អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន និង​សម រង្ស៊ី ឆ្លៀត​ជួបគ្នា​ក្នុង​ថ្ងៃ​បើក​បវេសនកាល​សភា

នៅ​ថ្ងៃ​ទី​១​តុលា​នេះ រដ្ឋ​សភា​ជាតិ​កម្ពុជា​ដែល​មាន​សមាស​ភាព​ទាំង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​បវេសន​កាល​នៃ​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី៣ នីតិកាល​ទី។ ក្នុង​ថ្ងៃ​បើកប​វេស​នាកាល​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី បាន​ឆ្លៀត​ជួប​ពិភាក្សា​គ្នា​ទ្វេ​ភាគី។

លោកសម រង្ស៊ី នៅក្នុងឱកាសបើកបវេសនកាលរដ្ឋសភា នៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤
លោកសម រង្ស៊ី នៅក្នុងឱកាសបើកបវេសនកាលរដ្ឋសភា នៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី បាន​ឆ្លៀត​ជួប​ពិភាក្សា​ទល់​មុខ​ក្នុង​ចន្លោះ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ នា​ថ្ងៃ​បើក​បវេសន​កាល​ថ្ងៃ​ទី​១​តុលា​នេះ។ ពោល​គឺ​អ្នក​នយោបាយ​ទាំង​ពីរ បាន​ចេញ​ជួប​គ្នា​នៅ​ម៉ោង ៩​ព្រឹក ហើយ​ការ​ជួប​ទល់​មុខ​នេះ​បន្ត​ដល់​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក។ លោក​សម រង្ស៊ី​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ដែល​នៅ​ស្ទាក់​សួរ​ក្រោយ​កិច្ច​ជំនួប​នោះ​ថា លោក​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នយោ​បាយ​ទូទៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​រដ្ឋ​សភា​ដំណើរ​ការ​ទៅ​ដោយ​រលូន។

ចំណែក​ឯ ការចាប់​ខ្លួន​យុវជន​ម្នាក់​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​ថ្មី​នោះ ក៏​បាន​ពិភាក្សា​គ្នា​ដែរ។ ក្រៅពី​នោះ ប្រធាន​បទ​ក្តី​បារម្ភ​ព្រួយ​របស់​ពល​រដ្ឋ​រឿង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ក៏ត្រូវ​បាន​លើក​ឡើង​ផង​ដែរ។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឡែក​លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​អ្នក​សារព័ត៌​មាន​នោះទេ​។

នៅ​ថ្ងៃ​ទី​១ តុលា​នេះដែរ​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បរមនាថ​នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះ​រាជសារ​ចូលរួម​អបអរ​សាទរ​នៃ​ការ​បើក​បវេសន​កាល​របស់​រដ្ឋ​សភា​លើក​ទី៣ នីតិកាល​ទី​៥​នេះ​។ ព្រះ​មហាក្សត្រ​ទ្រង់ បាន​ព្រះ​រាជ​ឱងកា​ស្នើ​ឱ្យ​រដ្ឋ​សភា​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ជាតិ ដើម្បី​សម្រេច​ទិស​ដៅ និង​ធានា​បាន​នូវ​ស្ថេរភាព​នយោ​បាយ សន្តិភាព សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព សមធម៌ រួម​ទាំង​ការ​រស់​នៅ​សុខ​ដុម​រមនា​របស់​ប្រជា​នុរាស្ត្រ​ជាដើម​។

សូម​បញ្ជាក់​ថា ការ​ជួប​ប្រជុំ​គ្នា​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ ខណៈដែល​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​សំណុំ​រឿង​បាតុកម្ម​នានា​ដែល​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម។ លោក​សម រង្ស៊ី​ធ្លាប់​បាន​បញ្ជាក់​កន្លងទៅ​ថា ល្គឹក​ណា​នៅ​តែ​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​នោះ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​កិច្ច​ប្រជុំ​ទល់​មុខ​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​បាន​ចំណាយ​អស់​រយៈពេល​មួយ​ម៉ោង​នេះ ត្រូវបាន​គេ​ជឿ​ជាក់​ថា​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​គ្នា​យ៉ាង​លំអិត​ព្រោះ​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​១​ហើយ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ចូល​ប្រជុំ​សភា​កាល​ពី​ដើម​ខែ​សីហា​ក្រោយ​ពហិការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ