ចន្ទ 30 មករា 2012
ទ័ព​ព្រៃ​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប្រទេស​ថៃ
ភេរវកម្ម​នៅ​យ៉ា​ឡា​ខាង​ត្បូង​ប្រទេស​ថៃ​ ថ្ងៃ​ទី​៤​កញ្ញា​ឆ្នាំ​២០០៩
ភេរវកម្ម​នៅ​យ៉ា​ឡា​ខាង​ត្បូង​ប្រទេស​ថៃ​ ថ្ងៃ​ទី​៤​កញ្ញា​ឆ្នាំ​២០០៩
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

តាំង​ពី​ឆ្នាំ​២០០៤​មក ភេរវកម្ម​និង​ឃាតកម្ម​កើត​ឡើង​សឹង​មិន​លស់​ថ្ងៃ នៅ​តំបន់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។ មក​ទល់​ឥឡូវ គេ​នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​អង្គការ​ភេរវកម្ម​ដែល​បង្ក​ហិង្សា​និង​មូលហេតុ​ពិត​ប្រាកដ​នៃ​អំពើ​សាហាវ​យង់ឃ្នង​ទាំង​នេះ​ទេ។ ម៉្លោះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ថៃ​និង​សហរដ្ឋអាមេរិក​ព្រួយ​បារម្ភ​ខ្លាំង​ឡើងៗ។

 

ថៃ​ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា ក៏​ប៉ុន្តែ​មាន​ខេត្ត​ចំនួន​បី​ដែល​ប្រជាជន​ភាគ​ច្រើន ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម គឺ​ណារ៉ាធីវ៉ាត(Narathiwat) ប៉ាត់តានី(Pattani) និង​យ៉ាឡា(Yala)។ តាំង​ពី​ឆ្នាំ​២០០៤​មក ខេត្ត​ទាំង​បី​នេះ​ដែល​ឋិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួក​អ៊ីស្លាម​ជ្រុល​និយម។ ដើម​ដំបូង​បង្អស់ នៅ​ខែ​មករា​ឆ្នាំ​២០០៤​ពួក​គេ​បាន​វាយ​ប្រហារ​ទៅ​លើ​បន្ទាយ​ទាហាន និង​ប៉ុស្តិ៍​ប៉ូលិស​នៅ​ណារ៉ាធីវ៉ាត។ ជា​ការ​ឆ្លើយ​តប​វិញ រដ្ឋាភិបាល​ទីក្រុង​បាងកក​ដែល​កាលណោះ​ដឹក​នាំ​ដោយ​លោក​ថាក់ស៊ីន​(Thaksin) បាន​ប្រកាស​ដាក់​តំបន់​ប៉ែក​ខាង​ត្បូង​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក។
 
ក្រោយ​មក​ទៀត នៅ​ខែ​មេសា​ឆ្នាំ​២០០៤​ដដែល​នោះ ពួក​អ៊ីស្លាម​ជ្រុល​និយម​ជា​ច្រើន​រយ​នាក់ អ្នក​ខ្លះ​ប្រដាប់​ដោយ​កាំភ្លើង អ្នក​ខ្លះ​ទៀត​ប្រដាប់​ដោយ​ខ្វែវ​កាំបិត​និង​ពូថៅ បាន​វាយ​ប្រហារ​ជា​ថ្មី​ទៅ​លើ​បន្ទាយ​ទាហាន និង​ស្នងការដ្ឋាន​ប៉ូលិស។ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ ពួក​អ៊ីស្លាម​ជ្រុល​និយម​ជាង​មួយ​រយ​នាក់​បាន​បាត់​បង់​ជីវិត។ ពេល​នោះ​ហើយ គឺ​ជា​ពេល​ចាប់​ផ្តើម​ឡើង​នៃ​សកម្មភាព​ទ័ព​ព្រៃ​ដែល​មាន​បន្ត​មក​ទល់​សព្វ​ថ្ងៃ។
 
រហូត​មក​ដល់​ថ្ងៃ​នេះ គេ​នៅ​តែ​រក​មិន​ឃើញ​ឡើយ​មូលហេតុ​ពិត​ប្រាកដ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​ងើប​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ថៃ​នៅ​ដើម​ឆ្នាំ​២០០៤​នោះ។ ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​អះអាង​ថា អ្នក​ដែល​បាន​បង្ក​ហេតុ​មុន​គេ​គឺ​ទាហាន​ថៃ មិនមែន​ពួក​ថៃ​អ៊ីស្លាម​ដូច​គេ​ថា​នោះ​ទេ។ ពួក​ក្រុម​អ្នក​សង្កេតការណ៍​ទាំង​នោះ​ពន្យល់​ថា អំពើ​ហិង្សា​បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន បាន​ដក​តួនាទី​គ្រប់គ្រង​សន្តិសុខ​ខេត្ត​ណារ៉ាធីវ៉ាត ប៉ាត់តានី និង​យ៉ាឡា​ពី​ដៃ​កងទ័ព និង​បាន​ប្រគល់​សមត្ថកិច្ច​នេះ​ទៅ​ឲ្យ​ប៉ូលិស​ក្តាប់​វិញ។ យោង​ទៅ​តាម​ក្រុម​អ្នក​សង្កេតការណ៍​ដដែល​ទាំង​នោះ សេចក្តី​សម្រេច​ចិត្ត​បែប​នេះ​របស់​លោក​ថាក់ស៊ីន បាន​ធ្វើ​ឲ្យ​ពួក​នាយ​ទាហាន​ថៃ​ខ្លះ​បាត់​បង់​កន្លែង​ខ្លាញ់ និង​បាត់បង់​កម្រៃ​ដែល​បាន​មក​ពី​សកម្មភាព​មិន​ស្រប​ច្បាប់ ដូច​ជា​ពេស្យាចារ​និង​ការ​រត់ពន្ធ​គ្រឿង​ញៀន​ជា​ដើម ហើយ​បាន​ជំរុញ​ឲ្យ​ពួក​នាយ​ទាហាន​ថៃ​ទាំង​នោះ​បង្ក​ហេតុ បញ្ឆេះ​កំហឹង​របស់​ពួក​ថៃ​អ៊ីស្លាម​ដែល​រស់​នៅ​ក្នុង​ខេត្ត​ប៉ែក​ខាង​ត្បូង​ទាំង​បី។
 
ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​ទៀត​យល់​ឃើញ​ថា​អង្គការ​ភេរវកម្មJamaah Islamiyahបាន​ចូល​ទៅ​អុជ​អាល​ឲ្យ​ប្រជាជន​ថៃ​អ៊ីស្លាម​បះបោរ​ទាមទារ​ឯករាជ្យ​និង​ផ្តាច់​ដែន​ដី​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ចេញ​ពី​ការ​ត្រួតត្រា​របស់​ទីក្រុង​បាងកក។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ដែនដី​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​ដែល​ជាប់​ព្រំ​ប្រទល់​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី តែង​តែ​មាន​អំពើ​ហិង្សា​កើត​ឡើង​យូរៗ​ម្តង​តាំង​ពី​ឆ្នាំ​១៩០៩​មក​ម៉្លេះ។ ក៏​ប៉ុន្តែ អំពើ​ហិង្សា​នៅ​ទី​នោះ មិន​ដែល​មាន​លក្ខណៈ​ធំធេង​និង​បន្ត​យូរ​អង្វែង ដូច​ពេល​នេះ​ទេ។ គួរ​គូស​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​២០០៤​មក​ទល់​ឥឡូវ សកម្មភាព​ទ័ព​ព្រៃ​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប្រទេស​ថៃ បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ប្រមាណ​៤ ៨០០​នាក់​ហើយ។
 
តាំង​ពី​ឆ្នាំ​២០០៥​មក ពួក​ថៃ​អ៊ីស្លាម​ជ្រុល​និយម​បាន​ប្តូរ​យុទ្ធសាស្រ្ត មិន​សូវ​សម្លាប់​តំណាង​អាជ្ញាធរ ប៉ូលិស​ឬ​ទាហាន​ដូច​មុន​ទៀត​ទេ តែ​វាយ​ប្រហារ​ទៅ​លើ​លោក​សង្ឃ គ្រូ​បង្រៀន​ឬ​ពុទ្ធបរិស័ទ​វិញ​ម្តង។ ម្យ៉ាង​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ​បារម្ភ គឺ​អំពើ​ហិង្សា​អាច​នឹង​រាលដាល​ចេញ​ពី​ខេត្ត​អ៊ីស្លាម​ទាំង​បី​ចូល​ទៅ​ដល់​តំបន់​ផ្សេងៗ និង​ចូល​ទៅ​ដល់​ទីក្រុង​បាងកក​តែ​ម្តង។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ខែ​មករា​ឆ្នាំ​២០០៧ ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ប្រាំបី​កន្លែង​សឹង​ផ្ទួនៗ​គ្នា ត្រូវ​បាន​បង្ក​ឡើង​នៅ​កណ្តាល​ទីក្រុង​បាងកក​ទៀត​ផង។ កាល​ណោះ ក្រុម​នាយ​ទាហាន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​បាន​ចោទ​ថា បក្ស​ពួក​របស់​លោក​ថាក់ស៊ីន​ជា​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​ទាំង​អស់​នោះ។
 
ក៏​ប៉ុន្តែ​កាល​ណោះ ក្រុម​អ្នក​សង្កេតការណ៍​ខ្លះ​បាន​និយាយ​ថា ភេរវកម្ម​នៅ​ទីក្រុង​បាងកក​ទាំង​អស់​នោះ​អាច​ជា​ស្នាដៃ​របស់​ពួក​ថៃ​អ៊ីស្លាម​ជ្រុល​និយម ដែល​ចាប់​ពី​ពេល​នេះ​ទៅ​មាន​បណ្តាញ​ធំ​និង​មាំ​ជាង​មុន​រហូត​ដល់​មាន​លទ្ធភាព​ចូល​មក​បង្ក​ភេរវកម្ម​ក្នុង​កណ្តាល​រាជធានី​ថៃ​តែ​ម្តង។
 
មក​ទល់​ឥឡូវ គេ​នៅ​តែ​ពិបាក​វិភាគ​ណាស់​ទៅ​លើ​បាតុភាព​ទ័ពព្រៃ​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ពីព្រោះ គេ​មិន​ដែល​ស្គាល់​ឈ្មោះ​ក្រុម​ភេរវជន​ឬ​អង្គការ​ភេរវកម្ម ដែល​បាន​និង​កំពុង​បង្ក​អំពើ​ហិង្សា​នៅ​ទី​នោះ​ទេ។ តាម​មើល​ទៅ គោល​ដៅ​របស់​ពួក​ថៃអ៊ីស្លាម​ជ្រុល​និយម​គឺ​ពង្រីក​បញ្ហា ឲ្យ​មាន​លក្ខណៈ​ជា​បញ្ហា​តំបន់​ឬ​អន្តរជាតិ និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ប្រើ​អំពើ​ហិង្សា​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ហិង្សា​របស់​ពួក​គេ​វិញ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​តំបន់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ក្លាយ​ជា​សមរភូមិ​មួយ​ថ្មី​នៃ​សង្គ្រាម​សាសនា​Djihad។
 
សហរដ្ឋអាមេរិក​ក៏​កំពុង​បារម្ភ​ខ្លាំង​ណាស់​ដែរ បារម្ភ​ខ្លាច​ខេត្ត​អ៊ីស្លាម​ទាំង​បី​នៅ​ខាង​ត្បូង​ប្រទេស​ថៃ ក្លាយ​ជា​ទី​កន្លែង​មួយ​ថ្មី​នៃ​Djihad​អន្តរជាតិ​ ក្លាយ​ជា​ទី​កន្លែង​ថ្មី​នៃ​ជំរំ​បង្ហាត់​ហ្វឹកហ្វឺន​របស់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​អន្តរជាតិ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទីក្រុង​វ៉ាស៊ីនតោន​ថែម​ទាំង​បាន​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​ប្រទេស​ថៃ​យល់​ព្រម​ទទួល​កង​ទ័ព​អាមេរិកាំង​នៅ​លើ​ទឹក​ដី​ខ្លួន។ តែ​រដ្ឋាភិបាល​ថៃ​មិន​ព្រម​ ខ្លាច​ក្រែង​វត្តមាន​ទាហាន​អាមេរិកាំង​ទាក់ទាញ​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​អន្តរជាតិ​ឲ្យ​ចូល​មក​ក្នុង​ទឹក​ដី​ថៃ​ច្រើន​ឡើងៗ។
 
ត្រង់​ចំណុច​នេះ នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១២​នេះ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ស្ថានទូត​អាមេរិកាំង​នៅ​ថៃ បាន​ទាញ​សញ្ញា​អាសន្ន​ប្រកាស​ប្រាប់​ថា ភេរវជន​មក​ពី​ប្រទេស​ក្រៅ​ត្រៀម​វាយ​ប្រហារ​ទៅ​លើ​ពួក​ទេសចរ​បរទេស​នៅ​បាងកក អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ជនជាតិ​លីបង់​ម្នាក់។ សម្រាប់​ទីក្រុង​បាងកក ជនជាតិ​លីបង់​រូប​នោះ​ជា​សកម្មជន​របស់​Hezbollah ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល​និង​របស់​សហរដ្ឋអាមេរិក។
 
ម្ល៉ោះ​ហើយ​មិន​យូរ​មិន​ឆាប់ ថៃ​អាច​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​អន្តរជាតិ ពីព្រោះ​ម្យ៉ាង ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ជា​សម្បុក​នៃ​ពួក​ថៃ​អ៊ីស្លាម​ជ្រុល​និយម​អស់​រយៈ​ពេល​ប្រាំបី​ឆ្នាំ​កន្លង​មក​ហើយ។​ ពីព្រោះ​ម្យ៉ាង​ទៀត ប្រទេស​នេះ​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​សហរដ្ឋ​អាមេរិក។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ថៃ​ជា​ប្រទេស​ពេញ​និយម​របស់​ពួក​ទេសចរ​លោក​ខាង​លិច​ដែល​ពួក​ភេរវជន​អ៊ីស្លាម​និយម​ជ្រុល​ស្អប់​ខ្ពើម៕

 

ពាក្យគន្លឹះ : ថៃ - អាស៊ី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close