អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដែនដី​ហុងកុង​ស្ថិតក្រោម​សម្ពាធ​នៅ​ក្នុង​ថ្ងៃ​ខួបគម្រប់ ៦៥ឆ្នំា​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

១ តុលា ១៩៤៩-១ តុលា ២០១៤ ថ្ងៃ​នេះ​ប្រទេស​ចិន​បាន​រៀបចំ​បុណ្យខួប​គម្រប់ ៦៥ឆ្នំា​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋប្រជាមានិត​ចិន។ គឺ​ជា​ថ្ងៃ​បុណ្យជាតិ​សម្រាប់​ប្រជាជន​ចិន​ទំាង​អស់ រាប់​ទំាង​អ្នក​រស់នៅ​ហុងកុង​ផង​ដែរ។ តែ​សម្រាប់​ប្រជាជន​ហុងកុង​មួយ​ចំនួន ពិសេស​ក្រុមបាតុករ​ដែល​ដឹកនំា​ដោយ​សិស្ស និង​និស្សិត ពួក​គេ​បាន​រៀបចំ​ពិធី​បុណ្យជាតិ​ថ្ងៃ​នេះ​តាម​របៀប​ដាច់​ដោយ​ឡែក​របស់​ខ្លួន នោះ​គឺ​ការ​បន្ត​ទាមទារ​ឲ្យ​រដ្ឋអំណាច​ក្រុង​ប៉េកំាង​ផ្តល់​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ពួក​គេ​បន្ថែម​ទៀត។ គួរ​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ​ដែល​ប្រជាជន​ហុងកុង​នំា​គ្នា​ចុះ​ផ្លូវ​ ប្រឆំាង​នឹង​នយោបាយ​អត្តនោម័តិ​របស់​ចិន​នៅ​ហុងកុង។

ក្រុម​បាតុករ​សិស្ស និស្សិត​នៅ​ហុងកុង
ក្រុម​បាតុករ​សិស្ស និស្សិត​នៅ​ហុងកុង REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ប្រជាជន​ចិន​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​គម្រប់ ៦៥ឆ្នំា​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋប្រជាមានិត​ចិន​ថ្ងៃទី១ តុលា ឆ្នំា ១៩៤៩ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជា​ខួបកំណើត​គណបក្ស​កុម្មុយនិស្ត​ចិន។ នៅ​ដែនដី​ហុងកុង ថ្ងៃទី១ តុលា​ថ្ងៃ​នេះ ក៏​មិន​ខុស​ប្លែក​អ្វី​ពី​ថ្ងៃ​ម្សិលមិញ ឬ​ថ្ងៃ​ម្សិលម្ង៉ៃ​ដែរ គឺ​ជា​ថ្ងៃ​ដែល​ក្រុម​បាតុករ​សិស្ស និស្សិត​បន្ត​ធ្វើ​បាតុកម្ម ក្រាញ​ននៀល​ទាមទារ​ឲ្យ​រដ្ឋអំណាច​ចិន​ផ្តល់​ឲ្យ​ហុងកុង​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ក្នុង​ការ​សម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង។ អ្នកនំាពាក្យ​ម្នាក់​របស់​ក្រុមនិស្សិត​បាន​ប្រកាស​ថា ពួក​គេ​មិន​បាន​ចាត់​ទុក​ថ្ងៃ​នេះ ជា​ថ្ងៃ​អបអរសាទរ​អ្វី​ទេ តែ​ជា​ថ្ងៃ​ព្រួយបារម្ភ។

នៅ​ព្រលឹម​ស្រាងៗ​ព្រឹកមិញ ប្រជាជន​ហុងកុង​បាន​ភ្ញាក់​ពី​ដំណេក​ជាមួយ​នឹង​បរិយាកាស​តានតឹង​ខ្លំាង ព្រោះ​តំាង​ពី​អតីតដែនដី​អាណានិគមនិយម​អង់គ្លេស​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​កាល​ពី​ឆ្នំា ១៩៩៧ មក នេះ​ជា​លើកទី១ បង្អស់​ដែល​ហុងកុង​បាន​ធ្លាក់​ក្នុង​វិបត្តិសង្គម​មួយ​យ៉ាង​ជ្រៅ។ ឥឡូវ​នេះ គេ​កំពុង​បារម្ភ​ខ្លាច​តែ​មាន​ភាពវឹកវរ​ជា​ថ្មី​ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​រវាង​ក្រុមបាតុករ និង​កម្លំាង​ប៉ូលិស ព្រោះ​ថា​រហូត​មក​ដល់​ថ្ងៃ​នេះ គ្មាន​ភាគី​ណា​មួយ​យល់ព្រម​ចុះចាញ់​ទេ។

ប្រជាជន​ហុងកុង​កំពុង​បារម្ភ​ពី​អនាគត​នយោបាយ​មិន​ទៀងទាត់

គួរ​រម្លឹក​ជូន​ថា ការ​ផ្ទុះ​វិបត្តិ​នៅ​ហុងកុង​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ការ​​ប្រកាស​របស់​ទីក្រុង​ប៉េកំាង​កាល​ពី​ខែ​សីហា​ដែល​ថា ចិន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​នៅ​ហុងកុង​ចាប់​ពី​ឆ្នំា ២០១៧ ទៅ។ តែ​បញ្ហា​នៅ​ត្រង់​ថា ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​បាន​ចិន​ជា​អ្នក​កំណត់ និង​ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួន​ឯង។ ឃើញ​ថា អ្វី​ដែល​ប្រជាជន​ហុងកុង​កំពុង​បារម្ភ​ជាង​គេ​នោះ គឺ​អនាគត​នយោបាយ​មិន​ច្បាស់លាស់​នៅ​ហុងកុង។ សូម​ជម្រាប​ជូន​ថា គឺ​ទើប​តែ​ក្នុង​រយៈពេល ១៧ឆ្នំា​ចុង​ក្រោយ​នេះ​ទេ​ដែល​ប្រជាជន​ហុងកុង​បាន​ភ្លួករសជាតិ​ចិន​កុម្មុយនិស្ត​ដោយ​ផ្ទាល់។ គឺ​ជា​របប​មួយ​ដែល​គេ​ពិបាក​ទ្រំា​រស់នៅ ព្រោះ​ប្រជាជន​ហុងកុង​ភាគច្រើន​មាន​ទម្លាប់​តែ​ជា​មួយ​របប​ប្រជាធិបតេយ្យ​ដែល​មាន​សិទ្ធិសេរីភាព​ពេញទី។

រយៈពេល​ប៉ុន្មាន​ឆ្នំា ក្រោយ​ពី​ដែនដី​ហុងកុង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ចិន​ក្នុង​ឆ្នំា ១៩៩៧ មក មាន​ប្រជាជន​ហុងកុង​ប្រមាណ​ជា ៦០ ០០០នាក់​បាន​ចាកចេញ​ពី​ហុងកុង​ទៅ​តំាង​លំនៅដ្ឋាន​ក្នុង​ប្រទេស​ផ្សេង​ជា​រៀងរាល់​ឆ្នំា។ លទ្ធផល​ស្ទង់មតិ​របស់​សាកលវិទ្យាល័យ​ចិន​នៅ​ហុងកុង​បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា មាន​ប្រជាជន​ហុងកុង​ចំនួន ២១% ក្នុង​ចំណោម​ប្រជាជន​សរុប ៧លាននាក់​នៅ​ហុងកុង​សព្វថ្ងៃ​ត្រៀម​ខ្លួន​នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង។ ការ​កត់សម្គាល់​មួយ​ទៀត គឺ​ទាក់ទង​នឹង​សកម្មភាព​សេដ្ឋកិច្ច។ នៅ​មុន​ឆ្នំា ១៩៩៧ ប្រជាជន​ចិន​មាន​ចំនួន​ច្រើន​ជាង​ប្រជាជន​ហុងកុង​ដល់​ទៅ ២១៦ដង តែ​មាន​ទម្ងន់​សេដ្ឋកិច្ច​ច្រើន​ជាង​ហុងកុង​មិន​ដល់ ៦ដង​ផង។ តែ ១៧ឆ្នំា​ក្រោយ​មក សេដ្ឋកិច្ច​ចិន​មាន​សន្ទុះ​លឿន​ជាង​ហុងកុង​ឆ្ងាយ​ណាស់។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៣ ផលិតផល​សរុប​ក្នុង​ស្រុក​​របស់​ចិន​មាន​ទំហំ​ធំ​ជាង​ហុងកុង​ជិត ៣៤ដង។ កាល​ពី ១៧ឆ្នំា​មុន សេដ្ឋកិច្ច​ហុងកុង​មាន​ចំណែក​ជាង ១៨% នៃ​សេដ្ឋកិច្ច​ចិន តែ​សព្វថ្ងៃ​នេះ មាន​មិន​ដល់ ៣% ផង។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​សព្វថ្ងៃ​នេះ មាន​រោងចក្រ សហគ្រាស​ប្រមាណ​ជា ៦០ ០០០ ដែល​មាន​ម្ចាស់​ជា​ហុងកុង និង ដែល ៣០% នៃ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​រវាង​ចិន និង​ប្រទេស​ផ្សេង​សព្វថ្ងៃ​កំពុង​គ្រប់គ្រង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​របស់​រដ្ឋបាល​នៅ​ហុងកុង។ ម្យ៉ាង​ទៀត ហុងកុង​ជា​ទីកន្លែង​ប្រកួតប្រជែង​លំដាប់ទី៧ នៅ​ក្នុង​ពិភពលោក រីឯ​ចិន​ស្ថិត​លំដាប់​ទី២៨។ បច្ចុប្បន្ន ហុងកុង​ជា​ដែនដី​មួយ​ដែល​ចិន​អនុញ្ញាត​ឲ្យ​បន្ត​រក្សា​អធិបតេយ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ដូច​ក្នុង​ជំនាន់​អង់គ្លេស រួម​មាន ផ្នែក​រូបិយវត្ថុ ផ្នែក​ពន្ធដារ ប្រព័ន្ធច្បាប់ ផ្នែក​ថវិកា និង​មាន​រដ្ឋធម្មនុញ្ញ​ដាច់​ដោយ​ឡែក​របស់​ខ្លួន។ គឺ​លើកលែង​តែ​កិច្ចការ ការពារជាតិ និង​កិច្ចការ ការបរទេស​ចេញ។

សេណារីយ៉ូ​នៅ​ថ្ងៃ​ខាង​មុខ

អាច​មាន​សេណារីយ៉ូ​សំខាន់ៗ​ចំនួន ៣ ទី១៖ ចលនា​ដើម្បី​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​អាច​នឹង​រីក​កាន់​តែ​ធំទៅៗ ពិសេស​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ថ្ងៃ និង​ថ្ងៃ​ស្អែក​ដែល​នឹង​អាច​មាន​មនុស្ស​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​សិស្ស និស្សិត​កាន់​តែ​ច្រើន​ទៅៗ។ នៅ​ពេល​នោះ និង​បើ​ស្ថានការណ៍​កាន់​តែ​ពុះកញ្ជ្រោល រដ្ឋអំណាច​ហុងកុង​អាច​នឹង​ផ្តើម​គិតគូរ​ពី​ការ​ទាមទារ​របស់​បាតុករ ឬ​មួយ​ក៏​បង្កើន​កម្លំាង​ប៉ូលីស​បន្ថែម​ដើម្បី​វាយបង្រ្កាប។ មាន​ការ​លើក​ឡើង​ថា ស្ថានការណ៍​នឹង​អាច​ធូរស្រាល បើ​លោក​ប្រមុខ​ដឹកនំា​ហុងកុង លឿង ជុនយីង​ចុះ​ពី​តំណែង។ តែ​ប្រហែល​មិន​អាច​ទៅ​រួម​ទេ។

ទី២៖ ចលនា​បះបោរ​នឹង​អាច​ធ្លាក់​ចុះ​ឥទ្ធិពល​ដោយ​ខ្លួន​ឯង ប្រសិន​បើ​មាន​ការ​វាយបង្រ្កាប​ខ្លំាង​ពី​កម្លំាង​ប៉ូលីស ឬ​មួយ​ក៏​មាន​ការ​ចូលរួម​របស់​បាតុករ​កាន់​តែ​តិច​ឡើងៗ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ក្រុមបាតុករ​ក៏​ត្រូវ​ការ​ការ​ជួយគំាទ្រ​ពី​ប្រជាជន​នៅ​ក្នុង​តំបន់​ដែរ ពិសេស​តំបន់​ជំនួញ​ដែល​កំពុង​រ៉ៅឆាន​ដោយ​ពួក​បាតុករ និង​សេណារីយ៉ូ​ទី៣ គឺ​ការ​លូក​ដៃ​អន្តរាគមន៍​ពី​រដ្ឋអំណាច​ទីក្រុង​ប៉េកំាង​ដោយ​ផ្ទាល់។ ក្នុង​ករណី​នេះ គឺ​ការ​បញ្ជូន​កម្លំាង​ទ័ព​ចិន​ទៅ​បោសសំអាត​ក្រុមបាតុករ​ហុងកុង ដូច​ដែល​ចិន​បាន​ធ្វើ​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីលាន​ធានអាន់មេន​កាល​ពី​ឆ្នំា ១៩៨៩។

តែ​ខណៈ​នេះ លោក​ប្រមុខ​ដឹកនំា​ហុងកុង លឿង ជុនយីង និង​ប៉េកំាង​បាន​យល់​ដូច​គ្នា​ថា ហុងកុង​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ ទន្ទឹម​គ្នា​នេះ អាមេរិក​បាន​អំពាវនាវ​ឲ្យ​ចិន​ព្យាយាម​អត់ធ្មត់​ចំពោះ​ចលនា​បះបោរ​​របស់​សិស្ស និស្សិត​ហុងកុង។ នៅ​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ទទួល​ជួប​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​ក្នុង​ទីក្រុង​វ៉ាស៊ីតោន និង​ដែល​បញ្ហា​ហុងកុង​ជា​ប្រធានរឿង​មួយ​មិន​អាច​ខ្វះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ