អានតួអត្ថបទ
ហុងកុង​

ប៉េកាំង​នឹង​ដាក់​ទោស​អ្នកតំណាង​សភា​ហុងកុង​ម្នាក់​ដែល​ហ៊ាន​រិះគន់​ប្រមុខ​ដឹកនាំ​​ហុងកុង​

សមាជិក​សភា​ហុងកុង​ម្នាក់​ស្និត​នឹង​ប៉េកាំង លោក James Tien ​​ អាច​នឹង​បាត់បង់​មុខ​តំណែង​​ជាន់​ខ្ពស់​ក្នុង​បក្សកុម្មុយនិស្ត​ចិន ​បន្ទាប់ពី​បាន​ហា​មាត់​រិះគន់​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​លោក លឿង​ជន់យីង( Leung Chun-ying)- នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ​Michel Tien ដែល​ជា​ប្អូន ប្រុស​​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ពុធ២៩​តុលា​នេះ ។​ 

លោកជេម មី​ជៀន(James Tien) សមាជិកសភាហុងកុង
លោកជេម មី​ជៀន(James Tien) សមាជិកសភាហុងកុង REUTERS
ផ្សាយពាណិជ្ជកម្ម

 

ជា​សមាជិក​សភា​ហុងកុង​ស្និទ្ធ​នឹង​ប៉េកាំង លោក James Tien ក៏​ជា​អ្នក​នយោបាយ​និង​អ្នក​ជំនួញ​ ​ដ៏​សំខាន់​ម្នាក់​នោះ ​ បាន​ថ្លែង​រិះគន់​យ៉ាង​ចំហ​លើ​រូប​ចៅហ្វាយ​ក្រុង​ហុងកុង​លោក លឿង​ជន់យីង​ (Leung Chun-ying )កាលពី​សប្តាហ៍​មុន ​ ថា​គួរតែ​លាលែង​ចេញ​ពី​មុខ​តំណែង ពីព្រោះ​​ ​លោក​មិន​អាច​​បិទ​បញ្ចប់​ចលនា​បាតុកម្ម​ទាមទារ​លិទ្ធិ​ប្រជាធិបតេយ្យ។ បាតុកម្ម​ដែល​បាន ​ធ្វើ​ឲ្យ​សង្កាត់​នានា​នៅ​ហុងកុង​កក​ស្ទះ ​គ្មាន​សកម្មភាព​ជាង​មួយ​ខែ​មក​ហើយ។

“ការ​រិះគន់​ប្រមុខ​រដ្ឋាភិបាល​ហុងកុង​ត្រង់ៗ​នេះ ប្រហែល​ជា​មូលហេតុ​ដ៏​ចំបង ដែល​អាច​ធ្វើ​ឲ្យ​លោក​ James ​បាត់បង់​តួនាទី​ជាន់​ខ្ពស់​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន” -នេះ​បើ​យោង​តាម​ការ​អះអាង​បញ្ជាក់​របស់​លោក​Michel Tien ដែល​ជា​ប្អូន​ប្រុស​និង​ក៏​ជា​សមាជិក​សភា​មួយ​រូប​ដែរ។
​​
គួរ​រំលឹក​ថា គណបក្ស​កុម្មុយនិស្ត​ចិន ​តែង​តែ​ការពារ​ជានិច្ច​​ប្រមុខ​ដឹក​នាំ​នៅ​ហុងកុង ហើយ កាល​ពី​ម្សិលមិញ​បាន​ប្រកាស​គាំទ្រ​លោក​លឿង​ជន់យីង​និង​អះអាង​ថា ប៉េកាំង​នឹង​រារាំង មិន​ឲ្យ​មាន​អន្តរាគមន៍​ពី​ខាង​ក្រៅ​ណា​មួយ​នៅ​ហុងកុង​ឬ​ក៏​នៅ​ម៉ាកាវ​ទេ។

លោក James Tien សមាជិក​សភា​មក​ពី​គណបក្ស​សេរី​ហុងកុង ​ជា​ក្រុម​អ្នក​នយោបាយ​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​និង​ជំនួញ​។ លោក បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត​ជុំវិញ​ជោគវាសនា​នយោបាយ​របស់​លោក​ទេ។​ 

រឿង​អាស្រូវ​ចង់​ដក​ហូត​តំណែង​តំណាង​សភា​ហុងកុង​នេះ ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ដែល​បាតុករ​ប្រជាធិបតេយ្យ​ទើប​បាន​ជួប​ជុំគ្នា​ប្រារព្ធ​ខួប​មួយ​ខែ​នៃ​ចលនា​បាតុកម្ម​បិទ​ខ្ទប់​សង្កាត់​ជា​ទី​ស្នាក់ការ​​​រដ្ឋ​អំណាច​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ