អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋមន្ត្រី​ហ៊ុន សែន ណែនាំ​មិនឲ្យ​មន្ត្រី​ធ្វើជា​អ្នក​ត្រួតត្រា​ប្រជាជន

ចំពោះមុខ​មន្ត្រី​រាជការ ដែល​ទើបតែ​បញ្ចប់​ការសិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ចេញ​នូវ​សេចក្តីណែនាំ​មួយ អំពី​ឥរិយាបថ សីលធម៌ និង​គុណធម៌​របស់​មន្ត្រីរាជកា​រ​។ នោះ​គឺ​មន្ត្រីរាជការ មិនមែន​ជា​អ្នកត្រួតត្រា ឬក៏​ជា​ម្ចាស់​របស់​ប្រជាជន​ទេ​។ ផ្ទុយទៅវិញ មន្ត្រីរាជការ ជា​អ្នកបម្រើ និង​ជា​អ្នកផ្តល់​សេវា​ជូន​ប្រជាជន​។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​មន្ត្រីរាជការ​ជាន់​ខ្ពស់ និង​មធ្យម សរុប​ទាំងអស់ ៣១៦នាក់ ដែល​ទើបតែ​បញ្ចប់​ការសិក្សា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តាំផ្ញើ​ថា មន្ត្រីរាជការត្រូវ​ចាំ​ឲ្យបាន​ថា មន្ត្រី​មិនមែនជា​អ្នក​ត្រួតត្រា ហើយក៏​មិន​មែនជា​ម្ចាស់​របស់​ប្រជាជន​ទេ​។ ផ្ទុយទៅវិញ មន្ត្រីរាជការ​ជា​​អ្នក​បម្រើ និង​​ជា​អ្នកផ្តល់​សេវា​ជូន​ប្រជាជន​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ទៅលើ​ចំណុច​នេះ​។ បើ​តែងតាំង​ជា​មន្ត្រី​ភ្លាម ហើយ​បែរជា​ថា ខ្លួន​ជា​ម្ចាស់​របស់​ប្រជាជន ជា​ចៅហ្វាយ​របស់​ប្រជាជន នេះ​គឺជា​ការខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​សីលធម៌​របស់​មន្ត្រី​។ អ៊ីចឹង ត្រូវ​ចាំ​ដាក់​ក្នុង​ចិត្ត ទុក​ជា​ចំណាំ ទៅលើ​ចំណុចនេះ​​ជាបឋម ថា ​ខ្លួន​គឺជា​ខ្ញុំបម្រើ​របស់​ប្រជាជន ជា​អ្នក​បម្រើ​របស់​ប្រជាជន ជា​អ្នក​ផ្តល់​សេវា​ឲ្យ​ប្រជាជន​"​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា ឥឡូវនេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​តារាង​តម្លៃ​សេវាសាធារណៈ សម្រាប់​ក្រសួង​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​តាម​តារាងបញ្ជី​នោះ​។ ជា​តារាង ដែល​បាន​កំណត់​ពី​តម្លៃ​បញ្ជាក់​លិខិតស្នាម​ផ្សេង នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ ពិសេស​នៅតាម​សាលាឃុំ​សង្កាត់ ដូចជា ការធ្វើ​សំបុត្រកំណើត និង​សំបុត្រ​អា​ពាហ៍​ពិពាហ៍ ជាដើម​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា “​បើ​គេ​ឲ្យ​យក ១.០០០​រៀល មន្ត្រី​ត្រូវយក ១.០០០រៀល​ ហើយ​ប្រឹងប្រែង​ធ្វើ ដូច​ជា​ មន្ត្រី​អត្រានុកូលដ្ឋាន ដែល​ប្រជាពលរដ្ឋ​ត្រូវការ​សំបុត្រកំណើត ឬ​សំបុត្រ​អា​ពាហ៍​ពិពា​ហ៍ ឬ​សំបុត្រមរណភាព ត្រូវ​ធ្វើ​ ហើយយក​លុយ​តាម​ការកំណត់។ ​អាច​ធ្វើ​រួចហើយ យក​ទៅឲ្យ​ប្រជាពលរដ្ឋ​ផង​”​។

​តារាង​តម្លៃ​សេវាសាធារណៈ សម្រាប់​ក្រសួង​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស​ហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់ កាលពីដើម​ខែ​កុម្ភៈ ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី​តាម​ស្ថាប័នរដ្ឋ​។ មន្ត្រីរាជការ ដែល​រំលោភ​លើ​បញ្ជី​តារាង​នោះ នឹង​ត្រូវ​ផ្តន្ទាទោស ពី​បទ​ពុករលួយ​។​

​នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​ចំពោះ​ការបញ្ចូល​យុវជន ជាពិសេស​ កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ា​នី និង​កូនប្រសារ លោក ឌី វិជ្ជា រួមទាំង​កូនប្រុស​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន ជា​បេក្ខភាព​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ​។​

​លោក​ហ៊ុន សែន បាន​មានប្រសាសន៍ថា "​កន្លង​ទៅ ​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ចេញ​នូវ​បេក្ខភាព​តំណាងរាស្ត្រ​។ មិនទាន់​បាន​អី​ផង ក៏​ធ្លាយ​​ចេញ​ទៅ​ក្រៅ​។ មាន​អ្នកធ្វើ​អត្ថាធិប្បាយ​មួយចំនួន គេ​ធ្វើ​អត្ថាធិប្បាយ ចូល​ក្នុង​របៀប​សន្តតិ​វង្ស ( សែស្រឡាយ )​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ជូន​ថា កន្លែង​មាន​តែ ១២៣ (អាសនៈ​រដ្ឋសភា) បូក​នឹង​បេក្ខភាព​បម្រុង ១២៣ ហើយ​ ​ខេត្ត​ខ្លះ​ទៀត បម្រុង​ឡើង​ទៅ​ដល់​៣​។ សរុបទៅ យើង​ថា ២៥០ នាក់​ទៅ​ចុះ​។ កន្លែង​តែ​ប៉ុណ្ណឹង ឯ​យុវជន​យើង​គ​គោក ប៉ុន្តែ​គេ​មាន​បាន​ឃើញ​យុវជន​នៅ​ក្នុង​កងទ័ព​? យុវជន​នៅក្នុង​នគរបាល? យុវជន​នៅតាម​ស្ថាប័ន​នានា ឬ​អត់​?​ បាន​មក​ផ្តោតអារម្មណ៍​អ្វីខ្លាំងម៉្លេះ​ទៅ​តែកន្លែង​ហ្នឹង​? ឥឡូវ​ យើង​ទាំងអស់គ្នា​កំពុង​ធ្វើ​អី​? អ្នក​ទាំងឡាយ អាយុ​មិន​ច្រើន​ទេ ហើយ​គ្មាន​នរណា​ចាប់ផ្តើម​ពី​អាយុ​ចាស់​ទេ​។ ចាប់ផ្តើម​ពី​យុវជន ហើយក៏​មិន​មែន​ចេះ​តែ​ចាប់​ដាក់​ទេ។ នៅទីនេះ មាន​ការប្រលងប្រជែង​"​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ណែនាំ​ជា​ចំហ ទៅកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​មន្ត្រី​រាជរដ្ឋាភិបាល ក្នុង​ស្ថាប័ន​នីមួយៗ អំពី​ការ​នាំពាក្យ ឬក៏​ការផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត​។ តាម​លោកនាយក​រដ្ឋមន្ត្រី អ្នកនាំពាក្យ​ទាំងនោះ មិន​ត្រូវ​តាំងខ្លួន ធ្វើជា​អ្នក​ចេះ​គ្រប់​រឿង ដែល​តែងតែ​នាំឲ្យ​មាន​កំហុស​។ ពោល​គឺ​អ្នកនាំពាក្យ​ទាំងនោះ ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន មុន​នឹង​នាំ​ពាក្យ​ប្រាប់​ដល់​អ្នកកាសែត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ