំរីខេត្តក្រចេះបានចូលសារភាពជាមួយសមត្ថកិច្ចបណ្តើៗហើយក្រោយការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា នឹងចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋនៅក្នុងភូមិណាដែលត្រូវបានវាស់វែងចប់មុនគេ ដើម្បីជានិមិត្តរូបក្នុងការធានាសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ។ ថ្លែងពីខេត្តកំពង់ចាមនាឱកាសទិវាមច្ឆជាតិ ប្រមុខរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរខេត្តនានានិងប្រជាពលរដ្ឋជួយសម្រួលដល់ការចុះវាស់វែងដីធ្លី ដើម្បីដំណើរការឲ្យបានឆាប់រហ័ស។ ការប្រកាសបែបនេះបានធ្វើឡើងបន្ទាប់ពីយុវជនស្ម័គ្រចិត្តចំនួនជិត ៨០០ នាក់បានចេញដំណើរពីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ឆ្ពោះទៅកាន់បណ្តាខេត្តនានា ដើម្បីវាស់វែងដីជូនពលរដ្ឋដែលមិនទាន់មានកម្មសិទ្ធិដីធ្លីនៅឡើយ។ ក្រុមយុវជនស្ម័គ្រចិត្តប្រមាណជាជិត ៤០០នាក់ផ្សេងទៀតនឹងចេញដំណើរទៅកាន់គោលដៅដែរនៅថ្ងៃទី២ ខែកក្កដាស្អែកនេះ។
ក្រុមយុវជនស្មគ្រ័ចិត្តដែលដឹកនាំដោយលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី និងធ្វើការជាមួយអ្នកជំនាញ ដើម្បីវាស់ព្រំដីចែកជូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីរបស់រដ្ឋ ឬលើដីសម្បទាន។ យ៉ាងណាក៏ដោយ បេសកកម្មនេះមិនអាចវាស់វែងដីដែលកំពុងមានទំនាស់បានទេ។ បើយោងតាមលោកនាយករដ្ឋមន្ត្រី ដីណាដែលមានជម្លោះដណ្តើមគ្នារវាងប្រជាពលរដ្ឋ ត្រូវទុកឲ្យតុលាការកាត់សេចក្តីជាមុនសិន។ ប៉ុន្តែ សម្រាប់ពលរដ្ឋដែលកំពុងរស់នៅលើដីរបស់រដ្ឋ និងរបស់ក្រុមហ៊ុនសម្បទាន ក្រុមការងារនឹងវាស់ព្រំដីដើម្បីផ្តល់កម្មសិទ្ធិដល់ពួកគេ។
នៅក្នុងទំនាស់ដីនេះដែរ ជនជាប់ចោទ៣នាក់ក្នុងចំណោម៥នាក់ ដែលក្រសួងមហាផ្ទៃប្រកាសចាប់ខ្លួនពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ក្នុងឃុំកំពង់ដំរី ខេត្តក្រចេះនោះបានចេញមកសារភាពចំពោះមុខអាជ្ញាធរហើយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកទាំងនោះចេញមកសារភាព កាលពីថ្ងៃទី២៦មិថុនា។ នេះបើយោងតាមប្រភពពីក្រសួងមហាផ្ទៃ។ ពួកគេនឹងត្រូវអាជ្ញាធរលើកលែងទោស និងប្រែក្លាយទៅជាសាក្សីដើម្បីដាក់បន្ទុកលើមេខ្លោង។ មេខ្លោងដែលអាជ្ញាធរសង្ស័យថាជាលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
ដំណើរការផ្តល់កម្មសិទ្ធិដីជូនពលរដ្ឋនៅពេលនេះគឺជាជំហានមួយក្នុងការឈានទៅកាត់បន្ថយបញ្ហាដីធ្លីនៅកម្ពុជា ប៉ុន្តែ គេមិនដឹងថា ការវាស់វែងដីធ្លីរបស់ក្រុមយុវជនស្ម័គ្រចិត្តដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រីនៅពេលនេះអាចបញ្ចប់បញ្ហាដីធ្លីដ៏ស្មុគស្មាញបានដែរឬយ៉ាងណានោះទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ (2)
My God
នាយករដ្ឋមន្រ្តី ត្រូវតែខ្វល់ខ្វាយចំពោះប្រជាពលរដ្ឋយ៉ាងហ្នឹងឯង....នេះហើយលទ្ធិប្រជាធិបតេយ្យ....ការស្វែងរកសម្លងឆ្នោត គឺជារឿងធម្មតាទៅហើយ សម្រាប់អ្នកនយោយបាយទូទៅ គ្រាន់តែខុសគ្នាត្រង់ថា អ្នកខ្លះធ្វើយ៉ាងនេះ អ្នកខ្លះធ្វើយ៉ាងនោះ!!!
អ្នកធ្វើច្រើនតែខុស ចុះអ្នកអត់អីសោះ យ៉ាងម៉េចវិញ?
ហ៊ុនសែនចាប់ផ្តើមរកសន្លឹកឆ្នោត
ហ៊ុនសែនចាប់ផ្តើមរកសន្លឹកឆ្នោត២០១៣ខាងមុខហើយ កាត់ដីហើយគេហើយ ធ្វើជាយកមកវិញឲ្យប្រជាជន។ ចុះកាលពីមិនទាន់ដល់ជិតបោះឆ្នោតម៉េចមិនធ្វើផង។ ដល់ពេលបោះឆ្នោតរួចចងអាណាយកអីកយកទៅអាណាស្លាប់អីក៏ស្លាប់ទៅ ពួកឯងតវ៉ាដល់ស្លាប់ទៀតឯញមិនខ្ចីខ្វល់ ព្រោះអញដល់ត្រើយហើយ អាណាស
ប្រតិកម្មជុំវិញអត្ថបទនេះ