អានតួអត្ថបទ
ខ្មែរក្រហម

ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា

នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ បទល្មើស​ព្រហ្មទណ្ឌ​មាន​តែ​មួយគត់ គឺ​ការ​ប្រឆាំង​នឹង​បដិវត្តន៍។ អ្នកណា​ដែល​ត្រូវ​ចោទប្រកាន់​ថា​ជា​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍ ដែល​ពួក​ខ្មែរក្រហម​ហៅថា “ខ្មាំង” នោះ អ្នកនោះ​នឹងត្រូវ​គេ​យក​ទៅ​សម្លាប់​ចោល ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វីទាំងអស់។ ពួក​មេដឹកនាំ​ខ្មែរក្រហម ដែល​ភ័យខ្លាច​រហូតដល់​ទៅ​ស្រមោល​ខ្លួនឯង​នោះ មើលឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ទាំងអស់​ថា​សុទ្ធតែ​ជា​ខ្មាំង រហូតដល់​សម្លាប់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស។

មន្ទីរ ស-២១ ឬ​គុកទួលស្លែង ដែល​ជា​កន្លែង​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​​អ្នក​ដែល​ត្រូវ​ខ្មែរក្រហម​ចាត់ទុក​ជា​ "ខ្មាំង"
មន្ទីរ ស-២១ ឬ​គុកទួលស្លែង ដែល​ជា​កន្លែង​​ធ្វើ​ទារុណកម្ម​សួរចម្លើយ​​អ្នក​ដែល​ត្រូវ​ខ្មែរក្រហម​ចាត់ទុក​ជា​ "ខ្មាំង"
ផ្សាយពាណិជ្ជកម្ម

ជម្លោះ និង​ការ​កម្ចាត់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា (ឬ​ខ្មែរក្រហម) ​បាន​ចាប់ផ្តើម​ឡើង តាំងពី​ពេល​ដែល​ពួកគេ​ទើបតែ​នឹង​ឡើង​មក​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥​ម្ល៉េះ។

ហ៊ូ យន់ មន្រ្តី​ជាន់ខ្ពស់​ខ្មែរ​ក្រហម និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ នៃ​រដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា បាន​បាត់ខ្លួន​ នៅ​ខែ​សីហា ឆ្នាំ១៩៧៥ ក្រោយពី​បាន​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​បក្ស​ជាច្រើនលើក​ច្រើនសា ជាពិសេស​ ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ការ​ធ្វើសង្រ្គាម​ជាមួយ​វៀតណាម។

ការបោសសម្អាត​​ភូមិភាគ​ឦសាន

ក៏ប៉ុន្តែ ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​បាន​ចាប់​កក្រើក​ខ្លាំង​ នៅខែ​កញ្ញា ឆ្នាំ១៩៧៦ ដោយ​ចាប់ផ្តើម​ពី​ភូមិភាគ​ឦសាន​ទៅ។ នៅថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ១៩៧៦ ណៃ សារ៉ាន់ ហៅ មិត្តយ៉ា លេខាបក្ស​ប្រចាំ​ភូមិភាគ​ឦសាន ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ដាក់ឃុំ​ នៅ​គុក​ទួលស្លែង ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។ ប៉ុន្មានថ្ងៃ​ក្រោយមក​ទៀត កែវ មាស និង​កែវ មុន្នី ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​ដែរ។ យើង​សង្កេតឃើញ​ថា កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំងបីរូប​នេះ សុទ្ធសឹង​តែជា​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ឡើងវិញ​ថា នៅក្រោយ​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៣ ក្រុម​ខ្មែរ​កុម្មុយនិស្ត​បាន​បែកខ្ញែកគ្នា​ជា​បី​ក្រុម៖ មួយក្រុម​រត់ទៅ​ប្រទេស​វៀតណាម មួយក្រុម​បង្កើត​ចលនា​តស៊ូ​ដោយ​សម្ងាត់​នៅ​កម្ពុជា និង​មួយក្រុមទៀត​បង្កើត​បក្ស​នយោបាយ ដែល​មាន​ឈ្មោះ​ថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។ កែវ មុន្នី ស្ថិត​ក្នុង​ចំណោម​ខ្មែរ​កុម្មុយនិស្ត ដែល​រត់ទៅ​វៀតណាម​ជាមួយ សឺន ង៉ុកមិញ។ ណៃ សារ៉ាន់ ស្ថិតក្នុង​ចំណោម​ចលនា​តស៊ូ​សម្ងាត់ រួម​ជាមួយ ទូ សាមុត សៀវ ហេង នួន ជា និង សោ ភឹម។ ចំណែកឯ កែវ មាស ស្ថិតក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រជាជន និង​ជា​លេខាបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ប្រចាំ​ក្រុង​ភ្នំពេញ។

ដូចនេះ ការចាប់ខ្លួន ណៃ សារ៉ាន់ កែវ មុន្នី និង កែវ មាស គឺត្រូវបាន​ធ្វើឡើង ក្នុងគោលដៅ​បោសសម្អាត​ក្រុម​ដែល​គេ​សង្ស័យ​ថា​ស្និទ្ធិ​នឹង​វៀតណាម។

ជីកស្មៅ​ត្រូវ​ជីក​ទាំងឫស

ក្រោយពី​បាន​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​នៅ​ភូមិភាគ​ឦសាន​ហើយ ក្រុម ប៉ុល ពត ក៏បាន​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស រហូតដល់​ក្រុង​ភ្នំពេញ​ទៀត គឺ​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​តែម្តង។

នៅចុងឆ្នាំ​១៩៧៦ និង​ដើមឆ្នាំ​១៩៧៧ រដ្ឋមន្រ្តី​ ៣រូប ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់គ្នា គឺ​នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ។ ក្រោមការ​ធ្វើ​ទារុណកម្ម​សួរចម្លើយ កុយ ធួន និង ទូច ភឿន បាន​សារភាព​ថា​ពួកគេ​ពិតជា​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក (សេ.អ៊ី.អា) មែន ហើយ​ថែមទាំង​បាន​បង្កើត​ខ្សែរយៈ​ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ទៀតផង។

ភោគ ឆាយ និង​ហ៊ូ នឹម ត្រូវបាន​ចាប់ខ្លួន ​នៅខែមីនា និង​ខែ​មេសា ឆ្នាំ​១៩៧៧។ ការ​ចាប់ខ្លួន​ចេះតែ​បន្ត​ធ្វើ ដោយ​យោងតាម​ចម្លើយ​សារភាព​ ពី​អ្នកទោស ដែល​ទទួលរង​នូវ​ទារុណកម្ម ហើយ​បង្ខំចិត្ត​ឆ្លើយដាក់​គ្នា​ពីមួយ​ទៅមួយ។ ​ឲ្យតែ​កម្មាភិបាល​ណា​ត្រូវគេ​សង្ស័យថា​ជា​ខ្មាំង​ហើយ​នោះ មិនត្រឹមតែ​បុគ្គល​នោះ​ទេ ដែល​ត្រូវ​ចាប់ខ្លួន សូម្បីតែ​សហការី និង​ក្រុមគ្រួសារ​របស់​បុគ្គល​នោះ​ក៏​ត្រូវ​ចាប់ខ្លួន​ទាំងអស់​ដែរ ក្រោម​ពាក្យស្លោក​ថា “ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស”។

នៅក្នុង​អំឡុងពេល​នោះ ជម្លោះ​រវាង​ខ្មែរក្រហម និង​វៀតណាម បាន​រាលដាល​កាន់តែ​ខ្លាំងឡើងៗ។ នៅចុងឆ្នាំ ១៩៧៧ ក្រោយ​ពេលត្រឡប់​ពី​បំពេញទស្សនកិច្ច នៅ​ប្រទេស​ចិន​វិញ ប៉ុល ពត បាន​បញ្ជាឲ្យ​បើក​ប្រតិបត្តិការ​​យោធា​​ក្នុង​ទ្រង់ទ្រាយ​ធំមួយ ប្រឆាំង​នឹង​វៀតណាម នៅ​ព្រំដែន​ខាងកើត​កម្ពុជា។ ក៏ប៉ុន្តែ ប្រតិបត្តិការ​នេះ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ។ កងទ័ព​វៀតណាម​បាន​វាយលុក​ចូល​រហូតដល់​ទីរួមខេត្ត​ស្វាយរៀង។

នៅចំពោះមុខ​មន្រ្តី​ថ្នាក់ដឹកនាំ​បក្ស ប៉ុល ពត និង សុន សេន ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​ប្រឆាំង​វៀតណាម​នេះ កើតឡើង​ដោយសារ​តែ​មាន​ខ្មាំង​បង្កប់ ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ នៅ​ភូមិភាគ​បូព៌ា។

ប៉ុល ពត ចាប់ផ្តើម​ជីករំលើងឫស​បដិវត្តន៍​របស់ខ្លួនឯង

ការបោសសម្អាត​ភូមិភាគ​បូព៌ា​ក៏បាន​ចាប់ផ្តើម​ធ្វើឡើង នៅក្នុង​អំឡុង​ចុង​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ១៩៧៨ ក្រោម​បញ្ជា​ផ្ទាល់​របស់ ប៉ុល ពត ដោយ​មាន សុន សេន ជាអ្នក​ចេញមុខ​អនុវត្តផ្ទាល់ និង​មាន​ ឌុច ជា​អ្នក​ផ្តល់​ព័ត៌មាន​ ដែលយក​បាន​ពី​ចម្លើយសារភាព​របស់​អ្នកទោស។ ក្នុងរយៈពេល​តែ​ប្រមាណ​មួយខែ​ប៉ុណ្ណោះ កម្មាភិបាល​ភូមិភាគ​បូព៌ា​ប្រមាណ​៤០០នាក់ ត្រូវបាន​ចាប់ខ្លួន​យក​ទៅដាក់​ក្នុង​គុក​ទួលស្លែង។

យោងតាម​លោកស្រី Elizabeth Becker សោ ភឹម លេខា​ភូមិភាគ​បូព៌ា​បាន​បើក​កិច្ចប្រជុំ​សម្ងាត់​មួយ​ជាមួយ​មន្រ្តី​ជំនិតៗ នៅ​ខែមីនា ឆ្នាំ១៩៧៨ ដើម្បី​ជជែក​អំពី​ការ​ចាប់ខ្លួន​កម្មាភិបាល​ភូមិភាគ​បូព៌ា​នេះ។ ពេលនោះ សោ ភឹម និង​សហការី​សុទ្ធតែ​ជឿថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​សុទ្ធសឹង​ជា​មនុស្ស​គ្មាន​កំហុស។ ក៏ប៉ុន្តែ សោ ភឹម នៅតែ​យល់​ថា ការ​ចាប់ខ្លួន​នេះ ប្រហែល​ជា​មកពី​មាន​ការ​ភាន់ច្រឡំ​អ្វីមួយ​ ដោយ​មិនគិត​ថា គេ​កំពុងតែ​មាន​ផែនការ​​កម្ចាត់​ខ្លួន​នោះទេ។

ទីបំផុត សោ ភឹម ត្រូវបាន​គណៈមជ្ឈិមបក្ស​កោះហៅ​ឲ្យទៅ​ប្រជុំ​នៅ​ភ្នំពេញ ដោយ​មិនមាន​បញ្ជាក់​អំពី​កម្មវត្ថុ​ច្បាស់លាស់។ សោ ភឹម បាន​ចាត់​និរសា​ម្នាក់​ឲ្យទៅ​ភ្នំពេញ ដើម្បី​សួរនាំ​​អំពី​ការប្រជុំនេះ។ ក៏ប៉ុន្តែ និរសានេះ​បាន​បាត់ខ្លួនរហូត​មិនឃើញ ត្រឡប់​មកវិញ​ទេ។ សោ ភឹម ក៏បាន​បញ្ជូន​និរសា​ឲ្យទៅ​ភ្នំពេញ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ មិនមាន​និរសា​ណាម្នាក់​វិល​ត្រឡប់​មកវិញ​នោះទេ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ គណៈមជ្ឈិមបក្ស ក៏បាន​ដាក់​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​ទៅលើ​ភូមិភាគ​បូព៌ា។ កងទ័ព​ខ្មែរក្រហម​ចំនួន​ពីរ​កង​វរសេនាធំ អម​ដោយ​កងរថក្រោះ​ផងនោះ ក៏បាន​ឆ្លង​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត តម្រង់​ទៅកាន់​ទីតាំង​របស់ សោ ភឹម។

មកទល់នឹងពេលនោះ សោ ភឹម នៅតែ​មិនទាន់​ជឿ​ទៀត​ថា ប៉ុល ពត ចង់​កម្ចាត់​ខ្លួនចោល។ សោ ភឹម នៅតែ​យល់ថា គាត់ និង​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​ទាំងអស់ សុទ្ធតែ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បដិវត្តន៍ ប្តូរជីវិត​ដើម្បី​បដិវត្តន៍ គឺជា​ខ្សែក្រវ៉ាត់​ជួរមុខគេ​ក្នុង​ការ​ការពារ​ប្រទេស​ពី​ការ​វាយលុក​របស់​វៀតណាម។ ដូចនេះ គ្មាន​ហេតុផល​អ្វី ដែល​ខ្លួន​ត្រូវ​ក្លាយ​ទៅជា​ខ្មាំង​របស់​បដិវត្តន៍​នោះទេ។ សោ ភឹម បាន​ព្យាយាម​ទាក់ទង​ទៅ​ភ្នំពេញ​ម្តងទៀត​តាម​វិទ្យុទាក់ទង ដើម្បី​សួរនាំ​អំពី​ហេតុផល។ ដោយ​មិនបាន​ទទួល​ចម្លើយ​ពី​ភ្នំពេញ សោ ភឹម ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅភ្នំពេញ ដើម្បី​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ ប៉ុល ពត។

សោ ភឹម បាន​ទាក់ទង​សុំ​ជួប​ជាមួយ ប៉ុល ពត ដោយ​សម្ងាត់។ ក៏ប៉ុន្តែ ប៉ុល ពត មិនបាន​ទៅ​ជួប សោ ភឹម ដោយ​ខ្លួនឯង​នោះទេ តែ​បែរជា​បញ្ជូន​ទាហាន​ពីរទូក​ឲ្យ​ទៅ​ចាប់ សោ ភឹម។ សោ ភឹម ដឹងខ្លួន​មុន ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង មុនពេល​ដែល​ទាហាន​ខ្មែរក្រហម​ចាប់ខ្លួន​ទៅទៀត។

ក្រោយ​ការ​ស្លាប់​របស់​ សោ ភឹម កម្មាភិបាល និង​កងទ័ព​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​រាប់ពាន់នាក់ បាន​រត់​គេចខ្លួន​ទៅក្នុង​ព្រៃ ហើយ​បន្ទាប់មក​ ​រត់​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​វៀតណាម។ នៅ​ខែកក្កដា ឆ្នាំ១៩៧៨ ប្រជាជន​នៅក្នុង​ភូមិភាគ​បូព៌ា​ប្រមាណ​ជាង​១ម៉ឺននាក់ ត្រូវបាន​គេ​យក​ទៅ​សម្លាប់ចោល។

វៀតណាម​បានលេស​ចូល​វាយផ្តួលរំលំ​ខ្មែរក្រហម

ការ​បោសសម្អាត​ភូមិភាគ​បូព៌ា គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ សម្រាប់​វៀតណាម​ក្នុងការ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ទីបំផុត វៀតណាម​ទទួលបាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត។ នោះគឺ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​បទពិសោធន៍ និង​ដែល​អាច​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​រណសិរ្ស​ប្រឆាំងនឹង ប៉ុល ពត។ វៀតណាម​វាយ​ផ្តួលរំលំ ប៉ុល ពត ដោយ​យក​រណសិរ្ស​នេះ​ធ្វើជា​រនាំង ដើម្បី​បិទបាំង​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​លើ​កម្ពុជា។

ទីបំផុត អ្នក​ដែល​ត្រូវ ប៉ុល ពត ចោទប្រកាន់​ថា​ជា​ភ្នាក់ងារ​វៀតណាម​នោះ ត្រូវ ប៉ុល ពត បង្ខំ​ឲ្យ​រត់ទៅ​ប្រទេស​វៀតណាម​មែន រួចហើយ​ ក៏បែរ​មក​ប្រឆាំងនឹង ប៉ុល ពត វិញ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​កងទ័ព​វៀតណាម​ផង។ នៅទីបំផុត សូម្បីតែ​សុបិន​អាក្រក់ ក៏​ប៉ុល ពត អាច​ធ្វើ​ឲ្យក្លាយ​ជា​ការពិត​បាន​ដែរ!!!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ