កម្ពុជា-បរិស្ថាន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 26 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 28 មេសា 2012

អ្នក​​ការពារ​បរិស្ថាន​ត្រូវ​បាញ់​សម្លាប់​នៅ​កោះកុង​

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន ដែល​ត្រូវ​គេ​បាញ់​សម្លាប់
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន ដែល​ត្រូវ​គេ​បាញ់​សម្លាប់
RFI/Leang Delux

ដោយ លាង ដឺលុច

ប្រធាន​​​អង្គការ​​​ការពារ​​​បរិស្ថាន​​​លោក​​ ឈុត ​វុទ្ធី​​​និង​​​មន្ត្រី​​​កង​​រាជ​អាវុធ​ហត្ថ​​​ម្នាក់​​​បាន​​​ស្លាប់​​​នៅ​​ក្នុង​​ហេតុការណ៍​​ផ្ទុះ​អាវុធ​​​​មួយ​​​កាល​ពី​​​វេលា​​ម៉ោង​​​១២​​​ថ្ងៃ​​​ត្រង់​​​​២៦​​​មេសា​​​នេះ​​​នៅ​​​ស្រុក​​​ថ្មបាំង​​​ខេត្ត​​​កោះកុង។​​ នៅ​​ក្នុង​​ព្រឹត្តិការណ៍​​នោះ ​អ្នក​កាសែត​​របស់​​ព្រឹត្តិបត្តិ​​The Cambodia Daily​ ២​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ផង​ដែរ។​ ក្លឹប​​អ្នក​កាសែត​​កម្ពុជា ​​បាន​​សម្តែង​​ការ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​​ឃាត់​​ខ្លួន​​អ្នក​​កាសែត​​នោះ។​

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

26/04/2012 by លាង ដឺលុច

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក​ឈុត វុទ្ធី​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​មួយ​នៅ​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា​នេះ។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​អ្នកកាសែត​ស្រ្តី​របស់​ព្រឹត្តិបត្តិ The Cambodia Daily ២​នាក់ គឺ​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​អាមេរិកកាំង​ម្នាក់​ផងដែរ។

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​បាន​រៀបរាប់​អោយ​ដឹង​ថា លោក​ឈុត វុទ្ធី​ជា​ប្រធាន​អង្គការ​ការពារ​ធម្មជាតិ​បាន​ជូន​ដំណើរ​អ្នក​កាសែត​របស់​ Cambodia Daily​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រៃ​ជ្រៅ​អំពី​ការ​កាប់​ព្រៃឈើ។ នៅ​តាម​ផ្លូវ​លោក​ឈុត វុទ្ធី​ បាន​ថត​រូប​គំនរ​​ឈើ​មួយ​របស់​អង្គការ ​Wild Aid។
 
មន្ត្រី​អង្គការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​ដែល​ចុះ​ស៊ើបអង្កេត​បញ្ហា​នេះ​បាន​បន្ត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា មន្ត្រី​អង្គការ ​Wiild Aid ​បាន​ស្នើ​អោយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​ម្នាក់​​មក​សួរ​នាំ​សុំ​ដក​យក​រូបថត។ ប៉ុន្តែ​លោក​ឈុត វុទ្ធី​ មិន​ព្រម​ប្រគល់​រូបថត​នោះ​អោយ​ឡើយ​ ទើប​មាន​ការ​ហេតុការណ៍​បាញ់​លើ​រថយន្ត​ដែល​មាន​លោក​ឈុត វុទ្ធី​និង​អ្នកកាសែត​តែម្តង។ ហើយ​គ្រាប់​ចុង​ក្រោយ បាន​ផ្លាត​មក​ត្រូវ​មន្ត្រី​កងរាជអាវុធ​ហត្ថ​វិញ​បណ្តាល​អោយ​ស្លាប់​ដូចគ្នា។
 
នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចាន់ សុវេត មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​ ​អាដហុក​ បាន​អះអាង​អោយ​ដឹងថាអ្នកកាសែត​ស្ត្រី​២នាក់​របស់​ Cambodia Daily នោះ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ។ រីឯ​សាកសព​របស់​លោក​ឈុត វុទ្ធី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង​ដឹក​យក​មក​ដំកល់​នៅ​មន្ទីរពេទ្យ​បង្អែក​កោះកុង៕

tags: កម្ពុជា - បរិស្ថាន
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close