អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហ៊ីត្លែរ​ចូល​ឈ្លានពាន​អូទ្រីស​និង​ឆេកូស្លូវ៉ាគី​ឆ្នាំ​១៩៣៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ពិនិត្យ​មើល​ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី២ ដោយ​លើកឡើង អំពី​​សកម្មភាព​ឈ្លានពាន​របស់​ហ៊ីត្លែរ ទៅលើ​ទឹកដី​របស់​អូទ្រីស និង​ឆេកូស្លូវ៉ាគី នៅ​ឆ្នាំ​១៩៣៨។

ពីឆ្វេង​ទៅស្តាំ៖ ប្រមុខដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ក្នុង​ពេល​ចុះកិច្ចព្រមព្រៀង​ក្រុង​មុយនិក ស្តីពី​ការ​កាត់​ទឹកដី​មួយផ្នែក​របស់​ឆេកូស្លូវ៉ាគី ទៅ​ឲ្យ​អាល្លឺម៉ង់
ពីឆ្វេង​ទៅស្តាំ៖ ប្រមុខដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ក្នុង​ពេល​ចុះកិច្ចព្រមព្រៀង​ក្រុង​មុយនិក ស្តីពី​ការ​កាត់​ទឹកដី​មួយផ្នែក​របស់​ឆេកូស្លូវ៉ាគី ទៅ​ឲ្យ​អាល្លឺម៉ង់
ផ្សាយពាណិជ្ជកម្ម

នៅក្រោយសង្រ្គាម​លោក​លើកទី១ ចក្រភព​អូទ្រីសហុងគ្រី ដែល​ចាញ់សង្រ្គាម​ ត្រូវ​ដួលរលំ ហើយ​បែកខ្ញែក​ទៅជា​ប្រទេស​ផ្សេងៗ​គ្នា ក្នុងនោះ ​រួមមាន​ប្រទេស​អូទ្រីស និង​​ឆេកូស្លូវ៉ាគី​ដែល​មាន​ប្រជាជន​យ៉ាងច្រើន​មាន​ដើម​កំណើត​អាល្លឺម៉ង់។ នៅ​ឆេកូស្លូវ៉ាគី ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់​ភាគច្រើន​រស់នៅ​ក្នុង​តំបន់ស៊ូដែត (Sudète) ឬ​ Sudetenland តាម​ភាសា​អាល្លឺម៉ង់។ គឺ​ប្រទេស​ទាំងពីរ​នេះ​ហើយ ដែល​ជា​ចំណុច​ស៊ីប​នៃ​នយោបាយ​វាតទី​និយម​របស់​ហ៊ីត្លែរ។

នៅ​ចុងឆ្នាំ​១៩៣៧ ហ៊ីត្លែរ​បាន​ដាក់ចេញ​នូវ​​ផែនការ​ជា៣ដំណាក់កាល ដើម្បី​វាតទី​ពង្រីក​ទឹកដី​ទៅ​ទិស​ខាង​កើត គឺ​ដំបូង​ចូល​ឈ្លានពាន​​អូទ្រីស ដែល​ជា​ប្រទេស​កំណើត​របស់​ហ៊ីត្លែរ​​ បន្ទាប់មក ឈ្លានពាន​ឆេកូស្លូវ៉ាគី និង​ដំណាក់កាល​ទី៣ ​ចូល​ឈ្លានពាន​ប្រទេស​ប៉ូឡូញ។

មុននឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​នេះ ហ៊ីត្លែរ​បាន​​រៀបចំ​ចរចា​​ចុះ​សន្ធិសញ្ញា​ចងសម្ព័ន្ធមិត្ត​ជាមួយ​នឹង​អ៊ីតាលី​​ ដែល​នៅពេលនោះ ជា​ខ្នងបង្អែក​របស់​អូទ្រីស។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៣៧ មូសូលីនី មេដឹកនាំ​ផ្តាច់ការ​អ៊ីតាលី​បាន​ទទួល​យក​សំណើ​របស់​ហ៊ីត្លែរ ហើយ​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​ត្រីភាគី អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។

ប្រមាណ​ជា ៤ខែ​ក្រោយ​មក ហ៊ីត្លែរ​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​តាម​ផែនការ​ក្នុងការ​​លេបយក​ប្រទេស​អូទ្រីស ដោយ​ពី​​ដំបូង​ហ៊ីត្លែរ​បាន​​ទាមទារ​ឲ្យ​ប្រមុខរដ្ឋាភិបាល​អូទ្រីស​តែងតាំង​សមាជិក​គណបក្ស​ណាហ្ស៊ី​អូទ្រីស​ឲ្យ​កាន់​តំណែង​សំខាន់ៗ នៅ​ក្នុង​រដ្ឋាភិបាល។ អធិកាបតី​អូទ្រីស​បដិសេធ។ ហ៊ីត្លែរ​ក៏​បាន​បញ្ជា​ឲ្យ​មេដឹកនាំ​ណាហ្ស៊ី​នៅ​អូទ្រីស​ធ្វើ​រដ្ឋប្រហារ​ដោយ​​ប្រកាស​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន ហើយ​​បន្ទាប់​មក​ស្នើ​ជំនួយ​ពី​អាល្លឺម៉ង់។ នៅថ្ងៃ​ទី១២​មីនា​ ទាហាន​អាល្លឺម៉ង់​ក៏​បាន​ចូល​ឈ្លានពាន​អូទ្រីស រួចហើយ​ប្រកាស​ភ្ជាប់​ប្រទេស​អូទ្រីស​ទៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់។

​តប​ទៅនឹង​អំពើ​ឈ្លានពាន​របស់​ហ៊ីត្លែរ ទៅលើ​អូទ្រីស​នេះ បារាំង និង​អង់គ្លេស មិនបាន​ធ្វើសកម្មភាព​អ្វី ក្រៅតែ​ពី​ធ្វើការ​តវ៉ា​តាមផ្លូវ​ទូត​នោះទេ។ បារាំង និង​អង់គ្លេស ដែល​ទើប​នឹង​ងើបចេញ​ពី​សង្រ្គាម​លោកលើកទី១ ហើយ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ តែងតែ​នាំគ្នា​​ខិតខំ​ព្យាយាម​​​​គ្រប់​មធ្យោបាយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​​មាន​សង្រ្គាម​ផ្ទុះឡើង​សាជាថ្មី​ទៀត។ អសកម្មភាព​របស់​មហាអំណាច​ទាំងពីរ​នេះ​​ធ្វើ​ឲ្យ​ហ៊ីត្លែរ​កាន់តែ​បាន​ចិត្ត ក៏​ចាប់ផ្តើម​អនុវត្ត​ផែនការ​ដំណាក់កាល​ទី២​របស់​ខ្លួន គឺ​ចូល​ឈ្លានពាន​ឆេកូស្លូវ៉ាគី ដោយ​ប្រើ​តាក់ទិក​តែមួយ ដែល​ហ៊ីត្លែរ​ធ្លាប់​ប្រើ​នៅ​អូទ្រីស។
 

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៨ ដោយ​មាន​ការ​ជំរុញ​ពី​សំណាក់​ហ៊ីត្លែរ មេដឹកនាំ​គណបក្ស​ស្និទ្ធនឹង​ណាស៊ី នៅ​ក្នុង​តំបន់​ស៊ូដែត បាន​ទាមទារ​ផ្តាច់តំបន់​នេះ ​ចេញ​ពី​ប្រទេស​ឆេកូស្លូវ៉ាគី ដើម្បី​​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​អាល្លឺម៉ង់។ រដ្ឋាភិបាល​ឆេកូស្លូវ៉ាគី​បដិសេធ ហ៊ីត្លែរ​ក៏​បាន​​គំរាម​ធ្វើ​សង្រ្គាម ក្នុងហេតុផល​ថា ដើម្បី​ចូល​ទៅ​ការពារ​ប្រជាជនអាល្លឺម៉ង់ ដែល​រស់​នៅ​ក្នុង​តំបន់​នេះ។

វិបត្តិ​នៅ​ឆេកូស្លូវ៉ាគី​នេះ​ហាក់ដូចជា​បាន​ដាស់​អារម្មណ៍​បារាំង និង​អង់គ្លេស អំពី​មហិច្ឆតា​យោធា​​របស់​ហ៊ីត្លែរ ក៏ប៉ុន្តែ ជាថ្មី​ម្តងទៀត ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​នៅតែ​ប្រកាន់​ជំហរ​ដូចពីមុន​ដដែល គឺធ្វើ​ដូចម្តេច​ឲ្យតែ​អាច​​បញ្ចៀស​សង្រ្គាម​ជាមួយ​ហ៊ីត្លែរ បើទោះបី​ជា​ត្រូវ​កាត់​ដី​ឆេកូស្លូវ៉ាគី​ទៅ​ឲ្យ​អាល្លឺម៉ង់​ក៏ដោយ។

ដើម្បី​បញ្ចៀស​ជម្លោះ​ជាមួយ​ហ៊ីត្លែរ បារាំង និង​អង់គ្លេស បាន​ដាក់សម្ពាធ​លើ​ឆេកូស្លូវ៉ាគី​ឲ្យ​ធ្វើ​តាម​ការទាមទារ​របស់​អាល្លឺម៉ង់ ពោលគឺ ត្រូវ​កាត់យក​ទឹកដី​មួយ​ផ្នែក​នៃ​តំបន់​ស៊ូដែត​ (គឺ​កន្លែងណា​ដែល​មាន​ប្រជាជន​ដើមកំណើត​អាល្លឺម៉ង់​លើសពី ៥០%) យក​មក​ដាក់​បញ្ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់ ហើយ​ជាថ្នូរ​មកវិញ អង់គ្លេស និង​បារាំង ធានា​ថា​នឹង​​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​ដែល​នៅ​សេសសល់​របស់​ឆេកូស្លូវ៉ាគី។

ឆេកូស្លូវ៉ាគី​​ដែល​មាន​កម្លាំង​ទ័ព​ខ្សោយ ក៏​បង្ខំ​ចិត្ត​ទទួល​យក​សំណើ​របស់​បារាំង និង​អង់គ្លេស ហើយ​នៅថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​១៩៣៨ ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏​ធ្វើ​ដំណើរ​​ទៅ​ជួប​ហ៊ីត្លែរ ដើម្បី​ប្រាប់​អំពី​ដំណោះស្រាយ​នេះ ក៏ប៉ុន្តែ ហ៊ីត្លែរ​ស្រាប់តែ​បាន​​ធ្វើការ​ទាមទារ​កាន់តែ​ច្រើន​ជាងមុន​ទៅទៀត គឺ​​ទាមទារ​យក​តំបន់​ស៊ូដែត​ទាំងមូល ​មិនមែន​ត្រឹមតែ​តំបន់​ ដែល​មាន​ប្រជាជន​អាល្លឺម៉ង់​លើសពី ៥០% នោះទេ ហើយ​​ម្យ៉ាងទៀត ហ៊ីត្លែរ​ទាមទារ​ថា ​ឆេកូស្លូវ៉ាគី​ត្រូវ​តែ​កាត់​តំបន់​ស៊ូដែត​នេះ​មក​ឲ្យ​អាល្លឺម៉ង់​​​ភ្លាមៗ ដោយ​មិនចាំបាច់​​រង់ចាំ​ឲ្យ​មាន​គណៈកម្មការ​អន្តរជាតិ​ចូល​មក​ធ្វើ​ការ​កំណត់​ព្រំដែន​ជាមុន​នោះទេ។​

នៅ​ឯឆេកូស្លូវ៉ាគី រដ្ឋាភិបាល​​បាន​សម្រេច​​​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀមការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​អាល្លឺម៉ង់។ សហភាព​សូវៀត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ឆេកូស្លូវ៉ាគី ក៏​បាន​កេណ្ឌ​កងទ័ព ដើម្បី​ត្រៀម​​ធ្វើ​សង្រ្គាម​ទល់​នឹងហ៊ីត្លែរ​ដែរ។ ក៏ប៉ុន្តែ អង់គ្លេស​ និង​បារាំង នៅតែ​បន្ត​ព្យាយាម​រកវិធី​ចរចា ដើម្បី​បញ្ចៀសសង្រ្គាម​ជាមួយ​ហ៊ីត្លែរ។

រដ្ឋាភិបាល​អង់គ្លេស​នៅ​តែ​យល់ថា ជម្លោះ​អាច​នឹង​បញ្ចប់​ ​​ប្រសិនបើ​ឆេកូស្លូវ៉ាគី​សុខចិត្ត​កាត់តំបន់​ស៊ូដែត​ឲ្យ​ទៅ​អាល្លឺម៉ង់ តាម​ការទាមទារ​របស់​ហ៊ីត្លែរ។ អង់គ្លេស​ក៏​ត្រឡប់​មក​ចរចា​ជាមួយ​ហ៊ីត្លែរ​វិញ ហើយ​នៅថ្ងៃ​ទី៣០ ខែ​កញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​បារាំង ក៏​បាន​ចុះកិច្ចព្រមព្រៀងមួយ​​ នៅ​ក្នុង​ទីក្រុង​មុយនិក ដោយ​គ្មាន​វត្តមាន​ឆេកូស្លូវ៉ាគី ដោយ​ព្រមព្រៀង​ឲ្យ​អាល្លឺម៉ង់​ចូល​កាន់កាប់​តំបន់​ស៊ូដែត។ ជាថ្នូរមកវិញ ហ៊ីត្លែរ​បាន​សន្យាថា​នឹង​បញ្ឈប់ការ​ទាមទារ​ផ្តាច់ទឹកដី​របស់​ខ្លួន​តែ​ត្រឹម​តំបន់​ស៊ូដែត​នេះ។

បន្ទាប់​មក បារាំង និង​អង់គ្លេស​បាន​ប្រាប់​ទៅ​ឆេកូស្លូវ៉ាគី អំពី​អ្វី​ដែល​គេ​បាន​ព្រមព្រៀងជាមួយ​ហ៊ីត្លែរ នៅ​មុយនិក ដោយ​បញ្ជាក់ថា ប្រសិនបើ​ឆេកូស្លូវ៉ាគី​មិន​ព្រម​ប្រគល់​តំបន់​ស៊ូដែត​ទៅ​ឲ្យ​ហ៊ីត្លែរ​ទេ ឆេកូស្លូវ៉ាគី​នឹង​ត្រូវ​ប្រឈមមុខ​នឹង​កងទ័ព​អាល្លឺម៉ង់​តែ​ម្នាក់ឯង ដោយគ្មាន​ជំនួយ​ពី​អង់គ្លេស និង​បារាំង​នោះទេ។ ឆេកូស្លូវ៉ាគី​ដែល​ដឹងច្បាស់​ថា​ខ្លួន​មិនមាន​កម្លាំង​ទ័ព​អាច​ទប់ទល់​នឹង​ហ៊ីត្លែរ​បាន ​ក៏​សុខចិត្ត​​​ធ្វើ​តាម ហើយ​កងទ័ព​អាល្លឺម៉ង់​ក៏​បាន​ចូល​កាន់កាប់​តំបន់​ស៊ូដែត នៅថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​១៩៣៨។

នៅ​អង់គ្លេស លោក Neville Chamberlain នាយករដ្ឋមន្រ្តី​អង់គ្លេស ត្រូវ​បាន​គេ​ចាត់ទុក​ជា​វីរបុរស​ដ៏ឆ្នើម​មួយ ដែល​បាន​ដោះស្រាយ​បញ្ចប់​វិបត្តិ​ឆេកូស្លូវ៉ាគី ដោយ​សន្តិវិធី ហើយ​បញ្ចៀស​បាន​នូវ​សង្រ្គាម។ ក៏ប៉ុន្តែ នៅ​អាល្លឺម៉ង់វិញ ហ៊ីត្លែរ​បាន​កំណត់​ក្នុង​ចិត្ត​ថា សម្បទាន​គ្រប់យ៉ាង ដែល​អង់គ្លេស និង​បារាំង បាន​ធ្វើ នៅ​ក្នុង​វិបត្តិ​ឆេកូស្លូវ៉ាគី​ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អង់គ្លេស និង​បារាំង កំពុងតែ​ខ្លាច​អាល្លឺម៉ង់។

ក្រោយ​មក​មិនដល់​មួយ​ឆ្នាំ​ផង នៅ​​ខែមីនា ឆ្នាំ​១៩៣៩ ហ៊ីត្លែរ​ក៏​បាន​ចូល​ឈ្លានពាន​កាន់កាប់​ទឹកដី​ដែល​នៅសេសសល់​របស់​ឆេកូស្លូវ៉ាគី ព្រមទាំង​ទាមទារ​យក​ទឹកដី​របស់​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​ក្បែរៗ​នោះ។

រហូត​មក​ទល់​ពេលនោះ ទើប​អង់គ្លេស និង​បារាំង​ភ្ញាក់ដឹង​ខ្លួន​ថា អ្វីដែល​ហ៊ីត្លែរ​បាន​សន្យា នៅ​ទីក្រុង​មុយនិក កាល​ពីឆ្នាំមុន គឺ​ជា​ការ​បោកប្រាស់​សុទ្ធសាធ ហើយ​សម្រេច​ថា ចាប់ពីពេលនេះ​ទៅ ពួកគេ​នឹង​លែង​​​ធ្វើ​សម្បទាន​ ដើម្បី​ផ្គាប់ចិត្ត​ហ៊ីត្លែរ​ដូចពីមុន​ទៀតហើយ។

នៅ​ថ្ងៃ​ទី៣១ ខែ​មីនា ១៩៣៩ ក្រោយ​ពី​ហ៊ីត្លែរ​បានទាមទារ​ផ្តាច់ទឹកដី​មួយផ្នែក​របស់​ប៉ូឡូញ បារាំង និង​អង់គ្លេស ក៏​បាន​ប្រកាស​​ជាសាធារណៈ​ធានា​​ការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់​ប៉ូឡូញ ពី​ការ​ឈ្លានពាន​របស់​ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការប្រកាស​នេះ​មិនបាន​ធ្វើ​ឲ្យ​ហ៊ីត្លែរ​ខ្លាចរអានោះទេ។ ហ៊ីត្លែរ​ ដែល​ធ្លាប់​មើលឃើញ​ពី​ជំហរ​ទន់ជ្រាយ​របស់​បារាំង និង​អង់គ្លេស កាល​ពី​អំឡុង​វិបត្តិ​នៅ​ឆេកូស្លូវ៉ាគី ក៏​បាន​ចូល​ឈ្លានពាន​ប្រទេស​ប៉ូឡូញ នៅថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​១៩៣៩។ ពីរថ្ងៃ​ក្រោយ​មក បារាំង និង​អង់គ្លេស បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ហើយ​សង្រ្គាម​លោកលើកទី២​ក៏​ចាប់ផ្ទុះឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ