អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង​តែងតាំង​រដ្ឋាភិបាល​ថ្មី​ក្រោម​ភាព​ចម្រូងចម្រាស​នៅក្នុង​ជួរ​គណបក្ស​កាន់អំណាច

ក្រោយ​ពី​បាន​រំលាយរដ្ឋាភិបាល​ចាស់​ចោល កាល​ពីថ្ងៃ​ចន្ទ លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង បាន​ប្រកាស​តែងតាំង​សមាជិក​រដ្ឋាភិបាល​ថ្មី ដោយ​ជម្រុះចោល​នូវ​រដ្ឋមន្រ្តី​មួយចំនួន ដែល​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្រោម​ភាពចម្រូងចម្រាស​នៅ​ក្នុង​ជួរ​គណបក្ស​កាន់អំណាច ហើយ​ដែល​​​អាច​នឹង​ធ្វើ​ឲ្យការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​នឹង​ត្រូវ​ជួប​នឹង​បញ្ហា។

លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអ៊ែល វ៉ាល់ស៍ នៅក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ថ្មី នៅព្រឹកថ្ងៃ​ពុធ ២៧សីហា ២០១៤
លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ម៉ានុយអ៊ែល វ៉ាល់ស៍ នៅក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ថ្មី នៅព្រឹកថ្ងៃ​ពុធ ២៧សីហា ២០១៤ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

 

បើពិនិត្យ​មើល​ជារួម រដ្ឋាភិបាល​ថ្មី ដែល​លោក​ហ្វ្រង់ស័រ ហូឡង់ តែងតាំង កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មិនសូវ​ជា​មាន​អ្វី​ផ្លាស់ប្តូរ​ពី​រដ្ឋាភិបាល​ចាស់​នោះទេ។ នាយករដ្ឋមន្រ្តី​នៅតែ​ដដែល គឺ​លោក Manuel Valls។ ចំណែក​សមាសភាព​រដ្ឋាភិបាល​វិញ​ក៏​ស្រដៀង​នឹង​រដ្ឋាភិបាល​មុន​ដែរ គឺ​មាន​រដ្ឋមន្រ្តី ១៦រូប (ស្រី ៨រូប និង​ប្រុស ៨រូប) និង​រដ្ឋលេខាធិការ​ ១៧រូប ហើយ​រដ្ឋមន្រ្តី​ដែល​កាន់​ក្រសួង​ណា នៅ​ក្នុង​រដ្ឋាភិបាលចាស់ ភាគច្រើន​នៅ​កាន់​ក្រសួង​ដដែល​ក្នុង​រដ្ឋាភិបាលថ្មី។

ទោះជាយ៉ាងណា គេ​សង្កេតឃើញ​មានរដ្ឋមន្រ្តី​ចំនួន ៣រូប ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ គឺ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ដែល​ជា​ស្រ្តី ពីព្រោះ នេះ​គឺ​ជា​រឿង​មិនធ្លាប់​មាន នៅ​ក្នុង​ប្រវត្តិសាធារណរដ្ឋ​ទី៥​របស់​បារាំង។ រដ្ឋមន្រ្តីមួយ​រូបទៀត ក៏​ជា​ស្រ្តី​ដែរ គឺ​លោកស្រី Fleur Pellerin ពលរដ្ឋ​បារាំង​ដើម​កំណើត​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​ព័ត៌មាន។ នេះ​គឺ​ជាលើកទីមួយ​ហើយ​ដែល​ពលរដ្ឋ​បារាំង ដើមកំណើត​អាស៊ី​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី។

រដ្ឋមន្រ្តីមួយរូប​ទៀត​ដែល​ជា​ចំណុច​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង គឺ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ដែល​ពីមុន​ធ្លាប់​កាន់តំណែង​សំខាន់​នៅ​ក្នុង​ធនាគារ​ឯកជន។ បើ​និយាយ​តាម​លក្ខណៈទូទៅ អ្នក​ធ្លាប់​ធ្វើការ​ឲ្យ​ធនាគារ​មក​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច មិនមែន​ជា​រឿង​ចម្លែក​នោះទេ។ ក៏ប៉ុន្តែ វា​ជារឿងចម្លែក​ សម្រាប់​​រដ្ឋាភិបាល​​ក្រោម​អាណត្តិ​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ដែល​ជា​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​គណបក្ស​សង្គម​និយម មាន​គោលនយោបាយ​ប្រឆាំង​នឹង​ពួក​មូលធន​និយម ជាពិសេស ធនាគារ និង​អ្នកជួញដូរ​មូលបត្រ។

ការ​តែងតាំង​អ្នក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​ធនាគារ​ឯកជន​ឲ្យ​មក​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​នេះ​ហើយ ដែល​កំពុងតែ​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​កាន់តែ​ខ្លាំង នៅ​ក្នុង​ជួរ​គណបក្ស​សង្គម​និយម ហើយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​ពី​ក្នុង​សមាជិក​សភា​មក​ពី​គណបក្ស​ខ្លួនឯង នៅ​ពេល​ឆ្លងកាត់​ការបោះឆ្នោត​សុំ​សេចក្តីទុកចិត្ត​ពី​សភា នៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ