អានតួអត្ថបទ
ហ្កាហ្សា

អ៊ីស្រាអែល​និង​ហាម៉ាស់​ព្រមព្រៀងគ្នា​លើ​បទ​ឈប់បាញ់​អចិន្រ្តៃយ៍

ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល ៥០ថ្ងៃ អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​បាន​ព្រមព្រៀងគ្នា​លើ​បទឈប់បាញ់​អចិន្រ្តៃយ៍មួយហើយ ដោយ​បទឈប់បាញ់​នេះ​បាន​ចូល​ជា​ធរមាន​ នៅម៉ោង ៧ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ម៉ោង​ក្នុងស្រុក។ បទឈប់បាញ់ ដែល​ក្រុម​ហាម៉ាស់​ និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អះអាង​ថា​ជាជ័យជម្នះ​ដ៏ធំមួយ​លើ​អ៊ីស្រាអែល។

បណ្តាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា នាំគ្នា​អបអរសាទរ​បទឈប់បាញ់​ជាមួយ​អ៊ីស្រាអែល នៅ​យប់ថ្ងៃ​អង្គារ ២៦សីហា ២០១៤
បណ្តាជន​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា នាំគ្នា​អបអរសាទរ​បទឈប់បាញ់​ជាមួយ​អ៊ីស្រាអែល នៅ​យប់ថ្ងៃ​អង្គារ ២៦សីហា ២០១៤ REUTERS/Suhaib Salem
ផ្សាយពាណិជ្ជកម្ម

នៅពេលដែល​បទឈប់បាញ់​ចូល​ជាធរមាន នៅ​ម៉ោង ៧ល្ងាច​ថ្ងៃអង្គារ (ត្រូវ​ជាម៉ោង ១១យប់ នៅ​ក្នុង​ប្រទេស​កម្ពុជា) សំឡេង​ហ៊ោកញ្ជ្រៀវ ព្រមទាំង​ស្នូរកាំភ្លើង​បាន​លាន់ឮឡើង នៅ​ក្នុង​ទឹកដី​ហ្កាហ្សា ក៏ប៉ុន្តែ​លើ​នេះ គឺ​ជា​ស្នូរកាំភ្លើង ដើម្បី​អបអរ​នូវ​អ្វី ដែល​ក្រុម​ហាម៉ាស់​​ចាត់ទុក​ថា​ជា​ “ជ័យជម្នះ” ​លើ​អ៊ីស្រាអែល។ ជ័យជម្នះ ពីព្រោះ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ឈប់បាញ់​នេះ អ៊ីស្រាអែល​បាន​សុខចិត្ត​​បន្ធូរបន្ថយ​​​​ច្រកព្រំដែន​ ដែល​អ៊ីស្រាអែល​បាន​បិទ​ចាប់តាំង​ពី​ឆ្នាំ​២០០៦ ដោយ​បិទ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រជាជន​ហ្កាហ្សា​ទាំង​ជិត ២លាននាក់។

អ៊ីរ៉ង់​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធិ​របស់ក្រុម​ហាម៉ាស់​​ក៏​បាន​សម្តែង​ការអបអរ​ចំពោះ​ក្រុម​ហាម៉ាស់​ផងដែរ​ ដោយ​បាន​លើកសរសើរ​ថា ពួកគេ​បាន​ធ្វើ​ឲ្យរបបដឹកនាំ​អ៊ីស្រាអែល​ត្រូវ​ទទួល​បរាជ័យ។ ប្រទេស​កាតារ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហាម៉ាស់​ដែរ​នោះ បាន​សន្យាថា​នឹង​ផ្តល់​ជំនួយ​ ដើម្បី​សាងសង់ឡើងវិញ​នូវ​ការ​ខូចខាត​ក្នុង​តំបន់​ហ្កាហ្សា ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​រយៈពេល ៥០ថ្ងៃ​កន្លងទៅនេះ។

សហរដ្ឋ​អាមេរិក អង់គ្លេស និង​អ.ស.ប មិនបាន​អបអរ​សាទរ​ចំពោះ​ក្រុម​ហាម៉ាស់​ទេ ក៏ប៉ុន្តែ បាន​អបអរ​សាទរ​ចំពោះ​បទឈប់បាញ់ ដែល​សហគមន៍​អន្តរជាតិ​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ចុះ​ហត្ថលេខា​ជាយូរ​មក​ហើយ។

លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងសងខាង​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​ឈប់បាញ់​នេះ។ ចំណែក​ឯ​លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប​វិញ​ បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា បទឈប់បាញ់​នេះ​អាច​នឹង​ជា​ជំហាន​មួយ ដើម្បី​ឈាន​ទៅ​បើក​កិច្ចចរចា​រក​ដំណោះស្រាយសន្តិភាព ហើយ​បញ្ចប់​ជា​ស្ថាពរ​នូវ​ជម្លោះ​នៅ​ដើមបូព៌ា​នេះ។

បើ​តាម​តួលេខ​របស់​អ.ស.ប សង្រ្គាម​នៅ​ហ្កាហ្សា រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់អាវុធ​ហាម៉ាស់​ ដែល​ចាប់ផ្ទុះឡើង កាល​ពីថ្ងៃ​ទី៨​កក្កដា បាន​បណ្តាល​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ ២ ១៤២នាក់​ត្រូវ​បាត់បង់​ជីវិត ដោយ​ក្នុងនោះ ប្រមាណ​ជា ៧០% គឺ​ជា​ជនស៊ីវិល។ ចំណែក​ខាង​អ៊ីស្រាអែលវិញ មាន​ស្លាប់ ៧០នាក់ ក្នុងនោះ ៦៤នាក់ គឺ​ជា​ទាហាន។

នៅ​ព្រឹកថ្ងៃ​ពុធ​នេះ មន្រ្តី​អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​អះអាង​ថា បទឈប់បាញ់​នៅ​ហ្កាហ្សា​ត្រូវ​បាន​ភាគី​គោរព​តាម ដោយ​ក្រុម​ហាម៉ាស់​មិនបាន​បាញ់​រ៉ុកកែត​លើ​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​ក៏​មិនបាន​ធ្វើការ​វាយប្រហារ​ទៅលើ​តំបន់​ហ្កាហ្សានោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ