អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់​រណឬទ្ធិ​ចាញ់​ក្តី​អគ្គលេខា​ធិការ​គណបក្ស​

ចៅក្រម​​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ​​បាន​​ចេញ​​ដីកា​​សម្រេច​​អោយ​​លោក​​សៅ រ៉ានី​​អគ្គ​​លេខា​ធិការ​​នៃ​​គណបក្ស​​នរោត្តម​ រណឬទ្ធិ​​បន្ត​​តួនាទី​និង​​ប្រើប្រាស់​​ត្រា​​របស់​​គណបក្ស​​វិញ។ ​ការ​​សម្រេច​​នេះ​​ត្រូវ​​បាន​​ប្រកាស​​នៅ​ថ្ងៃ​​២៥​​កក្កដា​​ម្សិលមិញ​ បន្ទាប់​​បណ្តឹង​​ត្រូវ​​បាន​​ដាក់​​កាល​​ពី​​ថ្ងៃ​​ចន្ទ​​ដើម​​សប្តាហ៍​​ដោយ​​លោក​​សៅ រ៉ានី។​ ប្រភព​​ពី​​គណបក្ស​​នរោត្តម​ រណឬទ្ធិ​​បាន​​បញ្ជាក់​​ថា ​ព្រះអង្គម្ចាស់​​នឹង​​យាង​​ត្រឡប់​​ពី​​ប្រទេស​​បារាំង​​ដើម្បី​​មក​​តទល់​​នឹង​​លោក​​សៅ រ៉ានី។​

ព្រះអង្គម្ចាស់​នរោត្តម​ ឬទ្ធិ
ព្រះអង្គម្ចាស់​នរោត្តម​ ឬទ្ធិ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​សម្រេច​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ប្រកាស​បញ្ចប់​តួនាទី​ថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិកា​រដ្ឋាន​នៃ​គណបក្ស​របស់​ព្រះអង្គ​នោះ​គ្មាន​ប្រយោជន៍​នោះ​ឡើយ។ ក្រោយ​ពី​ការ​ដាក់​ពាក្យ​ប្តឹង​របស់​ក្រុម​ថ្នាក់​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ដែល​តំណាង​ដោយ​លោក​សៅ រ៉ានី​ដែល​ជា​អគ្គ​លេខា​ធិការ​គណបក្ស​នោះ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ចៅក្រម​នៃ​សាលាដំបូង​បាន​សម្រេច​បន្ត​ភារកិច្ច និង​តួនាទី​ថ្នាក់ដឹកនាំ​គណបក្ស​នរោត្តម រណឬទ្ធិ​នេះ​ដដែល។ ចៅក្រម ចាំង ស៊ីណាត​ថែម​ទាំង​សម្រេច​ផ្អាក និង​ព្យួរ​សិទ្ធិ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​មិន​អោយ​បញ្ឈប់​សមាជិកដទៃ​របស់​គណបក្ស​​ទៀត​៤ផង។

សេចក្តីសម្រេច​របស់​ចៅក្រម​សាលាដំបូង​យ៉ាង​នេះ​មិន​អាច​ធ្វើ​អោយ​ព្រះអង្គម្ចាស់​បន្ត​គង់​នៅ​ប្រទេស​បារាំង​បាន​ស្រួល​ឡើយ។ ប្រភព​ពី​គណបក្ស​នរោត្តម រណឬទ្ធិ​បាន​ប្រាប់​អោយ​ដឹង​ថា ព្រះអង្គ​កំពុង​រៀបចំ​ចាកចេញ​មក​កម្ពុជា​វិញ ដើម្បី​តតាំង​ជាមួយ​លោក​សៅ រ៉ានី​និង​ថ្នាក់​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​មួយ​ចំនួន​ទៀត​ដែល​ព្រះអង្គ​បាន​សម្រេច​បញ្ចប់​តួនាទី​កាល​ពី​ថ្ងៃ​ទី​២០​កក្កដា​កន្លង​មក​នោះ។ តាម​ពិត ​វត្តមាន​របស់​ព្រះអង្គ​នៅ​ប្រទេស​បារាំង​នេះ​ហើយ ដែល​ជា​គន្លឹះ​នៃ​បណ្តឹង​របស់​ក្រុម​លោក​សៅ រ៉ានី​ដែល​អះអាង​ថា សេចក្តីសម្រេច​បញ្ចប់​តួនាទី​ថ្នាក់​ដឹកនាំ​អគ្គលេខាធិការ​ដ្ឋាន​ត្រូវ​បាន​ធ្វើ​ដោយ​ការ​ក្លែង​បន្លំ​នោះ។

ជម្លោះ​ផ្ទៃក្នុង​នៃ​គណបក្ស​នរោត្តម រណឬទ្ធិ​ដ៏​តូច​រវាង​ថ្នាក់​ដឹកនាំ​ថ្នាក់​លើ គឺ​ដោយសារ​តែ​ការ​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច។ អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឬទ្ធិ​លោក​ ​សៅ រ៉ានី​បាន​យាង​ព្រះអង្គម្ចាស់​រណឬទ្ធិ​អោយ​នៅ​ក្រៅ​ឆាក​នយោបាយ​មួយ​រយៈ​ដើម្បី​លោក​បន្ត​ការ​រួបរួម​ជាមួយ​លោក​ញឹក ប៊ុនឆៃ។ ព្រះអង្គម្ចាស់​រណឬទ្ធិ​មិន​ត្រឹម​តែ​មិន​ស្វាគមន៍​សំណើ​នេះ​ទេ ហើយ​បាន​សម្រេច​បញ្ចប់​តួនាទី​លោក​សៅ រ៉ានី​និង​បក្ស​ពួក​មួយ​ចំនួន​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ