ពុធ 08 កុម្ភៈ 2012
ក្រោយពីលោក​ Sergeï Lavrov ​អញ្ជើញ​ទៅស៊ីរី ​សហគមន៍​អន្តរជាតិ​នៅតែពុំ​ជឿ​បាស្ហារ​អាល-អាស្សាដ​
ទីក្រុង​ដាម៉ាស​​​ថ្ងៃទី៧​​កុម្ភៈ​​ឆ្នាំ២០១២​​​អ្នកគាំទ្រ​​​បាស្ហារ​​អាល-អាស្សា​ដ​​​​នាំគ្នា​​​មក​​ស្វាគម​ទទួល​​​​លោក​​​ Sergeï Lavrov ​​​ប្រមុខ​ការទូត​​​រុស្ស៊ី​
ទីក្រុង​ដាម៉ាស​​​ថ្ងៃទី៧​​កុម្ភៈ​​ឆ្នាំ២០១២​​​អ្នកគាំទ្រ​​​បាស្ហារ​​អាល-អាស្សា​ដ​​​​នាំគ្នា​​​មក​​ស្វាគម​ទទួល​​​​លោក​​​ Sergeï Lavrov ​​​ប្រមុខ​ការទូត​​​រុស្ស៊ី​
© Reuters/Sana
ដោយ សៀក សារិន

លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ម្សិលមិញថា​ ​ លោកនឹង​ធ្វើ​សហការ​ហើយនិង​ខិតខំ​ធ្វើឲ្យ​ប្រទេស​ស៊ីរី​មាន​ស្ថិរភាព​ឡើងវិញ​ ​ ព្រមទាំង​បាន​សន្យា​ជាមួយ​សម្ព័ន្ធមិត្ត​រុស្ស៊ី​នាឱកាស​ទស្សនកិច្ច​របស់​លោក​ Sergeï Lavrov ​ប្រមុខ​ការទូត​រុស្ស៊ី​ថា​ លោកនឹង​ខិតខំ​បិទ​បញ្ចប់​រាល់​ទង្វើ​ហិង្សា​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ​ នៅខណៈដែល​សម្ពាធ​អន្តរជាតិ​មាន​កាន់តែ​ខ្លាំងឡើងៗ​ទៅលើ​ទីក្រុង​ដាម៉ាស។

“​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ប្រកាស​បញ្ជាក់ថា​ ​ លោក​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​បញ្ជូន​គណៈប្រតិភូ​ទៅជួប​ចរចា​ជាមួយ​បក្សប្រឆាំង​នៅទីក្រុង​ម៉ូស្គូ​”​ ​ នេះ​ជាការ​ថ្លែង​ឲ្យដឹង​ដោយ​ លោក​ Sergeï Lavrov ​ប្រមុខ​ការទូត​រុស្ស៊ី​ ​ នាឱកាស​ទស្សនកិច្ច​នៅទីក្រុង​ដាម៉ាស។​ ក៏ប៉ុន្តែ​សម្មតិកម្ម​បែបនេះ​ធ្លាប់បាន​ត្រូវ​ក្រុមអ្នក​ប្រឆាំង​ស៊ីរី​បដិសេធ​ទាត់ចោល​រួចទៅហើយ​កាលពី​ចុងខែធ្នូ​កន្លងទៅ។

 
លោក​ Sergeï Lavrov ​ប្រមុខ​ការទូត​រុស្ស៊ី​បាន​ថ្លែង​ឲ្យដឹង​ទៀតថា​ ​ អ្នកដឹកនាំ​ស៊ីរី​បច្ចុប្បន្ន​ចង់ឲ្យ​ “បេសកកម្ម”​នៃ​ក្រុមប្រទេស​សម្ព័ន្ធ​អារ៉ាប់​មាន​ការពង្រីក​ពង្រឹង​និង​បន្ត​កិច្ចការ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ីរី។​ ហើយ​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​សន្យា​ទៀតថា​ ​ នឹងរៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​ស្តីពី​ការបង្កើត​ឲ្យមាន​រដ្ឋធម្មនុញ្ញ​មួយថ្មី​ ​ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​។
 
នៅចំពោះមុខ​ការសន្យា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បែបនេះ​ ​ សហរដ្ឋ​អាមេរិក​គ្មាន​​ជំនឿ​សោះឡើយ​ទៅលើ​ពាក្យសន្យា​របស់​ប្រមុខដឹកនាំ​ស៊ីរី​។​ ទីក្រុង​វ៉ាស៊ីនតោន​បាន​បិទទ្វារ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ដាម៉ាស​ ​ ដោយ​មានការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ។
 
ចំណែកឯ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែងថា​ ​ “​ប្រមុខដឹកនាំ​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​តែង​ធ្វើ​សំណើ​ដដែលៗ​បែបនេះ​ជាច្រើនខែ​រួចមកហើយ​ ​ សហរដ្ឋ​អាមេរិក​គ្មាន​ជំនឿ​ឡើយ​ទៅលើ​សំណើ​របស់​បាស្ហារ​អាល-អាស្សាដ”។​ រីឯ​សេតវិមាន​ឯណោះវិញ​ ​ កំពុង​គិតគូរ​ពី​លទ្ធភាព​នៃ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ឲ្យ​ទៅ​ប្រជាជន​ស៊ីរី។
 
ហើយ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ទៀត​ ​ លោក​ John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក​និងជា​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ​បាន​ថ្លែង​ទាមទារ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​គិតគូរ​ពី​ការបំពាក់​អាវុធ​ឲ្យ​ទៅ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ដែល​កំពុង​ត្រូវ​ធ្វើការ​ប្រឈម​តទល់​នឹង​ការវាយ​បង្ក្រាប​ដ៏​សាហាវ​ឃោរឃៅ​ដោយ​ទាហាន​នៃ​របប​ផ្តាច់ការ​​បាស្ហារ​អាល-អាស្សាដ។
 
នៅចំពោះមុខ​ទង្វើ​ហិង្សា​ដ៏​សាហាវ​ឃោរឃៅ​នៃ​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ ​ ប្រទេស​អឺរ៉ុប​ជាច្រើន​មាន​ដូចជា​​ប្រទេស​បារាំង​ ​ អង់គ្លេស​ ​ បែលហ្សិក​ ​ អេស្ប៉ាញ​ ​ អ៊ីតាលី​ ​ និង​ប្រទេស​ហូឡង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យ​ត្រឡប់​ចូលមក​ប្រទេស​របស់​ខ្លួនវិញ​ ​ ដើម្បី​ធ្វើការ​ពិគ្រោះ។
 
នៅពេលនេះ​ ​ ប្រទេស​អឺរ៉ុប​នៅពុំទាន់​មាន​វិធានការណ៍​អ្វី​ច្បាស់លាស់​នៅឡើយ​ ​ ក្រៅពី​គ្រោង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទៅលើ​ប្រទេស​ស៊ីរី​ដូច​កាលដាក់​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ​ ដើម្បី​បិទខ្ទប់​ប្រភព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ស៊ីរី។
 
ប្រទេស​ទាំង២៧​នៃ​សហភាព​អឺរ៉ុប​កំពុង​គិតគូរ​ពី​មធ្យោបាយ​ធ្វើការ​ហាមឃាត់​ពុំឲ្យ​មាន​ការជួញដូរ​ “មាស”​ និង​លោហធាតុ​មានតម្លៃ​ផ្សេងៗ​ទៀត​ជាមួយ​ប្រទេស​ស៊ីរី​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ហិរញ្ញវត្ថុ​ជាមួយ​ធនាគារ​កណ្តាល​ស៊ីរី​។​ ប្រទេស​សមាជិក​​នៃសហភាព​អឺរ៉ុប​ក៏​គ្រោង​ផងដែរ​ចុះឈ្មោះ​ឥស្សរជន​ស៊ីរី​មួយ​ចំនួន​បន្ថែម​ទៅក្នុង​បញ្ជីខ្មៅ​ ​ ហាមឃាត់​ពុំឲ្យ​ទទួល​បាន​ទិដ្ឋាការ​សម្រាប់​ធ្វើដំណើរ​នៅក្នុង​សហភាព​អឺរ៉ុប​ ​ ​ព្រមទាំង​ឃាត់​ផ្អាប់​ទុក​ប្រាក់​របស់​អ្នកទាំងនោះ​ដែល​មាន​នៅក្នុង​ធនាគារអឺរ៉ុប។
 
ទាំងនេះ​ពិតជា​ទណ្ឌកម្ម​លើកទី​ដប់ពីរហើយ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ទៅលើ​ទីក្រុង​ដាម៉ាស​ ​ ចាប់តាំងពី​មាន​ការវាយ​បង្ក្រាប​ដ៏​ហិង្សា​ដោយ​ទាហាន​របស់​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​នៅ​ប្រទេស​ស៊ីរី​។​ ក៏​ប៉ុន្តែ​វិធានការ​ទណ្ឌកម្ម​ទាំងនោះ​នឹង​ពុំអាច​អនុម័ត​បាន​ ​ មុន​ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អឺរ៉ុប​នៅ​ចុង​ដំណាច់ខែ​នេះឡើយ។
 
ដូច្នេះ​ នៅពេលនេះ​គេនៅ​ពុំទាន់​អាចដឹង​ថា​ ​ តើ​ស្ថានការណ៍​នៅ​ស៊ីរី​នឹង​ប្រែប្រួល​ទៅជា​យ៉ាងណា​នោះឡើយ។​ ក៏​ប៉ុន្តែ​ បើ​សហរដ្ឋ​អាមេរិក​ពិតជា​អាច​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​បំពាក់​អាវុធ​គ្រប់គ្រាន់​ឲ្យ​ក្រុមប្រឆាំង​ស៊ីរី​មែន​ ​ នោះ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​នៅ​ប្រទេស​ស៊ីរី​ច្បាស់ជា​នឹង​ត្រូវ​ដួលរលំ​នៅពេល​ដ៏ខ្លី​ខាងមុខនេះ។​ ដោយហេតុថា​ ​ មិនទាន់​ទាំងអ្វីផង​ ​ ចលនា​ងើបបះបោរ​ប្រឆាំង​ស៊ីរី​បាន​រីករាលដាល​ដល់​ជាយទីក្រុង​ដាម៉ាស​ទៅហើយ​ ​ ទោះបីជា​មាន​ការ​វាយបង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ​ពីសំណាក់​ទាហាន​របស់​រដ្ឋាភិបាល​បាស្ហារ​អាល-អាស្សាដ​ទៅលើ​ប្រជាជន​យ៉ាងណាក៏​ដោយ៕

ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close