អ្នកសារព័ត៌មានដែលចុះផ្សាយបន្តព័ត៌មានសម្ងាត់របស់តុលាការខ្មែរក្រហមអាចទទួលទោសដែរឬទេ?

សហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហមបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា អាចមានបុគ្គលិកសាលាក្តីខ្មែរក្រហមម្នាក់លួចបញ្ចេញឯកសារដែលចៅក្រមកំណត់ថាជាឯកសារសម្ងាត់។ សហចៅក្រមស៊ើបអង្កេតក៏បានព្រមានផងដែរចំពោះអ្នកណាយកព័ត៌មានចេញពីឯកសារសម្ងាត់នេះទៅផ្សព្វផ្សាយ។ តើអ្នកសារព័ត៌មាន ដែលគ្រាន់តែយកព័ត៌មានផ្តល់ដោយបុគ្គលិកតុលាការខ្មែរក្រហមទៅចុះផ្សាយបន្ត ជាការល្មើសច្បាប់ដែរឬទេ?
សេចក្តីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី៩ មិថុនា ២០១១ បានធ្វើឡើង ដោយយោងទៅលើវិធាន ៣៥ នៃវិធានផ្ទៃក្នុងតុលាការខ្មែរក្រហម ស្តីពីការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់អង្គជំនុំជម្រះ។
យោងតាមវិធាន ៣៥ អង្គជំនុំជម្រះវិសាមញ្ញ (តុលាការខ្មែរក្រហម) “អាចដាក់ទណ្ឌកម្ម ឬបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច នូវជនណាម្នាក់ ដែលផ្សាយចេញព័ត៌មានសម្ងាត់ ដោយរំលោភទៅលើដីការបស់សហចៅក្រមស៊ើបអង្កេត ឬអង្គជំនុំជម្រះ”។
បើយើងមើលទៅលើករណី ដែលសហចៅក្រមស៊ើបអង្កេតបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ កាលពីម្សិលមិញ វិធាន ៣៥នេះ អាចត្រូវគេយកមកបកស្រាយបានពីរយ៉ាងខុសគ្នា៖
ម្ខាងគេអាចបកស្រាយថា ជនដែលផ្សាយចេញព័ត៌មានសម្ងាត់ គឺបុគ្គលិករបស់តុលាការ។ ចំណែកអ្នកសារព័ត៌មាន គឺគ្រាន់តែជាអ្នកយកព័ត៌មានមកចុះផ្សាយបន្ត ដូច្នេះ មិនមែនជាអ្នកបញ្ចេញព័ត៌មានសម្ងាត់នេះទេ។ តាមពិតព័ត៌មានសម្ងាត់របស់តុលាការ ត្រូវបានបែកធ្លាយរួចទៅហើយ ដោយបុគ្គលិករបស់តុលាការខ្លួនឯង។
ម្ខាងទៀត គេអាចបកស្រាយថា បុគ្គលិករបស់តុលាការជាអ្នកបញ្ជូនព័ត៌មានសម្ងាត់ចេញទៅមែន ក៏ប៉ុន្តែ គឺអ្នកសារព័ត៌មាន ដែលជាអ្នកយកទៅផ្សព្វផ្សាយជាសាធារណៈ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវចូលរួមទទួលខុសត្រូវ ក្នុងឋានៈជាអ្នកសមគំនិត។
ដោយសារតែតុលាការខ្មែរក្រហម ស្ថិតនៅក្រោមច្បាប់របស់កម្ពុជា ដូច្នេះ ទាក់ទងនឹងការចុះផ្សាយព័ត៌មានសម្ងាត់របស់តុលាការខ្មែរក្រហម យើងគួរពិនិត្យមើលទៅលើច្បាប់ពីរទៀតរបស់កម្ពុជា គឺក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ និងច្បាប់ស្តីពី របបសារព័ត៌មាន ឆ្នាំ១៩៩៥។
យោងតាមសេចក្តីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេត ឯកសារសម្ងាត់ ដែលត្រូវបុគ្គលិកតុលាការលួចបញ្ជូនចេញនេះ គឺទាក់ទងនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ មានន័យថា ជាសំណុំរឿង ដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ។
យោងតាមមាត្រា ៨៣ និងមាត្រា ១២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌខ្មែរ ការស៊ើបអង្កេត និងការស៊ើបសួរត្រូវតែជាការសម្ងាត់។ បុគ្គលទាំងឡាយដែលចូលរួមក្នុងការស៊ើបអង្កេត ឬក្នុងការស៊ើបសួរ ត្រូវតែរក្សាការសម្ងាត់នៃវិជ្ជាជីវៈ។
ទាក់ទងនឹងអ្នកសារព័ត៌មានវិញ មាត្រា ៤ នៃច្បាប់ ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ចែងថា អ្នកសារព័ត៌មានអាចចុះផ្សាយនូវព័ត៌មាន ស្តីពីគ្រប់ទិដ្ឋភាពនៃដំណើរការរបស់តុលាការ រាប់ទាំងនីតិវិធីទាំងឡាយផង លើកលែងតែក្នុងករណី ដែលតុលាការហាមមិនឲ្យបើកចំហរដល់សាធារណជន និងព័ត៌មានទាក់ទងនឹងសំណុំរឿងដែលនៅក្នុងការស៊ើបអង្កេត ស៊ើបសួររបស់តុលាការនៅឡើយ។
ដូច្នេះ បើមើលទៅលើទិដ្ឋភាពច្បាប់សុទ្ធសាធ អ្នកសារព័ត៌មានមិនអាចចុះផ្សាយព័ត៌មានទាក់ទងនឹងសំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ឬក្នុងដំណាក់កាលស៊ើបសួរបានទេ។
ក៏ប៉ុន្តែ ជារឿយៗ គេតែងតែសង្កេតឃើញមានវិវាទ រវាងម្ខាងភាពសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការ និងម្ខាងទៀត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន។
ជាការពិតថា ភាពសម្ងាត់នៃការស៊ើបអង្កេត មានលក្ខណៈចាំបាច់ ដើម្បីធានាដំណើរការរបស់តុលាការ ដូចជា បង្ការកុំឲ្យជនសង្ស័យរត់គេចខ្លួន កុំឲ្យមានការបំផ្លាញភស្តុតាង កុំឲ្យមានការគំរាមកំហែង ឬដាក់សម្ពាធដល់សាក្សី និងដើម្បីធានាការគោរពគោលការណ៍សច្ចធារណ៍នៃនិរទោស។ ក៏ប៉ុន្តែ ការរក្សាការសម្ងាត់ជ្រុលហួសពីភាពចាំបាច់ អាចនឹងក្លាយទៅជាការរឹតត្បិតសិទ្ធិក្នុងការទទួលបានព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ ដែលជាសិទ្ធិសេរីភាពជាមូលដ្ឋាន មានចែងក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងដែលទទួលបានការការពារពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati













អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ