កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 29 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 29 តុលា 2012

លោក ហ៊ុនសែន៖ រដ្ឋាភិបាល​មិនទាន់មាន​លទ្ធភាព​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ និង​គ្រូបង្រៀន​ទេ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​
RFI/Ly Meng Hour

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រាក់ខែ​មន្ត្រីរាជការ ពិសេស​គ្រូបង្រៀន​មិន​អាច​ដំឡើង​តាម​ការ​ទាមទារ​បាន​ទេ​។ គឺ​ប្រាក់ខែ​គ្រូបង្រៀន​ត្រូវ​ដំឡើង​ជា​ដំណាក់កាល ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ រដ្ឋាភិបាល​សម្រេច​តម្លើង ២០% ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។ ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន កាល​ពី​ថ្ងៃ​៥ តុលា ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក បាន​ទាមទារ​តម្លើង​ប្រាក់ខែ រហូតដល់ ១​លានរៀល ឬ​ស្មើ​ប្រមាណ ២៥០ ដុល្លារ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
 

29/10/2012 by លី ម៉េងហួរ

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ ពិសេស​គ្រូបង្រៀន ត្រូវ​គិត​ពី​បញ្ហា​ជាតិ ដោយ​លោក​បាន​លើកយក​ហេតុផល​នៃ​ការ​ចំណាយ​ថវិកាជាតិ តាម​បែប​បច្ចេកទេស​ម​ក​ពន្យល់​។ នោះ​គឺ​ការចំណាយ​របស់​រដ្ឋាភិបាល​គ្រប់​ផ្នែក​ទាំងអស់ ត្រូវ​ស្ថិត​នៅ​ត្រឹម ៤០ ភាគរយ​នៃ​ការចំណាយ​ចរន្ត​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​លើក​ឡើង​ថា ឥឡូវ​នេះ រដ្ឋាភិបាល​បាន​ចំណាយ​កើន​ឡើង​រហូត​ដល់ ៤២ ភាគរយ ស្មើ​នឹង ៤,៧​ភាគរយ​នៃ GDP​។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ថា "​ខ្ញុំ​គិត​ថា បើ​យើង​យក​មួយ​ច្បិចៗ និយាយ​តែ​រឿង​ប្រាក់ខែៗ​មក​និយាយ គឺ​មិន​បាច់ចាំ​ធ្វើ​ដឹកនាំ​ជាតិ​ទេ​។ ដឹក​នាំ​រលាយ​តែ​ម្តង​។ គេ​មាន​គោលដៅ​របស់​គេ​ច្បាស់​ណាស់​!​។ ត្រូវ​ចំណាយ​លើ​ផ្អែក​អី​ប៉ុន្មាន​? ស្មើ​នឹង​ប៉ុន្មាន​ភាគរយ នៃ GDP នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ? បើ​និយាយ​ពី​ចំណាយ​លើ​បុគ្គលិក​ដែល​រួមមាន​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន​ស្អីៗ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា​ស្អីៗ ដែល​ហៅថា ចំណាយ​ជា​បៀវត្សរ៍​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត ៤% នៃ​ផលិតផល​សរុប និង​៤០%​នៃ​ចំណាយ​ចរន្ត​។ ប៉ុន្តែ​ឥឡូវ​នេះ យើង​បាន​ចាយ​ដល់​ទៅ ៤២% នៃ​ចំណាយ​ចរន្ត​​បាត់​ទៅ​ហើយ ឬ​ស្មើ​នឹង ៤,៧% នៃ​ផលិតផល​សរុប​"​។
 
ជា​មួយ​គ្នា​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​បញ្ជាក់​បន្ថែម ដោយ​យក​ឧទាហរណ៍​នៅ​ប្រទេសក្រិក​ដែល​កំពុង​មាន​វិបត្តិ ដោយសារ​តែ​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា "​ឧបមា​ផ្លូវ ១០០ គីឡូ គេ​អាច​ធ្វើ​បន្តិច​ម្តងៗ ដូច​ជំហាន​គីង្គក់​។ ១០០ គី​ឡូ ធ្វើ​ម្តង ២០ គី​ឡូ ធ្វើ​ម្តង ៣០ គី​ឡូ​។ អា​នឹង អាច​ផ្អាក​បាន​។ ប៉ុន្តែ​ហៅថា ចំណាយ​លើ​ប្រាក់ខែ​ហើយ តែ​ចាប់ផ្តើម​ចាយ​ហើយ គឺ​ចាយ​អត់​មាន​ឈប់​ទេ ហើយ​តែ​ឡើង​ហើយ ថយ​មក​វិញ កុំ​សង្ឃឹម​។ ឥឡូវ​មើលទៅ សូម្បី​តែ​ប្រទេស​ក្រិច អា​ថែម​នឹង គឺ​បាតុកម្ម​យ៉ាង​ម៉េច ?​។ ដល់​តម្លើងៗ​ទៅ អឺរ៉ុប​ត្រូវ​ប្រកាន់​យក​វិធានការ​ចាំបាច់​មួយ គឺ​ថា​បន្ថយ​ប្រាក់ខែ និង​បន្ថែម​ពន្ធ ជើង​ទាំង​ពីរ​ដើរ​ទៅ​ជាមួយគ្នា​។ អីចឹង​បានជា​បញ្ហា​នេះ ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​"​។
 
យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ពី​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ គ្រូបង្រៀន នៅក្នុង​ក្របខណ្ឌ​នយោបាយ​របស់​ខ្លួន ចំនួន ២០% ជា​បន្ត នៅ​ឆ្នាំ​២០១៣​។ នៅ​ពេល​សព្វថ្ងៃ គ្រូបង្រៀន​នៅ​ថ្នាក់បឋមសិក្សា រហូត​ដល់​វិទ្យាល័យ​ទទួល​បាន​ប្រាក់ខែ​ចាប់ពី ២៤០.០០០ រៀល ឬ ៦០ ដុល្លារ រហូត​ដល់ ៤៤០.០០០ រៀល ឬ​ស្មើ​ប្រមាណ ១១០ ដុល្លារ​។ ក្រុម​គ្រូបង្រៀន​ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ ដោយសារ​តែ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់ ពិសេស​ប្រេងសាំង​៕

tags: កម្ពុជា - សេដ្ឋកិច្ច - អប់រំ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (3)

មុននឹងមកធ្វើគ្រូក្រែងដឹងដែរតើ

មុននឹងមកធ្វើគ្រូក្រែងដឹងដែរតើ ថាប្រាក់ខែតិច។ មេចមិនទៅធ្វើស្អីផ្សេងទៅ? ធ្វើគ្រូធ្វើអី?

គ្មានសមត្ថភាពធ្វើ ឬធ្វើមិនបាន?

ខ្ញុំជ្រេញណាស់លោកអើយ! ប្រទេសខ្មែរនិងក្រិកមានស្ថានភាពខុសគ្នា។ យើងមើលប្រទេសយើង​ដោយប្រើខួរក្បាលជាអ្នកចេះដឹងពីអ្វីទៅហៅថាការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យមិនមែន
កុម្មុយនីស្ត ស្អីទៅសេដ្ឋកិច្ច អ្វីទៅផ្សារសេរី ស្អីទៅដែលខ្លួនឯងហៅនយោបាយខ្កួនឯងថារដ្ឋាភិបាល
ធារាសាស្រ្តជាដើម។ល។ និងប្រកដទៅដោយបេះដូងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ខ្ញុំជារាស្រ្តត្រូវជា
ចៅហ្វាយរបស់រដ្ឋ បញ្ជាឲ្យរដ្ឋាភិបាលធ្វើកិច្ចការដូចខាងក្រោម៖
១. ពិនិត្យឡើងវិញពីចំណូលពន្ធដារ កុំឲ្យចូលក្នុងហោប៉ៅពួកពុករលួយនិងចូលបក្ស។ យកស្ថាប័ន​ទេសចរណ៍អប្សរាពីយួនមកគ្រប់គ្រងដោយរដ្ឋាភិបាលខ្លួនឯងវិញឲ្យមានប្រសិទ្ធភាព។
២. កាត់បន្ថយបុគ្គលិករដ្ឋាភិបាលណាដែលមិនចាំបាច់ ព្រោះពួកនោះកាន់តែច្រើនវារិតតែ​ព្រូតលួច​ជាតិកាន់តែច្រើន។
៣. ពង្រីក (ពងរីក)សេដ្ឋកិច្ចជាតិ កិច្ចការនេះទូលំទូលាយណាស់វាមិនត្រឹមតែធ្វើឲ្យមានទឹកសម្រាប់
ធ្វើស្រៃ,ផ្តល់ដីសម្បទានសេដ្ឋកិច្ច,បង្កើនទេសចរបរទេសប៉ុណ្ណោះទេ វាមានច្រើនជាងនេះ លុះត្រាតែ
បុគ្គលដែលធ្លាប់បានរៀនសូត្រពីចំណេះនេះទើបធ្វើកើត មនុស្សណាចេះតែកាន់កាំភ្លើង...ធ្វើមិនកើតទេ! បងអើយ!...
...បើធ្វើមិនបាន តើគួរខ្លួនធ្វើម៉េច ខ្លួនដឹងខ្លួនឯងហើយ!

អសមត្ដភាព

លោកនាយករដ្ឋមន្ត្រីគ្មានសមត្ថភាពទេក្នុងការដំលើងប្រាក់ខែ តែបើដំឡើងពន្ធគឺពូកែណាស់ ដូចជាពន្ធដី ផ្ទះ សាំងជាដើម ។ ទំនិញឡើងថ្លៃ និងការដំឡើងប្រាក់ខែមិនសមមាត្រគ្នាទេ ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close