កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 27 ឧសភា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 27 ឧសភា 2012

គណបក្ស​នរោត្ត​មរណឫទ្ធិ និង​ហ៊្វុនស៊ិនប៉ិច​ជំរុញ​អោយ​សមាជិក​បោះឆ្នោត​អោយគ្នា​ទៅ​វិញ​ ទៅមក

ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឫទ្ធិ
ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ហ៊្វុនស៊ីនប៉ិច និង​នរោត្តម រណឫទ្ធិ
©RFI/ siv channa

ដោយ គី សុខលីម

គណបក្ស​នរោត្តម​រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិចប៉ិច​បាន​ធ្វើ​សេចក្តី​ណែនាំរួម​មួយ​ជំរុញ​អោយ​សមាជិក​របស់​ខ្លួន​បោះឆ្នោត​អោយគ្នា​ទៅវិញ​ទៅមកសម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ គណបក្ស​ណា​ដែល​មិនមាន​បេក្ខជន​ឈរឈ្មោះ​ត្រូវ​ជំរុញ​អោយ​សមាជិករបស់​ខ្លួន​បោះ​ឆ្នោត​អោយ​គណបក្ស​ដៃគូ។

សេចក្តីរាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ
 

27/05/2012 by គី សុខលីម

គណបក្ស​នរោត្តម​រណឫទ្ធិ​ដែល​មាន​ព្រះអង្គ​ម្ចាស់​នរោត្តមរណឫទ្ធិ​ជាប្រធាន​​និង​គណបក្ស​ហ៊្វុនស៊ិចប៉ិច​ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធានបតិបត្តិ​នៃ​គណបក្ស​បាន​ចេញ​សេចក្តី​ណែនាំ​រួមគ្នា​មួយ​​នៅ​ថ្ងៃ​អាទិត្យ​នេះ ជំរុញ​អោយ​សមាជិក​សមាជិការ​ថ្នាក់​ក្រោម​នៃ​គណបក្ស​ទាំង​ពីរ​អនុវត្តគោលការណ៍​មួយ​ចំនួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេល​ខាងមុខនេះ។
 
គោលការណ៍​ទី​មួយ៖គណបក្ស​មួយ​ណា​ដែល​មិន​បាន​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ គណបក្ស​នោះ​ត្រូវ​តែ​ប្រមែមូល​សមាជិក​សមាជិការ​របស់​ខ្លួន​អោយ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​មួយ​ទៀត​ជា​ដៃ​គូរ​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ។ គោលការណ៍​ទី​២៖​ត្រូវ​ផ្តល់​លទ្ធភាព​អោយ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ឃុំ​សង្កាត់​និង​ភូមិ​នៃ​គណបក្ស​ទាំងពីរ​សហការ​គ្នា​និង​ជួយគ្នា​ទៅវិញ​ទៅមក​ដោយ​ពលិកម្ម​ខ្ពស់​និង​ស្មោះត្រង់​ដើម្បីស្វែង​រក​មធ្យោបាយ​យក​ជ័យជំនះ​អោយ​បាន​ជា​អតិបរិមា​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់​និងគោលការណ៍​ទី​៣៖ភ្នាក់ងារ​សង្កេតការណ៍បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​សហការគ្នា​ ជួយគ្នា​ទៅវិញ​ទៅមក​ក្នុងពេល​បោះឆ្នោត​​និង​ពេល​រាប់​សន្លឹកឆ្នោត។
 
សូម​បញ្ជាក់​ថា សេចក្តី​ណែនាំរួម​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​អាទិត្យ​ទី​២៧​ឧសភា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួមគ្នា​មួយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក​​ដើម្បី​បញ្ជាក់​ពី​ការរួបរួម​គ្នា​ឡើងវិញ។ សេចក្តី​ប្រកាស​រួម​រវាង​គណបក្ស​ទាំងពីរ​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លងមក​ មាន​ខ្លឹមសារ​សំខាន់​ពីរ​យ៉ាង​គឺ ទី១៖​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ យល់ព្រម​សហការគ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ក្នុងពេល​ បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣​មិថុនា​ខាងមុខនេះ។ និង​ទី២៖បន្ទាប់​ពី​ការ​បោះឆ្នោត​រួច​ គណបក្ស​ទាំងពីរ​នឹង​រួបរួម​គ្នា​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែ​មួយ​ឡើង​វិញ​ដើម្បី​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣។
 
បើ​យោង​តាម​កិច្ច​ព្រមព្រៀង ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នឹង​ក្លាយ​ទៅជា​ព្រះប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ឡើង​វិញ ហើយ​លោក​ ញឹក ប៊ុនឆៃ ជា​អនុប្រធាន។

គួរ​កត់​សម្គាល់​ថា ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ ​បានធ្វើ​ឡើង​ក្រោម​កិច្ចសម្របសម្រួល​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

tags: កម្ពុជា - គណបក្សនយោបាយ - បោះឆ្នោត
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

សុំគោលនិយោបាយប្រសិទ្ធភាពបន្ថែម

ពួកគាត់និយាយមក សរុបទៅដូចចង់បានតែសម្លេងឆ្នោតទេ ដូចជាមិនសូវបាន គិតគូរពីវិធីសាស្រ្តបង្កើនចំនួននិស្សិតអីទាល់តែសោះ។ សូម្បីតែក្មេង ក៏ពិបាកស្តាប់គាត់និយាយដែរ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close