អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា ផ្អាក​ផ្តល់​សម្បទានដី​សេដ្ឋកិច្ច

នៅ​ថ្ងៃ​៧​ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការផ្តល់​ដី​សម្បទាន​​សេដ្ឋកិច្ច​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​ន៍កិច្ចសន្យា ស្តីពី​ដី​សម្បទាន​​សេដ្ឋកិច្ច ពិសេស​គឺ​ការអនុវត្ត​ន៍តាម​គោលនយោបាយ រូបមន្ត​ស្បែក​ខ្លា និង​ការ​មិន​ធ្វើឲ្យ​ប៉ះពាល់ដ​ល់​ដីធ្លី​សហគមន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ក៏​ត្រូវ​ពិនិត្យ ដកហូត​ដី​សម្បទាន ពី​ក្រុមហ៊ុន​ណា ដែល​មិន​គោរព​ច្បាប់​ផងដែរ​។​

​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន
​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បទបញ្ជា ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ដីសម្បទាន​​សេដ្ឋកិច្ច របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើង តាម​តម្រូវការ​ចាំបាច់ និង​បន្ទាន់​ចំពោះមុខ ក្នុង​ការធានា​សមធម៌ និង​បង្កើន​ប្រសិទ្ធិភាព នៃ​ការ​គ្រប់គ្រង​ដីសម្បទានដី​សេដ្ឋកិច្ច​។​ ក្នុង​បទបញ្ជា ដែលមាន ៤ ចំណុច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​​ប្រសិទ្ធិភាព​ខ្ពស់ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​ន៍កិច្ចសន្យា​ស្តីពី​សម្បទាន​ដី​សេដ្ឋកិច្ច ពិសេស​គឺ​ការអនុវត្ត​ន៍តាម​គោលនយោបាយ​រូបមន្ត​ស្បែក​ខ្លា និង​ការ​មិន​ធ្វើឲ្យ​ប៉ះពាល់​ដ​ល់​ដីធ្លី​សហគមន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

តាម​បទបញ្ជា ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោ​លការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​លរួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដោយ​កាប់​ឈើ​លក់ ហើយ​មិន​ធ្វើ​ការអភិវឌ្ឍ​ន៍ដី​សម្បទាន ទន្ទ្រាន​ដី​បន្ថែម ទុក​ដី​ចោល​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​នៃ​កិច្ចសន្យា បំពាន​ដី​របស់​ប្រជាពលរដ្ឋ ឬ​ដី​សហគមន៍ រដ្ឋាភិបាល​នឹង​ដកហូត​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​មក​វិញ​។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវបាន​ដកហូត​មក​វិញ​នោះ នឹង​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ ដោយផ្ទាល់​។​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា ចំពោះ​ដីសម្បទាន​សេដ្ឋកិច្ច ដែល​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រដ្ឋាភិបាល​រួចហើយ មុន​ថ្ងៃ​ចេញ​បទបញ្ជា នៅ​ថ្ងៃ​៧​ឧសភា​នេះ ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។

បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល​លោក សុរិយា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ទស្សនកិច្ច​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​ផ្តោត​សំខាន់​លើ​ការផ្តល់​ដី​សម្បទាន និង​ផលប៉ះពាល់​ដល់​សហគម​ន៍ នៅ​កម្ពុជា​។ ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ខាងលើ ត្រូវបាន​លោក ចាន់ សុ​វ៉េ​ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត របស់​អង្គការ​សិទ្ធិមនុស្ស អាដហុក បាន​សាទរ​ចំពោះ​ចំណាត់ការ ដែល​លោក​ចាត់​ទុ​កថា ហាក់​ដូច​ជា យឺត​ពេល​បន្តិច​លើ​បញ្ហា​ដីសម្បទាន​សេដ្ឋកិច្ច ព្រោះ​បញ្ហា​ដី​សម្បទាន មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ចាប់តាំងពី​ឆ្នាំ​២០០៩​។

សកម្មជន​សិទ្ធិមនុស្ស ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ដក​ហូត​ដី​សម្បទាន ពី​ក្រុមហ៊ុន​ឯកជន ដែល​កើត​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ទើប​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ដែល​កំពុង​កើតមាន នា​ពេល​សព្វថ្ងៃ​។ ដីសម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស អាដហុក លើកឡើងថា ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ចំនួន ៧៥១.៨៨២ ហិកតា​។ ផ្ទៃ​ដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។ គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ អាដហុក រកឃើញថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច យ៉ាង​ហោចណាស់ ២.២៧៦.៣៤៩ ហិកតា ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥ ក្រុមហ៊ុន តាម​រយៈ​ក្រសួង​កសិកម្ម និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។ នេះ​មិន​ទាន់​រាប់បញ្ចូល​ដី​សម្បទាន​តាម​ក្រសួង​ដទៃទៀត សម្រាប់​រុករក​រ៉ែ និង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ