រដ្ឋាភិបាលភូមាបានគោរពពាក្យសន្យាមួយអន្លើរបស់ខ្លួន ដោយបានធ្វើការដោះលែងនៅថ្ងៃពុធទី១២តុលាម្សិលមិញនូវអ្នកជាប់ឃុំឃាំង ជាច្រើនរយនាក់ក្នុងក្របខ័ណ្ឌនៃការលើកលែងទោសដ៏ធំមួយ ដែលក្នុងនោះមានអ្នកទោសនយោបាយឬអ្នកទោសពាក់ព័ន្ធនឹងការបញ្ចេញមតិ មួយរយប្លាយនាក់។
អង្គការអន្តរជាតិខាងការពារសិទ្ធិមនុស្ស Human Rights Watch បានថ្លែងឲ្យដឹងថា មានអ្នកទោសនយោបាយយ៉ាងតិច១២០នាក់បានត្រូវដោះលែងឲ្យមានសេរីភាពដោយរដ្ឋាភិបាលភូមា។ ចំណែកឯព័ត៌មានបានពីគេហទំព័រ Mizzima វិញបានឲ្យដឹងថា គេបានដោះលែងអ្នកទោសនយោបាយជាង៣០០នាក់។ ដូច្នេះគេនៅពុំទាន់មានតួលេខជាក់ច្បាស់នៅឡើយទេ ដោយហេតុថាអាជ្ញាធរភូមានៅពុំទាន់បានបង្ហាញតួលេខជាផ្លូវការ។
ក៏ប៉ុន្តែ បើយោងតាមព័ត៌មានបានពីគេហទំព័រ Mizzima អ្នកជាប់ឃុំឃាំងនឹងត្រូវគេធ្វើការដោះលែងជាបីវគ្គបន្តបន្ទាប់គ្នា។ បើយោងតាមទូរទស្សន៍រដ្ឋភូមា មានអ្នកជាប់ឃុំ៦ ៣៥៩នាក់នឹងត្រូវគេដោះលែងឲ្យមានសេរីភាព ហើយការដោះលែងនេះពាក់ព័ន្ធនឹងអ្នកជាប់ឃុំដែលមានវ័យចំណាស់ មានជម្ងឺ ឬជាជនពិការ។
ក្នុងចំណោមអ្នកប្រឆាំងប្រមាណ៣០០នាក់ដែលបានត្រូវគេដោះលែងនៅថ្ងៃពុធម្សិលមិញ គេកត់សម្គាល់ឃើញមានអ្នកត្លុកកំប្លែងដ៏ល្បីម្នាក់ឈ្មោះ Zarnagar ហើយនិងនាដករភូមាម្នាក់ដ៏ប្រជាប្រិយដែលត្រូវអាជ្ញាធរកាត់ទោសឲ្យជាប់គុក៥៩ឆ្នាំពីបទបានបរិហារពីកង្វះខាតរបស់រដ្ឋាភិបាលភូមាក្នុងការផ្តល់ជំនួយមនុស្សធម៌ឲ្យដល់ប្រជាពលរដ្ឋភូមារងគ្រោះដោយខ្យល់ព្យុះសង្ឃរា Nargis នៅឆ្នាំ២០០៨។ ខ្យល់ព្យុះសង្ឃរា Nargis ដែលបានបោកបក់ទៅលើប្រទេសភូមាយ៉ាងសែនសាហាវហើយដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ១៤ម៉ឺននាក់។
ក៏ប៉ុន្តែ គេនៅពុំទាន់បានដំណឹងជាក់ច្បាស់នៅឡើយ ពាក់ព័ន្ធនឹងការដោះលែងព្រះសង្ឃព្រះនាម Shin Gambira ដែលជាមេដឹកនាំ “Révolution de Safran » ឬ “បដិវត្តន៍ពណ៌លឿងទុំ”.ដែលបានត្រូវរបបសឹកភូមាវាយបង្ក្រាបយ៉ាងសែនឃោរឃៅ។
មានព័ត៌មានពុំជាក់ច្បាស់ជាច្រើនពាក់ព័ន្ធនឹងការដោះលែងសកម្មជនការពារសិទ្ធិពលករឈ្មោះ Su Su Nway ដែលជាសមាជិកនៃបក្សប្រឆាំង “សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ” LND ដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជី។
ហើយគេគួរគូសបញ្ជាក់ផងដែរពី “អវត្តមាន” នៅក្នុងបញ្ជីឈ្មោះនៃអ្នកត្រូវដោះលែងឲ្យមានសេរីភាពនៃមេដឹកនាំចលនានិស្សិតជំនាន់ឆ្នាំ៨៨ដែលបានចូលរួមយ៉ាងសកម្មក្នុងការងើបបះបោរប្រឆាំងនឹងរបបសឹកភូមា មានដូចជាលោក Min Ko Naing ដែលជាមេដឹកនាំម្នាក់ដ៏ល្បីនៃចលនាប្រឆាំង។
ការដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពមួយរយប្លាយនាក់នេះ រដ្ឋាភិបាលភូមាបច្ចុប្បន្នចង់បង្ហាញឲ្យគេឃើញពីការវិវឌ្ឍន៍របស់ខ្លួន។ ចាប់តាំងពីបានធ្វើការរំលាយរបបយោធាផ្តាច់ការ ហើយនិងបានរៀបចំឲ្យមានរដ្ឋាភិបាលស៊ីវិលមក អ្នកទទួលខុសត្រូវភូមាបច្ចុប្បន្នបានសម្ដែងបង្ហាញឲ្យលោកខាងលិចឃើញពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើកំណែទម្រង់ឈានទៅរកប្រជាធិបតេយ្យូបនីយកម្ម។
គួរបញ្ជាក់ថា ការដោះលែងអ្នកទោសនយោបាយនេះ បានត្រូវទាមទារដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ហើយនិងបក្សប្រជាធិបតេយ្យភូមាដែលជាបក្សប្រឆាំង។ ហើយការដោះលែងអ្នកទោសនយោបាយនេះ ក៏ជាលក្ខខណ្ឌមួយដ៏ចាំបាច់ក្នុងការលើកចេញនូវ “ទណ្ឌកម្មសេដ្ឋកិច្ចនិងនយោបាយ”ដែលបានដាក់ទៅលើរបបសឹកភូមាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ម៉្យាងទៀត អ្នកទទួលខុសត្រូវភូមាបច្ចុប្បន្នកំពុងរៀបចំខ្លួនចង់ឡើងកាន់កាប់តំណែងជាប្រធាន ASEAN នៅឆ្នាំ២០១៤។
រដ្ឋាភិបាលភូមាបច្ចុប្បន្នចង់បង្ហាញឲ្យលោកខាងលិចឃើញពីសុឆន្ទៈរបស់ខ្លួនមួយទៀតគឺ ការផ្អាកសាងសង់ទំនប់វារីអគ្គិសនីនៅ Myitsone នៃប្រទេសភូមាដែលមានប្រទេសចិនជាអ្នកផ្តល់ហិរញ្ញប្បទាន។ ការផ្អាកសាងសង់ទំនប់វារីអគ្គិសនីនេះបានកើតមានឡើងដោយហេតុតែមានសម្ពាធដ៏ខ្លាំងពីសំណាក់ប្រជាពលរដ្ឋភូមា។
ទោះជាយ៉ាងណាក៏ដោយ ក៏អង្គការការពារសិទ្ធិមនុស្សជាច្រើនបានប្រកាសអំពាវនាវឲ្យគេមានការប្រយ័ត្នប្រយែងជាមួយនឹងអ្នកទទួលខុសត្រូវប្រទេសភូមាបច្ចុប្បន្ន ដោយហេតុថានៅខែឧសភាកន្លងទៅ របបគ្រប់គ្រងភូមាបានធ្វើការដោះលែងឲ្យមានសេរីភាពអ្នកជាប់ឃុំប្រមាណ១៤ ០០០នាក់ ប៉ុន្តែក្នុងនោះមានអ្នកទោសនយោបាយតែ៤៧នាក់ប៉ុណ្ណោះ។
មូលហេតុនេះហើយដែលបាននាំឲ្យសមាគមព័ត៌មាន-ភូមាថ្លែងបញ្ជាក់ថា “ការឈានទៅរកប្រជាធិបតេយ្យូបនីយកម្មនឹងអាចកើតមាននៅប្រទេសភូមា លុះត្រាណាតែមានការដោះលែងឲ្យមានសេរីភាពរាល់អ្នកទោសនយោបាយទាំងអស់ដែលមាននៅក្នុងប្រទេសភូមា ដែលក្នុងនោះមាន សកម្មជននៃបក្សប្រឆាំង អ្នកកាសែត មេធាវី សិល្បករ ហើយនិងព្រះសង្ឃ”៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






