អានតួអត្ថបទ
ស៊ីរី

ក្រុម Hezbollah លីបង់​លូកដៃ​កាន់តែ​ជ្រៅ​ទៅក្នុង​វិបត្តិ​ស៊ីរី

នៅថ្ងៃ​ចន្ទ​នេះ កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​វាយលុក​ចូល​កាន់កាប់​ក្រុង​ Qousseir ដែល​ជា​ក្រុង​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម​ស៊ីរី។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​អះអាង​ថា ការវាយប្រយុទ្ធគ្នា នៅ​ទីក្រុង Qousseir ដែល​ចាប់ផ្តើម​តាំង​ពី​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ​ម្សិលមិញមក​នោះ គឺ​ជា​​ការវាយប្រយុទ្ធគ្នា​ដ៏ខ្លាំងក្លាបំផុត​មួយ​មិនធ្លាប់មាន រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុមឧទ្ទាមស៊ីរី ចាប់តាំង​ពី​ផ្ទុះ​សង្រ្គាម​ស៊ីវិល​មក។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​ជាងគេ ក្នុង​ប្រតិបត្តិការ​យោធានេះ គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​ក្រុម Hezbollah លីបង់ ដើម្បី​ជា​ជំនួយ​ដល់​កងកម្លាំង​របស់​លោក​បាស្ហា អាល់អាសាដ។

កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​វាយ​លុកចូល​ដល់​ក្រុង Qousseir ដែល​ជា​ក្រុង​យុទ្ធសាស្រ្ត​របស់​ពួកឧទ្ទាម
កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​វាយ​លុកចូល​ដល់​ក្រុង Qousseir ដែល​ជា​ក្រុង​យុទ្ធសាស្រ្ត​របស់​ពួកឧទ្ទាម AFP PHOTO/JOSEPH EID
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​វាយលុក​ចូល​ក្នុង​ទីក្រុង Qousseir បាន​ចាប់ផ្តើម​ធ្វើ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ កងកម្លាំង​របស់​លោក​បាស្ហា អាសាដ និង​កងកម្លាំង​ Hezbollah បានបើកការ​វាយប្រហារ​ជាដំបូង ​តាមផ្លូវអាកាស និង​ដោយ​កាំភ្លើងធំ។ បន្ទាប់​មក ទើប​ធ្វើការ​វាយលុក​តាមផ្លូវគោក ដោយ​មាន​កងថ្មើជើង និង​កងរថក្រោះ​ជា​ជំនួយ។

ក្រុមប្រឆាំង​ស៊ីរី​បាន​ឲ្យដឹង​ថា ប្រតិបត្តិ​ការវាយលុក​ចូល​ក្នុង​ក្រុង Qousseir នេះ ត្រូវ​បាន​បើក​ធ្វើ​ពី​គ្រប់ទិស ដោយ​កងកម្លាំង​របស់​លោក​អាសាដ​វាយលុក​ពី​ម្ខាង ហើយ​កងកម្លាំង Hezbollah ពីទិស​ម្ខាងទៀត។ ប្រភព​ពី​មន្រ្តី​យោធា​ស៊ីរី បាន​ប្រាប់​ទីភ្នាក់ងារ​បារាំង AFP ថា នៅ​ថ្ងៃចន្ទ​នេះ កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​លុក​ចូល​ដល់​កណ្តាល​ក្រុង ហើយ​វាយកាន់កាប់​បាន​សាលាក្រុង ដែល​មុននេះ ស្ថិត​ក្រោមការ​កាន់កាប់​របស់​ក្រុម​ឧទ្ទាម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​បាន​ឲ្យដឹង​ថា ការ​វាយប្រយុទ្ធគ្នា នៅ​ទីក្រុង Qousseir នេះ បាន​បណ្តាល​ឲ្យ​ខាង​ក្រុម​ប្រឆាំង​ស៊ីរីស្លាប់យ៉ាងតិច ៥៥នាក់ ក្នុងនោះ ភាគច្រើន​ជា​កងកម្លាំង​ឧទ្ទាម ក៏ប៉ុន្តែ ក៏​មាន​ជនស៊ីវិល​ផងដែរ។ អង្គការ​សិទ្ធិមនុស្ស​នេះ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា តាមរយៈប្រភព​ព័ត៌មាន ដែល​គួរ​ឲ្យ​ជឿទុកចិត្តបាន គេ​ឃើញ​មាន​កងកម្លាំង Hezbollah ចំនួន ២៣នាក់ បាន​ស្លាប់ ក្នុងការ​វាយប្រយុទ្ធគ្នា នៅ Qousseir ហើយ​ជាង ៧០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

គួរបញ្ជាក់​ថា ក្រុម Hezbollah ដែល​មក​ពី​លីបង់ គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាងជិតស្និទ្ធ​បំផុត​របស់​អ៊ីរ៉ង់ និង​របស់​លោក​បាស្ហា អាល់​អាសាដ ហើយ​ជា​សត្រូវ​ធំបំផុត​របស់​អ៊ីស្រាអែល។ ការចូលរួម​យ៉ាងសកម្ម​របស់​ក្រុម Hezbollah ទៅក្នុង​វិបត្តិ​ស៊ីរី​ អាច​នឹង​ធ្វើ​ឲ្យ​សង្រ្គាម​ស៊ីវិល​ស៊ីរីនេះ រាលដាល​ទៅ​ជា​ជម្លោះ ក្នុង​តំបន់​ដើមបូព៌ា​ទាំងមូល ដែល​ជា​តំបន់​មិនសូវមាន​ស្ថិរភាព និង​​សម្បូរ​ទៅដោយ​ជម្លោះ​ស្រាប់។

អង្គការ​សម្ព័ន្ធ​អារ៉ាប់ (Arab League) បាន​កោះប្រជុំ​ជាបន្ទាន់មួយ នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ដើម្បី​ជជែក​អំពី​វិបត្តិ​ស៊ីរីនេះ ជាពិសេស ជជែក​អំពី​ការរៀបចំ​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺណែវ ដែល​រុស្ស៊ី និង​អាមេរិក បាន​ព្រមព្រៀង​គ្នា​រៀបចំធ្វើ កាលពីពេលថ្មីៗនេះ។

ក៏ប៉ុន្តែ ដំណើរវិវឌ្ឍ​នៃ​ស្ថានការណ៍ នៅ​ក្នុង​សង្រ្គាមស៊ីវិលស៊ីរី កាល​ពីថ្ងៃ​អាទិត្យ និង​នៅថ្ងៃ​ចន្ទនេះ កំពុង​តែ​ធ្វើ​ឲ្យ​គេ​កាន់តែ​បាត់បង់​ក្តីសង្ឃឹម​ទៅទៀត​ថា សន្និសីទ​នាពេល​ខាងមុខ​នេះ អាច​នឹង​រកដំណោះស្រាយ​វិបត្តិ​ស៊ីរី​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ