
ប៉ុន្មានថ្ងៃកន្លងទៅនេះ សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងជាថ្មីរវាងរដ្ឋាភិបាលជាមួយអង្គការ ក្រៅ រដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជារវាងរដ្ឋាភិបាលជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ អធិករណ៍បានផ្ទុះឡើងជុំវិញស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសជុំវិញការផ្តន្ទាទោសលោក ម៉ម សូណង់ដូឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។ តាមពិត ទស្សនៈផ្ទុយគ្នាដែលស្តែងឡើងយ៉ាងគគ្រឹកគគ្រេងបែបនេះ គឺជាសញ្ញាល្អមួយសម្រាប់ការរីកលូតលាស់នៃវប្បធម៌ប្រជាធិបតេយ្យ។ ប៉ុន្តែ ការរិះគន់ និងប្រតិកម្មក្តៅមួយចំនួនបានក្លាយជាការចាក់សាំងទៅលើភ្លើងទៅវិញ។
សង្គ្រាមពាក្យសម្តី និងសង្គ្រាមប៉ាកាបានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេងក្នុងរយៈពេលចុងក្រោយនេះ។ ទាំងប្រជាពលរដ្ឋ ទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានបញ្ចេញសំឡេងរិះគន់រដ្ឋាភិបាលយ៉ាងកងរំពង។ រីឯប្រមុខដឹកនាំ និងមន្ត្រីរដ្ឋាភិបាលវិញក៏បានប្រើប្រាស់សិទ្ធិឆ្លើយតបវិញដើម្បីការពារខ្លួនផង និងការរិះគន់តបវិញផងដែរ។ ព្រឹត្តិការណ៍នេះបានស្តែងឲ្យឃើញនូវទិដ្ឋភាពវិជ្ជមានផង និងអវិជ្ជមានផង។ វិជ្ជមាននៅត្រង់ថា ការឆ្លើយឆ្លងគ្នាយ៉ាងកងរំពងនេះបានបង្ហាញឲ្យឃើញថា វប្បធម៌ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរីកដុះដាលឡើងគួរឲ្យកត់សម្គាល់។ ពលរដ្ឋខ្មែរ រាប់តាំងពីជនសាមញ្ញរហូតដល់អ្នកដឹកនាំកំពូលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិដោយអហិង្សាតាមបែបប្រជាធិបតេយ្យ។
ខុសពីអតីតកាលដែលការខ្វែងទស្សនៈគ្នាច្រើនតែបញ្ចប់ដោយអំពើហិង្សា។ ប៉ុន្តែទន្ទឹមនឹងនេះដែរ របៀបនៃការប្រើប្រាស់សិទ្ធិបញ្ចេញមតិមួយចំនួនមិនបានជាប្រយោជន៍ដល់ការកែលម្អស្ថានភាពនយោបាយនៅកម្ពុជាទេ តែវាបែរជាក្លាយទៅជាការចាក់សាំងស្រោចទៅលើរងើកភ្លើងទៅវិញ។
ជាការពិតណាស់ នៅក្នុងរបបប្រជាធិបតេយ្យ មានតួអង្គសំខាន់ពីរដែលមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន នោះគឺ «អ្នករិះគន់គេ» និង«អ្នកដែលត្រូវគេរិះគន់» និយាយឲ្យចំគឺ តួអង្គអ្នករិះគន់គេគឺតំណាងដោយប្រជាពលរដ្ឋ សង្គមស៊ីវិល និងបក្សប្រឆាំង។ ចំណែកតួអង្គដែលទទួលការរិះគន់គឺជារដ្ឋាភិបាលដែលកាន់អំណាចដឹកនាំប្រទេស។ ដើម្បីឲ្យការរិះគន់មានប្រយោជន៍ពិតប្រាកដ លុះត្រាតែអ្នករិះគន់ស្ថិតក្នុងក្របខ័ណ្ឌ «រិះគន់ដើម្បីស្ថាបនា»។ រីឯអ្នកដែលទទួលការរិះគន់វិញ ត្រូវតែហ៊ានទទួលស្គាល់ចំណុចខុសឆ្គង ហើយយកវាទៅកែលម្អ។
ប៉ុន្តែ អ្វីដែលបាន និងកំពុងកើតមាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា នៅមិនទាន់បំពេញបានលក្ខខណ្ឌនេះនៅឡើយទេ។ ដូច្នេះ ផ្លាស់ប្តូររបៀបរបបធ្វើការងារមួយចំនួនគឺជាការចាំបាច់។ តួអង្គអ្នករិះគន់គេ និងអ្នកដែលត្រូវគេរិះគន់ត្រូវធ្វើជាដៃគូ គឺមិនមែនជាគូសត្រូវដែលរង់ចាំតែមើលបំណាំ និងបរិហារគ្នានោះទេ។
«ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» នេះគឺជាទស្សនៈវិជ្ជាដ៏មានតម្លៃដែលគេគួរពិចារណា។ មានរឿងរ៉ាវធំៗខ្លះអាចដោះស្រាយបានដោយស្រួលតាមរយៈការជជែកទល់មុខគ្នាដោយស្ងាត់។ នេះជាអ្វីដែលគេហៅថាវិធីត្រជាក់។ ផ្ទុយទៅវិញ ការប្រើប្រាស់វិធីក្តៅដើម្បីឲ្យមានតែសំឡេងដូចស្គរ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានប៉ុណ្ណោះទេ តែពេលខ្លះវាបែរជាធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងទៅវិញក៏មាន។
ជាក់ស្តែង របាយការណ៍សិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេសសហប្រជាជាតិ ឬការរិះគន់ក្តែងៗរបស់បក្សប្រឆាំង និងសង្គមស៊ីវិល មិនបានធ្វើឲ្យរដ្ឋាភិបាលយកទៅពិចារណាទេ តែវាកាន់តែដុតកំហឹងរបស់រដ្ឋាភិបាលឲ្យបញ្ចេញប្រតិកម្មខ្លាំងៗតបមកវិញតែប៉ុណ្ណោះ។ ដូច្នេះ អំណឹះតទៅ គេគួរតែសាកល្បងប្រើវិធីត្រជាក់វិញម្តង។ ប៉ុន្តែ ដើម្បីឲ្យនយោបាយ«ត្រជាក់ស៊ីជ្រៅ» មានប្រសិទ្ធភាព វាចាំបាច់ត្រូវមានលក្ខខណ្ឌពីរមិនអាចខ្វះបាន៖
ទី១៖ រដ្ឋាភិបាលត្រូវតែបើកទូលាយឲ្យសង្គមស៊ីវិល បក្សប្រឆាំង ឬអ្នករាយការណ៍ពិសេសសហប្រជាជាតិជួបពិភាក្សាដើម្បីស្តាប់យោបល់របស់ពួកគេ។ ការបិទច្រកអ្នករិះគន់មិនឲ្យចូលជិត មិនខុសពីការជំរុញឲ្យមានវិធីក្តៅនោះឡើយ។ នេះជាក្រឹត្យក្រមដែលមិនអាចបញ្ចៀសបាន។
ទី២៖ តួអង្គអ្នករិះគន់គេ គួរស្ថិតក្នុងក្របខ័ណ្ឌនៃការស្ថាបនាជាចាំបាច់។ ការដើរហួសពីក្របខ័ណ្ឌនេះ ដោយបង្កប់ផលប្រយោជន៍ផ្សេងពីក្រោយខ្នង វាក៏ជាការបំផ្លាញនយោបាយ «ត្រជាក់ស៊ីជ្រៅ» នេះឲ្យរលាយដូចគ្នាដែរ។
ប្រសិនបើលក្ខខណ្ឌទាំងពីរនេះត្រូវបានគោរព វិធីត្រជាក់ជាជម្រើសល្អបំផុតសម្រាប់ការកែប្រែស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ