អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហុងកុង៖ ១៥​ឆ្នាំ ក្រោយពី​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ពី​អង់គ្លេស​ទៅ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ហ៊ូ ជិនតាវ បាន​មក​ដល់​ហុងកុង នៅថ្ងៃ​សុក្រ​នេះ ដើម្បី​ត្រៀម​ចូលរួម​អបអរ​ខួប​១៥​ឆ្នាំ​ នៃ​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ក្រុង​ហុងកុង​ពី​រាជាណាចក្រ​អង់គ្លេស​ទៅ​ឲ្យ​ចិន ដែល​ជា​ម្ចាស់ដើម ដែល​នឹង​ប្រារព្ធ​ធ្វើ នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ។ នៅថ្ងៃ​នោះ លោក​ប្រធានាធិបតី​ចិន​​ក៏​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បាតុកម្ម​ប្រឆាំង​ទ្រង់ទ្រាយធំ ពី​សំណាក់​ប្រជាជន​ហុងកុង​ដែរ។ អង់គ្លេស​បាន​ផ្ទេរ​ក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ នៅថ្ងៃ​ទី១ កក្កដា ឆ្នាំ​១៩៩៧ ក៏ប៉ុន្តែ ១៥ឆ្នាំ​ក្រោយមក ហុងកុង​នៅតែ​បដិសេធ​អំណាច​គ្រប់គ្រង​របស់​​ចិន។

លោក​ហ៊ូ ជិនតាវ ប្រធានាធិបតីចិន នៅ​ពេល​បំពេញ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ហុងកុង ថ្ងៃទី២៩ មិថុនា ២០១២
លោក​ហ៊ូ ជិនតាវ ប្រធានាធិបតីចិន នៅ​ពេល​បំពេញ​ទស្សនកិច្ច​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ហុងកុង ថ្ងៃទី២៩ មិថុនា ២០១២ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ក្រោ​យ​ពី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​រាជាណាចក្រ​អង់គ្លេស​ អស់រយៈពេល ជាង ១៥០ឆ្នាំ (ចាប់ពីឆ្នាំ​១៨៤២) ហុងកុងត្រូវ​បានប្រគល់​ទៅ​ឲ្យ​ចិន​វិញ នៅ​ឆ្នាំ​១៩៩៧។ ក៏ប៉ុន្តែ តាម​ការព្រមព្រៀង​រវាង​ចិន និង​អង់គ្លេស ហុងកុងនឹង​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ទាំងស្រុង​នោះទេ។ ហុងកុង​ត្រូវ​បាន​គេ​ដាក់​ជា “តំបន់​រដ្ឋបាល​ពិសេស” តាម​គោលការណ៍ “ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ”។

និយាយ​ជារួម លើកលែង​តែ​នយោបាយការបរទេស និង​នយោបាយការពារជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កោះហុងកុង​ប្រៀបដូចជា​ប្រទេស​ឯករាជ្យ​មួយ មាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទាល់ខ្លួន ​ដាច់​ដោយឡែក​ពី​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ហុងកុង​មាន​​​អំណាច​នីតិ​បញ្ញតិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​ផ្ទាល់​ខ្លួន។ មាន​​ច្បាប់​កំពូល​ផ្ទាល់ខ្លួនមួយ ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​រដ្ឋធម្មនុញ្ញ (Hong Kong Basic Law) ហើយ​មាន​ប្រព័ន្ធ​បោះឆ្នោត​ផ្ទាល់ខ្លួន ដោយ​មិនស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ហុងកុង​មាន​​រូបិយប័ណ្ណ​ផ្ទាល់ខ្លួន គឺដុល្លារ​ហុងកុង ហើយ​មាន​នយោបាយ​អន្តោប្រវេសន៍ និង​អំណាច​គ្រប់គ្រង​​ព្រំដែន​ផ្ទាល់ខ្លួន ក្នុងនោះ​រួមទាំង​ការ​គ្រប់គ្រង​ការ​ឆ្លង​​ព្រំដែន​ជាមួយ​ចិន​ដីគោក​ផងដែរ​​។ ប្រជាជន​ហុងកុង​មាន​សិទ្ធិសេរីភាព​​យ៉ាងទូលំទូលាយ តាមបែប​ប្រជាធិបតេយ្យ​ ដែល​ផ្ទុយ​ស្រឡះ​ពី​ប្រជាជន​ចិន​ដីគោក។

យោងតាម​កិច្ចព្រមព្រៀង​រវាង​ចិន និង​អង់គ្លេស ឋានៈ​ជា​​តំបន់​រដ្ឋបាល​ពិសេស​របស់​​ហុងកុង​នេះ​នឹង​ត្រូវ​អស់​សុពលភាព នៅ​ឆ្នាំ​២០៤៧ ហើយ​ហុងកុង​នឹង​ត្រូវ​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្តាល ដូចជា ខេត្តក្រុង​ផ្សេងទៀត​របស់​ចិន​ដែរ។

ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ១៥​ឆ្នាំ ក្រោយ​ពី​ហុងកុង​ត្រូវ​ប្រគល់​មក​ឲ្យ​ចិន​វិញ ប្រជាជនហុងកុង​នៅតែ​ប្រឆាំង​ជំទាស់​នឹង​អំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ប្រារព្ធ​ខួប​នៃ​ការ​ផ្ទេរ​ការគ្រប់គ្រង​​ក្រុងហុងកុង​ពី​អង់គ្លេស​ទៅ​ឲ្យ​ចិន ប្រជាជន​ហុងកុង​តែងតែ​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ការស្ទាបស្ទង់មតិ​ នាពេលថ្មីៗ​នេះ បង្ហាញ​ថា ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កើនឡើង​កាន់តែខ្លាំងឡើងៗ នៅ​ក្នុង​ចំណោម​ប្រជាជន​ហុងកុង ជាពិសេស យុវជន​ក្មេងៗ ដែល​មិនចូលចិត្ត​បក្សកុម្មុយនិស្ត​ចិន។ ដំណឹង​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ចិន និង​អំពី​អំពើពុករលួយ​ប្រព្រឹត្ត​ដោយ​មន្រ្តី​ជាន់ខ្ពស់ចិន, ឥទ្ធិពល​របស់​បក្សកុម្មុយនិស្ត​ចិន​មក​លើ​ថ្នាក់ដឹកនាំ​ហុងកុង និង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ នៅ​ហុងកុង ដែល​កើតឡើង​ដល់​កម្រិត​កំពូល... ទាំងនេះ​សុទ្ធសឹង​ជា​ហេតុផល ដែល​នាំ​ឲ្យ​ប្រជាជន​ហុងកុង​មិនចូលចិត្ត​រដ្ឋាភិបាល​ចិនដីគោក។

ក្បួនបាតុកម្ម​ទ្រង់ទ្រាយ​ធំមួយ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ សម្រាប់​ថ្ងៃ​ប្រារព្ធខួប ១៥​ឆ្នាំ នៅរសៀល​ថ្ងៃ​អាទិត្យ​ខាងមុខនេះ។ ពួកគេ​ចង់​ឆ្លៀតពេល​មាន​វត្តមាន​របស់​លោក​ហ៊ូ ជិនតាវ ដើម្បី​បង្ហាញ​ភាព​មិនសប្បាយចិត្ត​នឹង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ចិន​ដីគោកផង និង​ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ប្រមុខដឹកនាំ​ថ្មី​របស់​ក្រុងហុងកុង​ផង។

លោក Leung Chun-Ying អភិបាល​ថ្មី​របស់​ក្រុងហុងកុង ដែល​ទើបនឹង​ជាប់ឆ្នោត នឹង​​ត្រូវ​ចូល​កាន់តំណែង​ជាផ្លូវការ នៅ​​​ថ្ងៃ​អាទិត្យ​នេះ ចំ​ថ្ងៃ​ប្រារព្ធខួប ១៥ឆ្នាំ នៃ​ការ​ផ្ទេរការ​គ្រប់គ្រង​ក្រុងហុងកុង។ លោក​​ Leung Chun-Ying ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឥស្សរជន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​របបដឹកនាំ​ក្រុង​ប៉េកាំង រហូត​ដល់​មានអ្នកខ្លះ​ថែម​ទាំង​ចោទ​ថា លោកគឺ​ជា​​សមាជិកសម្ងាត់​របស់​​គណបក្ស​កុម្មុយនិស្តចិន​ទៀតផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​មាន​អ្នកខ្លះ​និយាយ​បែបចំអក​ថា នៅថ្ងៃ​អាទិត្យ ទី​១កក្កដា ឆ្នាំ​២០១២​នេះ ទើប​ជា​ថ្ងៃ​ដែល​ក្រុងហុងកុង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ចិនដីគោក​គ្រប់គ្រង​ពិតប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ