កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 23 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អង្គារ 23 តុលា 2012

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ ២៣ តុលា ដាក់​ជា​ថ្ងៃ​បុណ្យជាតិ​ឲ្យ​មាន​ឈប់​សម្រាក​ឡើង​វិញ

លោក ទិត សុធា
លោក ទិត សុធា
© RFI

ដោយ លី ម៉េងហួរ

ទីបំផុត​ទៅ នៅ​ថ្ងៃ​ខួប​លើកទី​២១ឆ្នាំ ថ្ងៃ២៣ តុលា​នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រកាស​យក​ថ្ងៃ២៣ តុលា ដាក់​ជា​ថ្ងៃបុណ្យជាតិ អនុញ្ញាត​​ឲ្យ​មាន​ការ​ឈប់​​​​​​​​​​​សម្រាក។ ការ​សម្រេច​ដូច្នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​ឧទ្ទិស​ដល់​ព្រះវីរភាព​របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ដែល​ជា​ស្ថាបនិក​នូវ​សមិទ្ធផល​ដែល​នាំ​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។ ជា​ការ​កត់សម្គាល់ កាល​ពី​អំឡុង​ឆ្នាំ២០០៥ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដក​ថ្ងៃ​២៣ តុលា​ចេញ​ពី​បុណ្យជាតិ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

23/10/2012 by លី ម៉េងហួរ

នៅ​ថ្ងៃ២៣ តុលា​ដែល​ជា​ថ្ងៃ​កាន់​ទុក្ខ​ចុង​ក្រោយ​ឧទ្ទិស​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​រយៈពេល ៧ថ្ងៃ គឺ​នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ចេញ​សេចក្តីប្រកាស​កំណត់​យក​ថ្ងៃទី២៣ ខែតុលា​ដែល​ជា​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព ទីក្រុង​ប៉ារីស ដាក់​ចូល​ក្នុង​ប្រតិទិន ជា​ថ្ងៃ​ឈប់​សម្រាក ១ថ្ងៃ​ពី​ការងារ​របស់​​មន្រ្តីរាជការ និយោជិត កម្មករ នៅ​ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា ​ចាប់​ពី​ឆ្នាំ២០១៣ ត​ទៅ។ លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ដាក់​ថ្ងៃ២៣ តុលា ក្នុង​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​វីរភាព​នៃ​សមិទ្ធិផល​រួម​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏​ជា​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ផង​ដែរ។
 
លោកទិតសុធា​បាន​គូស​បញ្ជាក់​ថា៖ “ការសម្រេច​នេះ ជា​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ហើយ​ឆ្លើយតប​ទៅ​នឹង​វីរភាព​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចតេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ១៩៩១ ដែល​នាំ​ឲ្យ​កម្ពុជា​យើង​សម្រេច​បាន​នូវ​ការបោះឆ្នោត​ មាន​សភាធម្មនុញ្ញ មាន​រដ្ឋធម្មនុញ្ញ ហើយ​រាជរដ្ឋាភិបាល​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បាន​បោះឆ្នោត​យ៉ាង​ទៀង​ទាត់ ធានា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​មក​ដល់​សព្វថ្ងៃ​នេះ”។ លោក ទិត សុធា បាន​បន្ថែម​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ចំពោះ​ថ្ងៃ២៣ តុលា​ ជា​ថ្ងៃ​ឈប់​សម្រាក​មួយថ្ងៃ ដូច្នេះ​មិនមែន​កើត​ឡើង​ពី​ការ​ទាមទារ ឬ​ការ​គាបសង្កត់​របស់​ក្រុម​ប្រឆាំង​នោះ​ទេ។ តែ​នេះ​ជា​ឆន្ទៈ​នយោបាយ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល។
 
សូម​រម្លឹក​ថា នៅថ្ងៃខួប ២១ ឆ្នាំ​នៃ​ថ្ងៃ២៣ តុលា​នេះ មិន​មាន​ពិធី​ជួបជុំ​អ្វី​ធំ​ដុំ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ទេ ព្រោះថា នៅ​ទូទាំង​ប្រទេស មមាញឹក​នឹង​ព្រះរាជ​ពិធីបុណ្យ​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​​ព្រះ​ទិវង្គត​របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ បាន​កើត​ឡើង​​ដោយ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ភាគី​ខ្មែរ​ដទៃ​ទៀត ក្រោម​ការ​ជួយ​​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ពិសេស​បារាំង និង​ឥណ្ឌូនេស៊ី​ដែល​ជា​សហប្រធាន នៃ​សន្និសីទ​រួម ឈាន​ដល់​ការរួបរួម​រវាង​ខ្មែរ និង​ខ្មែរ​ដើម្បី​ចុះហត្ថលេខា​លើ​បទ​ឈប់​​បាញ់​៕

tags: កម្ពុជា - សង្គម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close