ក្រិកតែងតាំងអ្នកជំនាញសេដ្ឋកិច្ចឲ្យដឹកនាំរដ្ឋាភិបាលរួបរួមជាតិ
នៅទីបំផុត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រិករកបាននាយករដ្ឋមន្រ្តីថ្មី ដើម្បីដឹកនាំរដ្ឋាភិបាលរួបរួមជាតិ ក្រោយពីលោកប៉ាប៉ង់ដ្រេអ៊ូ (Papandreou) បានលាឈប់ពីតំណែង។ នាយករដ្ឋមន្រ្តីថ្មីរបស់ក្រិក គឺលោក Lucas Papademos ត្រូវរៀបចំសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដើម្បីស្បថចូលកាន់តំណែង នៅថ្ងៃសុក្រនេះ។ មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការអបអរសាទរ ចំពោះការតែងតាំងលោក Papademos នេះ ដោយគេយល់ថា លោកគឺជាអ្នកជំនាញខាងសេដ្ឋកិច្ច ធ្លាប់កាន់តំណែងសំខាន់ នៅក្នុងតំបន់ចាយលុយអឺរ៉ូ។
ប្រឈមមុខនឹងវិបត្តិប្រាក់បំណុល និងភាពចលាចលនយោបាយក្នុងស្រុក ក្រិកបានសម្រេចជ្រើសរើសអ្នកជំនាញខាងសេដ្ឋកិច្ច ដែលមិនមែនជាសមាជិកសភា ហើយមិនមែនជាសមាជិកគណបក្សនយោបាយណាមួយ ដើម្បីឲ្យមកដឹកនាំរដ្ឋាភិបាលរួបរួមជាតិ។
លោកលូកាស់ ប៉ាប៉ាដេម៉ុស (Lucas Papademos) គឺជាអ្នកជំនាញខាងសេដ្ឋកិច្ច និងធនាគារ ដែលមានឈ្មោះបោះសំឡេងនៅក្នុងសហភាពអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ លោកគឺជាបណ្ឌិតសេដ្ឋកិច្ច ដែលបញ្ចប់ការសិក្សាពី MIT (Massachusset Institute of Technology) ដែលជាសាលាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកលោកបានទៅធ្វើជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Columbia និងសកលវិទ្យាល័យ Harvard។
ទាំងមេដឹកនាំសហភាពអឺរ៉ុប និងអ្នកវិភាគសេដ្ឋកិច្ចជាទូទៅ សុទ្ធតែយល់ថា ការតែងតាំង លោកប៉ាប៉ាដេម៉ុសឲ្យធ្វើជានាយករដ្ឋមន្រ្តី ក្នុងពេលដែលក្រិកប្រឈមមុខនឹងវិបត្តិប្រាក់បំណុលដ៏ធ្ងន់ធ្ងរបែបនេះ គឺជាជម្រើសដ៏ល្អមួយ ព្រោះលោកជាអ្នកជំនាញ ដែលស្គាល់ការងារ ទាំងនៅក្នុងប្រទេសក្រិក និងនៅក្នុងសហភាពអឺរ៉ុប។ លោកប៉ាប៉ាដេម៉ុស ធ្លាប់កាន់តំណែងជាអគ្គទេសាភិបាលធនាគារជាតិក្រិក រយៈពេល ៨ឆ្នាំ (១៩៩៤-២០០២) និងបន្ទាប់មកជាអគ្គទេសាភិបាលរងនៃធនាគារកណ្តាលសហភាពអឺរ៉ុប (២០០២-២០១០)។
ក៏ប៉ុន្តែ ចំណុចខ្សោយរបស់លោកប៉ាប៉ាដេម៉ុស គឺនៅត្រង់ថា លោកមិនមែនជាតំណាងរាស្រ្ត ដែលទទួលបានអាណត្តិពីពលរដ្ឋក្រិក ក្នុងការដឹកនាំប្រទេស។ ចំណុចខ្សោយមួយនេះអាចនឹងបង្កជាបញ្ហា នៅពេលដែលលោកប៉ាប៉ាដេម៉ុសត្រូវធ្វើសេចក្តីសម្រេចធំៗ ជាពិសេស ការកាត់បន្ថយការចំណាយរដ្ឋ ដើម្បីតម្រូវទៅតាមលក្ខខណ្ឌជំនួយរបស់អឺរ៉ុប ពីព្រោះថា នៅពេលនេះ ប្រជាជនក្រិកភាគច្រើនបំផុតនាំគ្នាប្រឆាំងនឹងការកាត់បន្ថយការចំណាយនេះ។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ក្រោយពីលោកប៉ាប៉ាដេម៉ុសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីក្រិក ភាពចលាចលនៅក្នុងទីផ្សារមូលបត្រហាក់ដូចជាបានស្ងប់ស្ងាត់មកវិញ។ អត្រាការប្រាក់បំណុលរបស់អ៊ីតាលីក៏បានធ្លាក់ចុះមកវិញដែរ ក្រោយពីមានព័ត៌មានថា អ៊ីតាលីក៏គ្រោងនឹងតែងតាំងអ្នកជំនាញសេដ្ឋកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ ឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មីដែរ ដើម្បីជំនួសលោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី ដែលនឹងត្រូវលាឈប់នៅចុងខែនេះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ