អាល្លឺម៉ង់ផ្តល់ជំនួយបន្ថែម ១,២លានអឺរ៉ូដល់អង្គភាពគាំពារជនរងគ្រោះនៃតុលាការខ្មែរក្រហម
នៅថ្ងៃពុធនេះ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈក្រសួងការបរទេស បានចុះហត្ថលេខា លើលិខិតយល់ព្រម ផ្តល់ជំនួយនូវថវិកាចំនួន ១,២ លានអឺរ៉ូ ដល់អង្គភាពគាំពារជនរងគ្រោះ របស់តុលាការខ្មែរក្រហម។ នេះគឺជាជំនួយលើកទីបួនហើយ ចាប់តាំងពីការបង្កើតអង្គភាពគាំពារជនរងគ្រោះ នៅឆ្នាំ២០០៨។ រាប់ទាំងលើកនេះ អាល្លឺម៉ង់ បានផ្តល់ជំនួយសរុបជិត ១០ លានអឺរ៉ូ ដល់ភាគីជាតិ និងអន្តរជាតិ ក្នុងតុលាការខ្មែរក្រហម។ ក៏ប៉ុន្តែអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានលើកឡើងថា កង្វះថវិកា សម្រាប់ភាគីជាតិ នៅតែជាបញ្ហាប្រឈម។
នៅក្នុងពិធីចុះហត្ថលេខាលើលិខិតយល់ព្រមផ្តល់ជំនួយ នៅព្រឹកនេះ នៅតុលាការខ្មែរក្រហម លោក ហូស ទ្រីល័រ ភារធារីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការងាររបស់សាលាក្តីចម្រុះ (អ.វ.ត.ក.) និងប្រកាសផ្តល់ជំនួយ ១,២ លានអឺរ៉ូ ដល់អង្គភាពគាំពារជនរងគ្រោះ។
លោកភារធារីបានលើកសរសើរអង្គភាពគាំពារជនរងគ្រោះថាបានដើរតួនាទីស្នូលក្នុងការភ្ជាប់ទំនាក់ទំនង រវាងជនរងគ្រោះ និងតុលាការ ជាអ្នកផ្តល់ព័ត៌មានដល់ជនរងគ្រោះឲ្យយល់ដឹងអំពីនីតិវិធីច្បាប់ អំពីលទ្ធភាពនៃការចូលរួមក្នុងដំណើរការនីតិវិធី អំពីសិទ្ធិទទួលបានតំណាងផ្លូវច្បាប់ និងបានផ្តល់មេធាវីតំណាងជនរងគ្រោះ នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។
សេចក្តីប្រកាសបានលើកឡើងថា ប្រធានរដ្ឋបាលស្តីទី នៃអ.វ.ត.ក. លោក ក្រាញ់ តូនី សម្តែងសេចក្តីអំណរគុណ និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះទំនាក់ទំនងដ៏កក់ក្តៅ និងការឧបត្ថម្ភគាំទ្ររបស់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់។
សេចក្តីប្រកាសដដែលលើកឡើងថា ថវិកា ដែលទទួលបានមកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ដំណើរការគម្រោងសម្រាប់រយៈពេល២ ឆ្នាំ ចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយផ្តោតទៅលើ៖ គម្រោងទី១-ការធ្វើជាតំណាងផ្លូវច្បាប់ ទី២-ការលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះ និងគម្រោងទី៣-ការផ្សព្វផ្សាយព័ត៌មាន។
សេចក្តីប្រកាសលើកឡើងថា ចាប់តាំងពី អ.វ.ត.ក. ត្រូវបានបង្កើត នាឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១១ អាល្លឺម៉ង់ បានផ្តល់ជំនួយថវិកាប្រមាណ ១,៩ លានអឺរ៉ូ ដល់អង្គភាពគាំពារជនរងគ្រោះ ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ជនរងគ្រោះ នៅក្នុងដំណើរការនីតិវិធីរបស់ អ.វ.ត.ក.។ ជាមួយគ្នានោះ អាល្លឺម៉ង់បានផ្តល់ជំនួយសរុបជិត ១០ លានអឺរ៉ូ ដល់ភាគីទាំងពីរនៃ អ.វ.ត.ក.។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា ទោះជាអាល្លឺម៉ង់ផ្តល់ថវិកាដល់អង្គភាពគាំពារជនរងគ្រោះ នៅពេលនេះ ក៏ប៉ុន្តែបញ្ហាកង្វះសាច់ប្រាក់ សម្រាប់បើកឲ្យមន្ត្រី និងបុគ្គលិកនៅក្នុងសាលាក្តីខ្មែរក្រហម ខាងភាគីជាតិ នៅតែមានដដែល ដោយមិនមានប្រទេសណាមួយបានសន្យាផ្តល់ជំនួយ សម្រាប់ដំណើរការឆ្នាំ២០១២ នៅឡើយទេ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ