អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​កាត់ដេរ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ ​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​សៅរ៍ម្សិល​មិញ​មក​ កម្មករ​-កម្មការិនី​ រោងចក្រ​កាត់​ដេរ​ បាន​សម្រុក​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ​តម្លៃ​ឈ្នួល​រថយន្ត​ដ៍​ថ្លៃ ​និង​ការ​សម្រុក​ចេញ​របស់​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បាន​ធ្វើ​អោយ​អ្នក​ដំណើរ​ជា​ច្រើន​ ប្រថុយ​ប្រថាន​នឹង​គ្រោះ​ថ្នាក់​ ដើម្បី​ប្រជ្រៀត​គ្នា​ជិះ​លើ​រថយន្ត​​ដ៏​ចង្អៀត​ រហូត​ដល់​អ្នក​ខ្លះ​ជិះ​លើ​ដំបូល​ក៏​មាន។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ​ដើម្បី​ទៅ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​របស់​កម្មករ​-កម្មការិនី​ នៅតែ​ជា​ប្រធាន​បទ​នៃ​ការ​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម Facebook​ នៅ​ថ្ងៃ​អាទិត្យ​ទី​២១​កញ្ញា​នេះ ​រូបភាព​ជា​ច្រើន​សន្លឹក​ស្តី​ពី​ការ​ជិះ​លើ​រថយន្ត​ឈ្នួល​ដ៍​គ្រោះថ្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​ឡើង។​ អ្នក​បង្ហោះ​រូបភាព​ភាគ​ច្រើន​បាន​ផ្តល់​មូលហេតុផ្សេង​ៗ​គ្នា។ ​តម្លៃ​ឈ្នួល​រថយន្ត​ដ៍​ថ្លៃ ​និង​ការ​សម្រុក​ចេញ​របស់​មនុស្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ​បាន​ធ្វើ​អោយ​អ្នក​ដំណើរ​ជា​ច្រើន​ ប្រថុយ​ប្រថាន​នឹង​គ្រោះថ្នាក់ ដើម្បី​ប្រជ្រៀត​គ្នា​ជិះ​លើ​រថយន្ត​ដ៏​ចង្អៀត ​រហូត​ដល់​អ្នក​ខ្លះ​ជិះ​លើ​ដំបូល​ក៏​មាន។ ​ការ​ជិះ​ប្រជ្រៀត​នៅ​លើ​ដំបូល ​ឬដឹក​សំពីង​សំពោង​ គឺ​ជា​មូលហេតុ​មួយ​ហើយ ​ក៍​ប៉ុន្តែ​អ្នក​បើកបរ​ឯណោះ​វិញ​ ក៍​មិន​សូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ប៉ុន្មាន​ដែរ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​មួយ​ចំនួន​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ថែមទៀត ​ដើម្បី​បាន​ដឹក​ម៉ូយ​ច្រើន​ជើង ​ដោយ​មិន​បាន​គិត​ពី​ហានិភ័យ​នានា​នោះ​ទេ។

លោក ​ហ្វា សាលី ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ ដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook​របស់លោក​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ផ្តល់​មូល​ហេតុ​ជា​ច្រើន​នៃ​ការ​ជិះ​រថយន្ត​ដ៍​ប្រជ្រៀត​គ្នា​នេះ។​ ​ទី១​-មក​ពី​ប្រាក់​ឈ្នួល​តិច​តួច​ ទី​២-​រដ្ឋាភិបាល​គ្មាន​ចំណាត់​ការ​ច្បាស់លាស់ ​ក្នុង​ការ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍ ​ទី​៣-​ប៉ូលីស​ចរាចរណ៍​និង​ប៉ូលីស​តាម​ខណ្ឌ​នីមួយ​ៗ​ពុក​រលួយ​ក្នុង​ឱកាស​បុណ្យ​ម្តង​ៗ​ ដោយ​មិន​ខ្វល់​ពី​សុ​វត្ថិភាព​ប្រជា​ពលរដ្ឋ​ខ្លួន​ និង​ទី​៤​-គ្មាន​ការ​កំណត់​តម្លៃ​ឲ្យ​បានច្បាស់​លាស់​សមរម្យ។ ​តែ​លោក ​ឡុង ឌី​ម៉​ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​យ៉ាងសកម្ម​ហើយ ​ដើម្បី​ទប់ស្កាត់​ការ​ល្មើស​ច្បាប់​ចរាចរណ៍​ដូចជា​ការ​ដឹក​មនុស្ស​លើ​ដំបូល​ជា​ដើម។

គិត​ត្រឹម​ថ្ងៃ​សៅ​រ៍ម្សិល​មិ​ញ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២១​ករណី ​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ​នឹង​បាន​បណ្តាល​អោយ​មនុស្ស​៨​នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​មនុស្ស​៥០​នាក់​បាន​រងរបួស។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ហ៊ឹម យ៉ាន ​ប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ