អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​ឥណ្ឌាបាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ ​Rafale ​បារាំង​១២៦គ្រឿង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពីបាន​ស្គាល់ការ​ខកខាន​ក្នុងការ​លក់​យន្តហោះ​ប្រដេញ​ Rafale ​របស់​ខ្លួន​ជាច្រើនលើក​រួចមក​ ​ ម្តងនេះ​ក្រុមហ៊ុន​ Dassault ​របស់​បារាំង​ទទួល​បាន​ជោគជ័យ​ ​ ដោយ​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​ដែលមាន​តម្លៃ​សរុប​ដល់ទៅ​ជាង​៩ពាន់លាន​អឺរ៉ូ។​ នេះពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​អាកាសយាន្ត​បារាំង។

យន្តហោះ​ប្រដេញ​​​ Rafale​​​ ​ផលិត​​​ដោយ​​​ក្រុមហ៊ុន​​​បារាំង​​​ Dassault​​
យន្តហោះ​ប្រដេញ​​​ Rafale​​​ ​ផលិត​​​ដោយ​​​ក្រុមហ៊ុន​​​បារាំង​​​ Dassault​​ Reuters/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នេះពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប្រដេញ​បារាំង​ Dassault ​ ​ ដែល​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​។​ មូលហេតុ​ចម្បង​ដែលនាំឲ្យ​អ្នកដឹកនាំ​ឥណ្ឌា​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​របស់​បារាំង​គឺ​កត្តា​​ “តម្លៃ”​ ។​ បើយោងតាម​ព័ត៌មាន​បាន​មកពី​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​ឲ្យដឹងថា​ ​ យន្តហោះ​ប្រដេញ​នីមួយៗ​របស់​បារាំង​មាន​តម្លៃ​ថោកជាង​ ​ យន្តហោះ​ប្រដេញ​ Typhoon របស់​ក្រុមហ៊ុន​អឺរ៉ុប​ Eurofighter ដែលជា​គូប្រជែង​ ​ ដល់ទៅ​៣ឬ៤លាន​អឺរ៉ូ​ឯណោះ។​ ហើយម្យ៉ាងទៀត​ ​ យន្តហោះ​ប្រដេញ​ Rafale ​បារាំង​មាន​រាងតូច​ហើយ​ស្រាល​ជាង​យន្តហោះ​ប្រដេញ​របស់​ប្រទេស​ដទៃទៀត។

 
ក្រៅពី​បញ្ហា​ “តម្លៃ”​ ​ ទំនាក់​ទំនង​នយោបាយ​និង​ទំនាក់​ទំនង​យោធា​ដ៏ល្អ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​ឥណ្ឌា​ក៏ជា​កត្តា​មួយ​ដ៏​សំខាន់​មក​ជួយ​ជំរុញ​ឲ្យ​អ្នកដឹកនាំ​ឥណ្ឌា​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង។​ ហើយនៅមាន​កត្តា​មួយទៀត​ដ៏​សំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា​គឺ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ យល់ព្រម​ធ្វើ​សហការ​ក្នុងការ​សាងផ្ទេរ​បច្ចេកវិទ្យា​ឲ្យទៅ​ភាគី​ឥណ្ឌា។​ ដោយហេតុថា​ ​ ក្នុងចំណោម​ យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦គ្រឿង​ដែលបាន​សម្រេច​ជ្រើសទិញ​ដោយ​ប្រទេស​ឥណ្ឌា​ ​ មានតែ​១៨គ្រឿង​ប៉ុណ្ណោះ​ដែល​ផលិត​នៅ​ប្រទេស​បារាំង។​ ចំណែកឯ​១០៨គ្រឿងទៀត​ ​ ភាគី​បារាំង-ឥណ្ឌា​ព្រមព្រៀងគ្នា​ផលិត​នៅ​មជ្ឈមណ្ឌល​អាកាសយាន​ឥណ្ឌា​មួយ​ដ៏​ធំនៅ​តំបន់​ Bangalore ​ដែលឋិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​ ទាំងនេះ​អនុលោមតាម​កិច្ចព្រមព្រៀង​ដើម្បី​សាងផ្ទេរ​បច្ចេកវិទ្យា​ឲ្យទៅ​ភាគី​​ឥណ្ឌា។

ហើយ​ម្យ៉ាងទៀត​ក៏ដោយសារតែ​កងកម្លាំង​អាកាស​ឥណ្ឌា​ក៏មាន​យន្តហោះ​ប្រដេញ​របស់​បារាំង​ជាច្រើនគ្រឿង​រួចទៅហើយ​ ​ មានដូចជា​ យន្តហោះ​ប្រដេញ​ Mirage 2000 ជាដើម។​ ចំណែកឯ​ជោគជ័យ​នៃ​ប្រតិបត្តិការ​យោធា​របស់​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​នៅ​ប្រទេស​លីប៊ី​នៅពេល​ថ្មីៗ​កន្លង​ទៅនេះ​ ​ ក៏​ពិតជា​កត្តា​មួយ​ពុំអាច​គេចផុត​ពី​ក្រសែ​ចក្ខុ​របស់​អ្នកដឹកនាំ​ឥណ្ឌា​ឡើយ។

ដូច្នេះ​ ​ នៅខណៈនេះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ពិតជា​បាន​ទទួល​ជោគជ័យ​ ​ ក៏ប៉ុន្តែ​ភាគី​បារាំង​និង​ភាគី​ឥណ្ឌា​នៅ​ពុំទាន់​បាន​ចុះ​ហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​នៅឡើយ​ ​ គេនៅ​រង់ចាំមើល​យ៉ាងតិច​ប៉ុន្មានខែ​ទៀត​ ​ ទើបបាន​ដឹង​ជាក់ច្បាស់​ ​ ដោយហេតុតែ​គេ​នៅ​បន្ត​ធ្វើការ​ចរចា​ទៅលើ​បញ្ហា​មួយ​ចំនួន​ទៀត។

ជោគជ័យ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ នៅពេលនេះ​ ​ ពិតជា​បច្ច័យ​មួយ​ដ៏​ប្រពៃ​ជួយ​សម្រាល​សេដ្ឋកិច្ច​បារាំង​ដែលកំពុង​តែ​ជួបនឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។​ គ្រាន់តែ​បាន​ដំណឹង​ថា​ ​ ប្រទេស​ឥណ្ឌា​បាន​សម្រេច​ជ្រើសទិញ​យន្តហោះ​ប្រដេញ​ Rafale ​បារាំង​១២៦​គ្រឿង​ភ្លាម​ ​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​ Dassault ​ បាន​កើនឡើង​+១៨,៤៦%​ភ្លាម​ ​ ពោលគឺ​កើនឡើងដល់​៧២៥អឺរ៉ូ។​ ដូច្នេះ​ បើ​កិច្ចព្រមព្រៀង​បារាំង-ឥណ្ឌា​ក្នុងការ​លក់​យន្តហោះ​ប្រដេញ​នេះ​សម្រេច​បាន​ជោគជ័យ​មែន​ ​ នោះ​វានឹង​អាច​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​បារាំង​បាន​ដល់ទៅ​៧ពាន់​កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ