អានតួអត្ថបទ
ភូមា

បញ្ហា​​សិទ្ធិមនុស្ស​ភូមា​នឹង​ត្រូវ​គេ​លើក​ទៅ​ជជែក​ នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ណៃពីដ៍រ

ភូមា​បើក​ទ្វារ នៅថ្ងៃសុក្រទី ៨​សីហា ទទួល​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដែល​នឹង​ត្រូវ​បញ្ចប់​នៅថ្ងៃ​អាទិត្យ។ ក្រៅតែ​ពី​ផ្តោត​សំខាន់​ទៅលើ​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង ជំនួប​ប្រជុំ​ថ្នាក់​អន្តរជាតិ​នឹង​ធ្វើ​ឲ្យ​គេ​សើរើ និយាយ​ឡើងវិញ​ផងដែរ​ពី​បញ្ហា​គោរព​សិទ្ធិ មនុស្ស និង​កំណែទម្រង់​ដែល​រដ្ឋាភិបាល​ភូមា​ថ្មី​ធ្លាប់​បាន​សន្យា​ធ្វើ ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោកខាងលិច។  

ប្រធានាធិបតី​ភូមា លោក​ថេន សេន នៅក្នុងពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន នៅថ្ងៃ​ទី ៨​សីហា ២០១៤
ប្រធានាធិបតី​ភូមា លោក​ថេន សេន នៅក្នុងពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន នៅថ្ងៃ​ទី ៨​សីហា ២០១៤ ©EUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ស៊ីវិល​ភូមា​បាន​ប្រសូត្រ​ចេញ​ពីការបោះឆ្នោត នៅ​ឆ្នាំ ២០១១ បន្ទាប់ពី​របបសឹក​បាន​រំលាយ​ខ្លួន។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង រដ្ឋាភិបាល​ភូមា​ថ្មី​បាន​បង្ហាញ​ឆន្ទះ​ធ្វើ​កំណែ ទម្រង់​យ៉ាងស្វាហាប់ ដោយ​បាន​ដោះលែង​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ភូមា និង​បាន​បើក​សិទ្ធិ​សេរីភាព​ដល់​អ្នកកាសែត។ កិច្ច​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ភូមា​ថ្មី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​លោកខាងលិច​ស្វាគម និង​ដក​ចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​គេ​ធ្លាប់​ដាក់​ទៅលើ​ភូមា ដោយសារ​នយោបាយ​ផ្តាច់ការ​របស់​របបសឹក​កន្លងមក។

 
ប៉ុន្តែ នៅ ប៉ុន្មាន​ខែ​ចុងក្រោយនេះ ពោល​គឺ​មួយឆ្នាំ​មុន​ការបោះឆ្នោត​សភា នៅ​ឆ្នាំ ២០១៥ កំណែទម្រង់​សន្យា​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ថ្មី​ហាក់​នៅទ្រឹង ឬ​សឹង​ដើរ​ថយក្រោយ បន្ទាប់ពី​មាន​ការចាប់ខ្លួន​អ្នកកាសែត និង​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ភូមា។ អង្គការ​អ្នកការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ភូមា​ថា មិន​ជួយ​អន្តរាគម ផ្ទុយ​ទៅវិញ បណ្តោយ​ទុក​ឲ្យ​ក្រុម​ពុទ្ធសាសនា​ជ្រុលនិយម នៅ​ភូមា​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​សហគមន៍​អ៊ីស្លាម។ មួយវិញ ទៀត គេ​ព្រួយបារម្ភ​ផងដែរ​ពី​ការរឹតបន្តឹង​ទៅលើ​សេរីភាព​បញ្ចេញមតិ បន្ទាប់ពី តុលាការ​ភូមា​ទើប​បាន​កាត់ទោស អ្នកកាសែត​៥​នាក់ ឲ្យ​ជាប់ គុក​១០​ឆ្នាំ និង​ធ្វើការងារ​ដោយ​បង្ខំ បន្ទាប់ពី​អ្នកកាសែត​ទាំងនោះ​ព្យាយាម​រាយការណ៍​ពី​បន្ទាយ​ផលិត​អាវុធ​គីមី​របស់​កងទ័ព​ភូមា។

តាម​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក​ចន ឃេរី​ដែល​ត្រូវ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន នៅថ្ងៃ​អាទិត្យ និង​និយាយ​រំលឹក​ឲ្យ​អាជ្ញាធរ​ភូមា​គោរព​សិទិ្ធមនុស្ស និង​ជំរុញ​លទ្ធិប្រជាធិបតេយ្យ។ តាម​រដ្ឋមន្រ្តី​ការបរទេស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ នៅ​ពេល​ដែល​ការបោះឆ្នោត​កាន់តែ​ខិត​ចូល​មកដល់ រដ្ឋាភិបាល​ភូមា​ដាក់​គំនាប​កាន់តែ​ខ្លាំង​ទៅលើ​សេរីភាព​បញ្ចេញ​មតិ ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ។

នៅ​មួយឆ្នាំ​មុន​ការបោះឆ្នោត​សភា គណបក្ស​ប្រឆាំង​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​វិញ​កំពុង​ប្រមូល​បាន​ញត្តិ​គាំទ្រ​ពី​ប្រជាជន​ជិត ៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោត ២០​លាននាក់ ដើម្បី​ទាមទារ​ឲ្យ​មាន​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ គណបក្ស​ប្រឆាំង​ចង់​ឲ្យ​គេ​កែប្រែ​ច្បាប់ ដើម្បី​កាត់បន្ថយ​ចំនួន​កៅអី​របស់​កងទ័ព​នៅ​សភា និង​លុប​ចោល​ច្បាប់​ដែល​អាច​រារាំង​លោកស្រី​អ៊ុងសាន ស៊ូជី មិន​ឲ្យ​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ