អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទីផ្សារ​អង្ករ​អន្តរជាតិ​និង​ឱកាស​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការនាំចេញ​អង្ករ កំពុងតែ​ក្លាយ​ទៅជា​វិស័យ​ជា​អាទិភាព​មួយ​របស់​កម្ពុជា​ នៅ​ក្នុង​យុទ្ធសាស្រ្ត​ពិពិធកម្មវិស័យ​នាំចេញ​របស់​ខ្លួន ដែល​រហូត​មកទល់​នឹង​ពេ​លនេះ ពឹងផ្អែក​ខ្លាំង​តែ​ទៅលើ​វិស័យ​កាត់ដេរ។ ដោយ​​មើល​ទៅលើ​ការវិវឌ្ឍ​នៃ​ទីផ្សារ​អង្ករ​អន្តរជាតិ និង​សក្តានុពល​កសិកម្ម​របស់​កម្ពុជា គេអាច​ឃើញ​ថា វិស័យនាំចេញ​អង្ករ​នេះ គឺ​ជា​ឱកាស​សេដ្ឋកិច្ច​ដ៏សំខាន់មួយ សម្រាប់​កម្ពុជា។  

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

កាលណា​និយាយ​ពី​ទីផ្សារ​អង្ករ​អន្តរជាតិ គេ​គួរ​ធ្វើការ​កត់សម្គាល់​ត្រង់ចំណុច​សំខាន់​មួយ​ជាចាំបាច់៖ អង្ករ គឺ​ជា​អាហារ​ជាមូលដ្ឋាន​មិន​អាច​ខ្វះបាន សម្រាប់​ប្រជាជន​ប្រមាណ​ជា ២ភាគ៣ ក្នុង​ចំណោម​ប្រជាជន​សរុប ទាំង ៧ពាន់លាន​នាក់ នៅទូទាំង​ពិភពលោក។​ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ទីផ្សារ​អង្ករ​អន្តរជាតិ​តែងតែ​មាន​កំណើន​ជា​ប្រចាំ ទាំង​បរិមាណ និង​តម្លៃ។ សូម្បីតែ​នៅ​ក្នុង​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច កាល​ពីពេលថ្មីៗ​​កន្លងទៅនេះ ក៏​ទីផ្សារ​អង្ករ​អន្តរជាតិ​នៅតែ​មានការ​​កើនឡើង​ដែរ។

យោងតាម​ការ​ព្យាករ​របស់​​អង្គការ​ស្បៀងពិភពលោក (FAO) តម្រូវការ​អង្ករ​នៅទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៣-២០១៤​នេះ អាច​នឹង​មាន​រហូតដល់​ទៅ​ជាង ៤៩០លាន​តោន គឺ​កើនឡើង​ប្រមាណ​ជា ២,៥%​​ ធៀប​នឹង​ឆ្នាំ​កន្លងទៅ។ សម្រាប់​ឆ្នាំ​២០១៤-២០១៥​ខាងមុខនេះ តម្រូវការ​អង្ករនេះ​អាចនឹង​​បន្ត​កើនឡើង​តទៅទៀត គឺ​កើនឡើង​រហូតដល់​ទៅ ៥០២លាន​តោន។

បើ​និយាយ​ពីការជួញដូរ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​វិញ អង្គការ FAO ក៏​បាន​ព្យាករ​​ពី​កំណើន​ប្រមាណ​ជា ៥% ផងដែរ នៅ​ឆ្នាំ​២០១៤​នេះ ដោយ​​បរិមាណ​នៃ​ការ​ជួញដូរ​អង្ករ​​​អន្តរជាតិ​អាច​នឹង​​កើនឡើង​រហូតដល់​ទៅ​​ប្រមាណ​ជាង ៣៩លាន​តោន។

តម្រូវការខ្ពស់​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​នេះ​គឺ​ជា​ឱកាស​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​មាន​ផ្ទៃដី​កសិកម្ម​ច្រើន ​មាន​ប្រជាជន​ភាគច្រើន​លើសលុប​ជា​កសិករ ហើយ​ការផលស្រូវ​មាន​បរិមាណ​ច្រើន​លើស​ពី​តម្រូវការ​ក្នុងស្រុក។

យោងតាម​តួលេខ​របស់​ក្រសួង​កសិកម្ម ផលស្រូវ​របស់​កម្ពុជា​ដែល​សល់​ពី​តម្រូវការ​ក្នុងស្រុក មានរហូតដល់​ទៅ​ ៤លាន ៧សែន​តោន កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​យ៉ាងតិច ១លាន​តោន នៅ​ឆ្នាំ​២០១៥​ខាងមុខ ព្រមទាំង​មាន​គោលដៅ​ក្នុងរយៈពេលវែង​ចង់​ឃើញ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់ទី៣ នៅលើ​ពិភពលោក។

នៅពេល​បច្ចុប្បន្ន​នេះ ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាងគេ​ គឺ​ឥណ្ឌា។ ឥណ្ឌា​ ​ទើប​នឹង​បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ១​នេះ ពីប្រទេស​ថៃ ដែល​ត្រូវ​ធ្លាក់​ទៅនៅ​លេខ២។ វៀតណាម​​ស្ថិត​នៅ​លំដាប់ទី៣ ចំណែក​កម្ពុជា​វិញ ជាប់លេខ ៦ ក្រោយ​ប៉ាគីស្ថាន និង​សហរដ្ឋ​អាមេរិក។ ប្រទេស​នាំចូល​អង្ករ​សំខាន់ៗ​វិញ រួមមាន ចិន នីហ្សេរីយ៉ា ហ្វីលីពីន អ៊ីរ៉ង់ អ៊ីរ៉ាក់ និង​សហភាព​អឺរ៉ុប។

នៅ​ក្នុង​ចំណោម​ប្រទេស​នាំចូល​អង្ករ​​ធំៗ​ទាំងនេះ គេ​ឃើញ​ថា ចិន​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​កម្ពុជា​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។ ហ្វីលីពីន​​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ ដែល​​ក្នុងនោះ​ក៏​មាន​ចែងផងដែរ ​ពី​ការ​បង្កើត​ការ​នាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ហ្វីលីពីន។ ចំណែក​សហភាព​អឺរ៉ុបវិញ បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​សិទ្ធិពិសេសមួយ​ក្នុងការ​នាំ​ផលិតផល​ទៅលក់​នៅ​ក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដោយមិន​យក​ពន្ធគយ និង​ដោយ​គ្មាន​កូតា គឺ​តាមរយៈការផ្តួចផ្តើម​គំនិត​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា « Everyting But Arms »។ នៅ​ក្នុង​ចំណោម​ប្រទេស​នាំចេញ​អង្ករ​ធំៗ​ទាំង ៦ នៅលើ​ពិភពលោក មានតែ​ប្រទេស​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​នូវការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប តាមរយៈ​ការផ្តួចផ្តើម​គំនិត​នេះ។ នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​ទៀត សម្រាប់​កម្ពុជា ក្នុងការ​បោះជំហាន​ចូល​ក្នុង​ទីផ្សារ​អង្ករ​អន្តរជាតិ។

ជាក់ស្តែង គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​អង្ករ​ ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅប្រទេស ទាំង​ប្រមាណ​ជា​ជិត ៤សែនតោន កាល​ពី​ឆ្នាំ​២០១៣ មាន​មួយផ្នែក​ធំ ត្រូវ​នាំ​ទៅលក់​នៅ​អឺរ៉ុប។ នៅ​ក្នុង​ប្រទេស​បារាំង ជាពិសេស នៅ​ទីក្រុង​ប៉ារីស អង្ករ​របស់​កម្ពុជា​ក៏​ត្រូវ​បាន​គេ​ដាក់​លក់​យ៉ាងច្រើន​ផងដែរ ដោយខុស​ពីពេលមុនៗ ដែលមាន​តែ​អង្ករ​ថៃ វៀតណាម និង​ឥណ្ឌា។

ក៏ប៉ុន្តែ គេ​ឃើញ​ថា អង្ករ​របស់​កម្ពុជា ថ្វីដ្បិត​តែ​ទទួល​បាន​នូវ​ការ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុប តែ​នៅតែ​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ថៃ និង​វៀតណាម ដែល​មិន​បាន​ទទួល​ការ​អនុគ្រោះពន្ធ​ទៅវិញ។ នេះ គឺ​ដោយសារ​តែ​ថ្លៃ​ផលិត​អង្ករ​នៅ​កម្ពុជា មាន​កម្រិត​ខ្ពស់​ជាង​គូប្រជែង។

ថ្លៃ​ផលិតខ្ពស់​ បូករួម​ជាមួយ​នឹង​​ការខ្វះខាត​សមត្ថភាព​ផលិត​អង្ករ​ដែល​មាន​គុណភាព សម្រាប់​នាំចេញ​ ​គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំ សម្រាប់​វិស័យ​នាំចេញ​អង្ករ​របស់​កម្ពុជា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រសិនបើ​កម្ពុជា​អាច​ជម្នះ​នឹង​បញ្ហា​ប្រឈម​ធំៗ​ទាំងនេះ​បាន គេ​ប៉ាន់​ប្រមាណ​ថា កម្ពុជា​មាន​សក្តានុពល​ក្នុងការ​ផលិត​អង្ករ​ រហូតដល់​ទៅ​ ៣លានតោន​ក្នុងមួយឆ្នាំ សម្រាប់​នាំចេញ ដែល​គិតជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង ២ពាន់លាន​ដុល្លារ ហើយ​គ្រាន់តែ​វិស័យ​នាំចេញ​អង្ករ​នេះ​មួយ​​អាច​នឹង​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រហូតដល់​ទៅ ៥% ក្នុងមួយឆ្នាំៗ ព្រមទាំង​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជនខ្មែរ ប្រមាណ​ពី ៧០% ទៅ ៨០% ដែល​ជា​កសិករនៅ​តាម​ទីជនបទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ