អានតួអត្ថបទ
អ៊ីរ៉ាក់-អាល្លឺម៉ង់

អាល្លឺម៉ង់​ប្រកាស​សន្យា​បញ្ជូន​អាវុធ​ទៅជួយ​ក្នុងការ​ប្រយុទ្ធ​ទល់នឹង​ក្រុម​ជីហាត​អ៊ីរ៉ាក់

​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស នៅថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ពួក​គួដ (Kurde) នៅ​អ៊ីរ៉ាក់ ដើម្បី​ប្រយុទ្ធតទល់​នឹង​ក្រុម​ជីហាត​។ ការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​បរទេស​បែបនេះ គឺ​ជា​រឿង​ដ៏​កម្រ​មាន​បំផុត​សម្រាប់​អាល្លឺម៉ង់ ដែល​ធ្លាប់​ជាប់ឈ្មោះ​ជា​ប្រទេស​ឈ្លានពាន​គេ នៅ​ក្នុង​សង្រ្គាម​លោក​ទាំងពីរ។

លោក Frank-Walter Steinmeiern រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់
លោក Frank-Walter Steinmeiern រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ REUTERS/Hadi Mizban/Pool
ផ្សាយពាណិជ្ជកម្ម

 

លោក​ Frank-Walter Steinmeier រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​ប្រកាសថា នៅ​ក្រោយ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​នាំគ្នា​​ប្រកាស​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ជួយ​ក្រុម​ប្រដាប់អាវុធ​គួដ ដែល​កំពុង​ប្រយុទ្ធតទល់​នឹង​ក្រុម​ជីហាត នៅប៉ែក​ខាង​ជើង​អ៊ីរ៉ាក់ អាល្លឺម៉ង់​ក៏​កំពុង​ត្រៀម​ធ្វើ​ដូចគ្នា​នេះ​ដែរ។

លោក​ប្រមុខការទូត​អាល្លឺម៉ង់​បាន​ហៅទង្វើ​របស់​ពួក​ជីហាត​អ៊ីរ៉ាក់ ដែល​កាប់សម្លាប់​ជនស៊ីវិល​​ថា​ជា​ទង្វើ​ឃោរឃៅ​ដូច​សត្វតិរច្ឆាន ហើយ​ថា ជនភៀសខ្លួន​អ៊ីរ៉ាក់​កំពុង​ប្រឈមមុខ​នឹង​ក្តីវេទនា​ដែល​មិន​អាច​ពិពណ៌នា​បាន។

ទោះជាយ៉ាងណា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​សុទ្ធតែ​បាន​អះអាង​ថា នៅ​ក្នុង​ដំណាក់​ដំបូង អាល្លឺម៉ង់​នឹង​ផ្តោត​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ និង​បរិក្ខា​យោធា​ធុនស្រាល​ជាមុនសិន​ ដូចជា មួក​ការពារ​គ្រាប់ ឧបករណ៍​សម្រាប់​ឆ្លុះមើល​ពេលយប់ និង​ឧបករណ៍​​សម្រាប់​រក​គ្រឿងផ្ទុះ។ ចំណែក​ឯ​គ្រឿងសព្វាវុធ​ផ្សេងទៀត អាល្លឺម៉ង់​នឹង​ជជែក​ជាមួយ​ប្រទេស​ជាដៃ​គូ ក្នុង​សហភាព​អឺរ៉ុប​ជាមុនសិន ដើម្បី​ឲ្យដឹង​គ្នា​ជាមុន​ថា តើ​គួរ​បញ្ជូន​គ្រឿងសព្វាវុធ​ប្រភេទ​ណា​ដែល​មាន​ប្រយោជន៍។

គួររំឭកឡើងវិញ​ថា នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​កាល​ពី​សប្តាហ៍​មុន ​ប្រទេស​សមជិក​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​ថា​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ជួយ​ពួក​គួដ នៅ​អ៊ីរ៉ាក់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត។ បារាំង​បាន​ចាប់ផ្តើម​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​ខ្លះៗហើយ ចំណែក​អង់គ្លេស​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​អ៊ីរ៉ាក់​ដែរ។

នៅ​អាល្លឺម៉ង់ ការស្ទាបស្ទង់​មតិ​នាពេលថ្មីៗ​នេះ​បង្ហាញ​ថា ប្រជាជន​ភាគច្រើន​រហូតដល់​ទៅ​ជាង ៦០% ជំទាស់​នឹង​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​អ៊ីរ៉ាក់។ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោកលើកទី២​មក អាល្លឺម៉ង់ ដែល​ជា​ប្រទេស​ធ្លាប់​តែជាប់​ឈ្មោះ​​ជា​ប្រទេស​ឈ្លានពាន​គេ នៅ​ក្នុង​សង្រ្គាម​លោកលើកទាំង​២ តែងតែ​ប្រកាន់​យក​នូវ​ជំហរ​មិន​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ក្រៅ​ប្រទេស និង​មិន​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់អាវុធ។

ក៏ប៉ុន្តែ លោកស្រី​អង់ហ្កេឡា មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ ធ្លាប់​បាន​លើកឡើង កាលពីពេល​ថ្មីៗ​នេះ​ថា ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​អ៊ីរ៉ាក់ គឺ​ជា​កិច្ចការ​របស់​សហគមន៍​អន្តរជាតិ​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ