កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 15 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 16 កក្កដា 2012

ឃាត់​ខ្លូន​ប្រធាន​សមាគម​សង្គ្រោះ​ជន​ពិការ​ និង​បក្ស​ពួក​ដែល​ទៅ​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​

ដោយ គីន ហត្ថារ៉ូ

មេ​​ខ្លោង​​ដែល​​តែងតែ​ដើរ​រំលោភ​​ទន្ទ្រាន​យក​​ដី​របស់​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​​ខេត្ត​​ចំនួន​​បី​​​ ដូច​​ជា​​កំពង់ស្ពឺ​​ កំពត​ និង​កំពង់​សោម​​ នា​​ពេល​​កន្លង​​មក​​ ដោយ​​ប្រើ​​ឈ្មោះ​​សមាគម​​សង្គ្រោះ​​ជន​​ពិការ​ ​ដោយ​​​បង្ក​​​អោយ​​មាន​​អំពើ​​​ហិង្សា​​មក​​លើ​​​ពលរដ្ឋ​​ស្លូត​​ត្រង់​​ជា​​ម្ចាស់​​​ដី​​ ​ត្រូវ​​បាន​​កម្លាំង​​សមត្ថកិច្ច​​ខេត្ត​​កំពត​​ធ្វើ​​ការ​​ឃាត់​​ខ្លួន​ជា​​មួយ ​​និង​​បក្ស​​ពួក​​បី​​នាក់​​ផ្សេង​​ទៀត​​​​។​

សេចក្តីរាយការណ៍​របស់​គិន ហត្ថារ៉ូ
 

15/07/2012

លោក​ទូច​ សឿលី​ ប្រធាន​សមាគមសង្គ្រោះ​​ជន​ពិការនិង​បក្ស​ពួក​បី​នាក់​ផ្សេង​ទៀត​ ​ដែល​តែង​តែ​ដើរ​ទន្ទ្រាន​យក​ដី​របស់​​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ ​ធ្វើ​ការ​ឃាត់​ខ្លួន បន្ទាប់​ពីមាន​បណ្តឹង​របស់​ពលរដ្ឋ​៣៥​ គ្រួសារ​ ដែល​ប្តឹង​ពី​បទ​ចូល​ទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​។

 
ស្នងការ​រង​នគរបាល​ខេត្ត​កំពត​លោកជៀវ សាមិត​​ បាន​អោយ​ដឹង​ថា កម្លាំង​​សមត្ថកិច្ច​បាន​ឃាត់​ខ្លូន​ជន​ទាំង​៤​នាក់នោះ​ កាល​ពីថ្ងៃ​ល្ងាច​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​២០១២ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពីពលរដ្ឋ​ដែល​បាន​ប្តឹង​ថា​ក្រុម​សមាគម​នោះ​បាន​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​ហើយ​​​​​ក្រុម​នេះ​បាន​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​​យ៉ាង​សាហាវ​ផង​ដែរ​ នៅ​ពេល​កន្លង​មក​។
 
​​សមត្ថកិច្ច​ កំពុង​តែ​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ចាត់​វិធានការ​​​ទៅតាម​ផ្លូវ​ច្បាប់​។ ​​
 
បក្ស​ពួករបស់​លោក​​ទូច​ សឿលី​ ​តែង​តែ​ដើរ​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ ដូច​ជា​ខេត្ត​​កំពង់​ស្ពឺ​ កំពត កំពង់​សោម​ ដោយ​ប្រើ​ឈ្មោះ​សមា​គម​សង្គ្រោះ​ជន​ពិការ​ដែល​បាន​ទទួល​​​ដី​សម្បទាន​​សង្គម​កិច្ចពី​ក្រសួង​មហាផ្ទៃ​និង​អាជ្ញាធរ​ខេត្ត​ សំរាប់​​ចែក​ជូន​គ្រួសារ​យោធិន​ពិការ​។ ​ដោយ​ជ្រ​ក​​ក្រោម​ស្លាក​សមាគម​សង្គ្រោះ​​ជន​ពិការ​​នោះ​សមាគមនេះ​​ ​បាន​ដើរ​ទន្ទ្រាន​យក​​​ដី​​របស់​ពលរដ្ឋ​យ៉ាង​អនា​ធិប​តេយ្យ​និង​​ហាម​ប្រាម​មិន​អោយ​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ហើយ​នៅ​ក្នុង​ទំនាស់ដី​ធ្លី​​ដ៏​រ៉ាំរ៉ៃ​​នោះ​​បាន​បណ្តាលអោយមាន​អំពើ​ហិង្សា​​កើតឡើង​​ជា​រៀង​រាល់​ឆ្នាំ​​ មកលើ​ពលរដ្ឋនៅ​ក្នុង​​​រដូវ​ធ្វើ​ស្រែ​ចំការ​។
 
ពលរដ្ឋ​ដែល​រង​គ្រោះ​បាន​អោយ​ដឹង​ថា នៅ​ក្នុង​ទំនាស់​ដ៏រ៉ាំរ៉ៃ​ចាប់​តាំង​ពីឆ្នាំ​ ២០០៤មក​នោះ​​ បណ្តាល​​អោយ​ ​ពលរដ្ឋ​​២​នាក់​បាន​ស្លាប់​ បន្ទាប់​ពីមាន​របួស​ក្នុង​ការ​កាប់​គ្នា​ក្នុង​ទំនាស់​ដី​ធ្លី​នោះ​ ហើយ​ផ្ទះ​សម្បែង​​​ជា​ច្រើន​ខ្នង​ត្រូវ​បាន​ដុត​បំផ្លាញ​។
 
លោក​កែវ សុផាតតំណាង​ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង​បាន​អោយ​ដឹងថា​ ពលរដ្ឋ​របស់​លោក​បាន​​ដាក់​ពាក្យ​ប្តឹង​លោក​ទូច​ សឿលី​និង​បក្ស​ពួក​តាំង​ពី ឆ្នាំ ២០០៤ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ចាត់​វិធានការ​​នោះ​ទេ​។​ ហើយ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​បាន​ធ្វើ​ការ​ឃាត់​ខ្លូន​ក្រុម​ដ៏​មាន​ឥទ្ធិពល​នេះ។​
 
តំណាង​ពលរដ្ឋ​រូប​នោះ​បាន​អះ​អាង​ថា​ ពលរដ្ឋ​ទាំង​អស់​មាន​ការសប្បាយ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​របស់​ប្រ​ធាន​សមាគម​និង​បក្ស​ពួក​នេះ​ ប៉ុន្តែ​ពួក​គេ​ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​​អាជ្ញា​ធរ​ធ្វើ​ការ​ដោះ​លែង​ពួក​គេ​អោយ​មាន​សេរី​ភាព​​វិញ​នោះ​ គឺ​ពលរដ្ឋ​នៅ​តែពុំ​ទទួល​បាន​យុត្តិធម៌​ដដែល​។
 
ទន្ទឹម​ទៅ​នឹង​ការ​ឃាត់​ខ្លួន​ប្រធាន​សមាគមនិង​បក្ស​ពួក​នោះ លោក​យី សុខសាន្ត​អនុប្រធាន​ផ្នែក​ដីធ្លី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បានថ្លែង​ថា នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​​និង​អ្នក​មាន​អំណាច​ ពលរដ្ឋនឹង​ទទួលបាន​​ដី​របស់​គាត់​ដែល​បាន​ទន្ទ្រាន​ដោយ​ក្រុម​សមាគម​នេះ​មក​វិញ​ដើម្បី​ធ្វើ​ស្រែ​ចម្ការ។
 
សមាគម​សង្គ្រោះ​ជន​ពិការ​​បាន​ទទួលដី​សម្បទាន​សង្គម​កិច្ច​​ ពី​ក្រសួង​មហាផ្ទៃ​និង​អាជ្ញាធរ​ខេត្ត ​កាល​ពី​ឆ្នាំ​២០០០លើ​ផ្ទៃ​ដី​ទំ​ហំ​ ​​​​​​១៧៦០ហិកតា ​នៅ​ក្នុង​​ខេត្តចំនួន​បី​​ដូចជា ​កំពង់​ស្ពឺ​ កំពត​និង ខេត្ត​ព្រះសីហនុ ដែលពី​មុន​គឺស្ថិត​នៅ ក្នុង​ខេត្ត​កោះ​កុង សំរាប់​​ចែក​​ដី​​ស្រែ​ដល់​គ្រួសា​រ​ពិការ​​ជាង​៤០០ គ្រួសារនៅ​ក្នុងតំបន់​​នោះ​៕

tags: កម្ពុជា - ជម្លោះដីធ្លី
អត្ថាធិប្បាយ (1)

លោកគីន

លោកគីន ហត្ថារ៉ូគួរតែពិនិត្យនិងតាមដានរឿងនេះឲ្យបានដិតដល់ ក្នុងការធ្វើសេចក្តីរាយការណ៍​របស់​ខ្លួន ដើម្បីជៀសវាងការវាយឆ្កែខុស។ តាមពិត ដីនោះជាអំណោយផ្នែកសង្គមកិច្ចពីក្រសួងមហា​ផ្ទៃសំរាប់ជនពិការធ្វើការអភិវឌ្ឍ ។ ជនពិការនៅទីនោះ គឺជាជនពិការដោយសារសង្រ្គាម ជាអតីត​ទាហានខ្មែរក្រហម ពីជំរុំតាមជាយដែន ពីទាហានរដ្ឋកម្ពុជា ដែលរស់នៅជាមួយគ្នាដោយមិន​ប្រកាន់​​អតីតកាលរបស់ខ្លួន ។ សមាគមសង្គ្រោះជនពិការ មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងមាន​លក្ខន្តិកៈរបស់គេច្បាស់លាស់សំរាប់ការគ្រប់គ្រង ។ ជនពិការដែលទទួលដីចំណែកទាំងនោះ គឺយក​ទៅសំរាប់ធ្វើការអភិវឌ្ឍន ។ នៅពេលដែលគ្រួសារជនពិការ មិនគោរពទៅតាមលក្ខន្តិកៈ នោះទើប​រឿង​នោះកើតឡើង ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ ដែលមានបន្ទាយនោះជិតនោះ ក៏ចង់​បានដីទាំងនោះដែរ ដែលនាំឲ្យមានការបាញ់បោះជាញឹកញាប់ ។ អ្នកទាំងបីដែលជាតំណាង​ពលរដ្ឋនោះ ទំនងជាមានអ្នកណានៅពីក្រោយ ដើម្បីបង្កើតជារឿងឡើង ករជាលេសដើម្បីចាប់អ្នក​​ទាំងបួននាក់ ដែលជាថ្នាក់ដឹកនាំនៅក្នុងសមាគមនេះ ។ ដោយសារមានទំនាស់នយោបាយ សមាគម​សង្គ្រោះជនពិការនេះ មិនដែលបានទទួលការយកចិត្កទុកដាក់ពីរដ្ឋាភិបាលខ្មែរទេ ។ បន្ថែម​ទៅទៀត មានសមាជិកថ្នាក់ឃុំពីគណបក្សប្រជាជន ក៏កំពុងតែប្រឹងប្រែងបំបែកបំបាក់សមាគម​នេះដែរ ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close